អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) អំពាវនាវឲ្យកម្ពុជាបញ្ចប់ការយកបាតុកម្មប្រឆាំងនឹងបាតុកម្ម
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch)បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី៩កុម្ភៈម្សិលមិញ ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់ការគំរាមកំហែងទៅលើក្រុមអ្នកតវ៉ាអហិង្សានៅក្នុងប្រទេសកម្ពុជា រឺហៅថា បាតុកម្មប្រឆាំងនឹងបាតុកម្ម។ ការអំពាវនាវនេះ បានធ្វើឡើង បន្ទាប់ពីមន្រ្តីរដ្ឋាភិបាល បានប្រកាសពីគម្រោងធ្វើបាតុកម្មនៅក្នុងប្រទេសកម្ពុជា ប្រសិនបើមានបាតុកម្មប្រឆាំងនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅសហរដ្ឋអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៣
សហរដ្ឋអាមេរិកគួរតែទាមទារជាសាធារណៈមួយទៅកាន់រដ្ឋាភិបាលកម្ពុជា ឲ្យទំលាក់ចោលនូវការគំរាមកំហែងដោយការធ្វើបាតុកម្មប្រឆាំងទៅនឹងអ្នកនយោបាយប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដែលជាវិធានការឆ្លើយតបទៅនឹងបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៦។
លោក Brad Adam នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានសរសេរនៅក្នុងសេចក្តីប្រកាសនេះថា “រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរលើកឡើងជាសាធារណៈថា អាមេរិកមិនអនុញ្ញាតឲ្យមេដឹកនាំដែលជាប់កំណត់ត្រានៃអំពើហិង្សាថ្លែងការណ៍នៅអាមេរិកនោះទេ”។ លោក Brad Adam ក៏បានរំលឹកឡើងវិញ ពីព្រឹត្តិការណ៍នៃបាតុកម្មទំលាក់លោក កឹម សុខា ពីតំណែងអនុប្រធានទី១នៃរដ្ឋសភាកាលពីថ្ងៃទី២៥តុលាឆ្នាំ២០១៥នោះថា បានកើតឡើង ក្រោយពីការព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងបាតុកម្មប្រឆាំងរូបលោកនៅប្រទេសបារាំង កាលពីអំឡុងខែតុលាឆ្នាំ២០១៥។
ដូចគ្នាអញ្ចឹងដែរ កាលពីថ្ងៃទី២៥មករាឆ្នាំ២០១៦ នៅលើទំព័រហ្វេសបុករបស់លោកនាយករដ្ឋមន្រ្តីបានព្រមានដែរថា បាតុកម្មនៅក្នុងប្រទេសកម្ពុជានឹងកើតមានដែរ ប្រសិនបើមានបាតុកម្មប្រឆាំងនឹងរូបលោកនៅលើទឹកដីសហរដ្ឋអាមេរិក បើទោះបីជាបាតុកម្មនោះ ត្រូវបានគណបក្សប្រឆាំងអះអាងថា មិនជាប់ពាក់ព័ន្ធក៏ដោយ។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក Brad Adam បានអំពាវនាវឲ្យប្រធានាធិបតីអាមេរិក យកវេទិកានៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា នឹងប៉ះពាល់ដោយសារតែកង្វះការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមេដឹកនាំអាស៊ានទាំង១០ប្រទេសនឹងជួបជាមួយ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅក្នុងទីក្រុង Sunnylands ក្នុងរដ្ឋកាលីហ្វូញ៉ា (California) សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៥និងទី១៦ខែកុម្ភៈខាងមុខ។ ប៉ុន្តែបើតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក្រសួងនៅមិនទាន់ដឹងនៅឡើយទេ ថាតើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយនឹងប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលគេជឿថា នឹងមានការលើកឡើងពីបញ្ហារស៊ើបៗរបស់កម្ពុជា ទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស ការគំរាមកំហែង និងការចាប់ឃុំខ្លួនសកម្មជនបក្សប្រឆាំងនៅឡើយទេ។ បើតាមគម្រោង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចាកចេញពីប្រទេសកម្ពុជាទៅអាមេរិក នៅថ្ងៃទី១៤កុម្ភៈខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ