អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​មធ្យោបាយ​​ពន្យារ​កំណើតមួយ​ណា​ត្រូវ​នឹង​អ្នក ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ពន្យារ​កំណើត​មិន​មែន​ជា​ភារៈ​របស់​ស្ត្រី​តែ​ម្នាក់ឯង​ទេ តែជា​កាតព្វកិច្ច​របស់​ដៃគូ​ស្នេហា​ទាំង​សង​ខាង បុរស និង​ស្ត្រី ! ការ​ពន្យារ​កំណើត​គឺ​ជា​មូលដ្ឋាន​នៃ​សេរីភាព និង​សមភាព​រវាង​ស្ត្រី​និង​បុរស ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​ស្ត្រី ជា​អ្នក​ទទួល​​ខុស​ត្រូវ​ខ្លាំង​ជាង​ ព្រោះ​បើ​មាន​ការ​ជ្រុល​ជ្រួស គឺ​ស្ត្រី​ជា​អ្នក​ពរពោះ។ មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន​យ៉ាង ដូច​ជា​លេប​ថ្នាំ ដាក់​កង ឬ​ស្រោម​អនាម័យ។ ការ​លេប​ថ្នាំ​ បាន​ទទួល​ការ​ពេញ​និយម​ច្រើន​ជាង​គេ ក៏​ប៉ុន្តែ​ក៏​អាច​​ងាយ​បង្ក​ផលវិបាក​ដែរ ប្រសិន​បើ​យើង​ភ្លេច។ ដូច្នេះ​សួរ​ថា​តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ? សូម​ស្តាប់​បទ​អត្ថាធិប្បាយ​របស់​ អៀង សុខម៉ិញ ដោយ​មាន​អន្តរាគមន៍​ពី​លោកស្រី វេជ្ជបណ្ឌិត ទុង រដ្ឋាវី​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា។

រុបភាព​អប់រំ​មួយ​របស់​វិបសៃត៍​ស្តី​ពី​ជម្រើស​ការ​ពន្យារ​កំណើត​
រុបភាព​អប់រំ​មួយ​របស់​វិបសៃត៍​ស្តី​ពី​ជម្រើស​ការ​ពន្យារ​កំណើត​ Choisir sa contraception
ផ្សាយពាណិជ្ជកម្ម

នៅ​លើ​ពិភពលោក​​យើង​ នាពេល​បច្ចុប្បន្ន​នេះ មាន​ស្ត្រី​ពេញ​វ័យ​បង្ក​កំណើត និង​រស់​ជាគូ​ប្រមាណ​៦៤% ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត។ នៅ​ក្នុង​ប្រទេស​ជឿន​លឿន ដូច​យ៉ាង​ប្រទេស​បារាំង មាន​ស្ត្រី​​៩នាក់ ក្នុង​ចំណោម​១០​នាក់ ប្រើប្រាស់​វិធីសាស្ត្រ​ពន្យារ​កំណើត​បែប​ទំនើប ប៉ុន្តែនៅ​មាន​​ស្ត្រី​យ៉ាង​ហោច​ណាស់ ២១៦​លាននាក់ នៅ​លើភព​ផែនដី មិន​អាច​ទទួល​បាន​ការ​ពន្យារ​កំណើត​ឡើយ​។ នៅ​អាហ្វ្រិក គេ​អាច​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​ផ្នែក​​​ពន្យារ​កំណើត​​បាន​ប្រមាណ​៦០%​ប៉ុណ្ណោះ។ ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ បើ​តាម​លោក​ ព្រំ​វិចិត្រ អនុប្រធាន​គ្រប់គ្រង​ទិវា​ពន្យារ​កំណើត នៅ​ឆ្នាំ​២០១៥ មាន​ពលរដ្ឋ​ប្រមាណ​ជាង​៥៥%​បាន​ទទួល​ និង​ប្រើ​ប្រាស់មធ្យោបាយ​​​ពន្យារ​កំណើត។

 
តើ​មធ្យោបាយ​ពន្យារ​កំណើត​​បែប​ទំនើប​មាន​អ្វីខ្លះ ?

ការ​ពន្យារ​កំណើត​មិន​មែន​ជា​បន្ទុក​របស់​ស្ត្រី​តែ​ម្នាក់​ឯង​ឡើយ ! ខាង​បុរស​ក៏​អាច​ចូល​រួម​ចំណែក​ទប់​ស្កាត់កំណើត​បាន​ដែរ។ ថ្វី​បើ​ថ្នាំ​ពន្យារ​កំណើត​សម្រាប់​បុរស​ មិន​សូវ​ពេញ​និយម ដោយ​កង្វះ​ព័ត៌មាន​ នៅ​មាន​តម្លៃ​ថ្លៃ មិន​ទាន់​អាច​ក្លាយ​ជា​ជម្រើស​​សម្រាប់ការពារ​​ការបង្ក​បាន​យ៉ាងទូលំទូលាយ ដូច​ថ្នាំ​ពន្យារ​កំណើត​របស់​ស្ត្រី ក៏​បុរស​អាច​ជួយ​សម្រេច​បំណង​បាន តាម​រយៈ​ការ​ប្រើ​ស្រោម​អនាម័យ។ សូម​ស្តាប់​ប្រសាសន៍​របស់​លោកស្រី​ ទុង រដ្ឋាវី​ជា​ថ្មី។

​ទិវា​ពន្យារ​កំណើត​ពិភពលោក​ ថ្ងៃទី ២៦​កញ្ញា​នេះ ជា​ឱកាស​មួយ​សម្រាប់​​ពិភពលោក​ក្នុង​ការ​ជួយ​ដាស់​តឿន​និងពញ្ញាក់​ចំណាប់​ស្ត្រី​គ្រប់​រូប ដែល​ជា​ទូទៅ​មាន​ទំនួល​ខុស​ត្រូវ​ធ្ងន់​ជាង​បុរស​ក្នុង​ការ​ពន្យារកំណើត ឱ្យ​ចេះ​ជ្រើស​រើស​មធ្យោបាយ​ពន្យារ​កំណើត​ដែល​សក្តិសម​បំផុត​ ជីវភាព​ប្រចាំ​ថ្ងៃ​​របស់​ខ្លួន។

​មធ្យោបាយ​ពន្យា​រ​កំណើត​មាន​ច្រើន​យ៉ាង មាន​ថ្នាំលេប ថ្នាំ​ចាក់ ដាក់​កង​ក្នុង​ស្បូន កង​នៅ​ដៃ ឬ​ស្រោម​អនាម័យ …

ស្រោម​អនាម័យ ជា​មធ្យោបាយ​ការ​ពារ​ប្រសើរ ការពារ​មិន​ឱ្យ​មាន​កំណើត​កូន​ផង និង​មិន​ឱ្យ​ឆ្លង​ជំងឺ​កាម​រោគ​ ឬ​ជំងឺ​ឆ្លង​ផ្សេង ដូច​ជា​អេដស៍​ផង។ កង​ដាក់​ក្នុង​ស្បួន មាន​ប្រសិទ្ធិភាព​ខ្ពស់។ ​ជា​ទូទៅ​គេ​សង្កេត​ឃើញ​មាន​តែ​ស្ត្រី​មានកូន​​រួច ឬ​មានវ័យ​ចំណាស់​បន្តិច ទើប​​នឹក​ឃើញ​ប្រើ​កង​ក្នុង​ស្បូន​នេះ តែ​តាម​ការ​ពិត​ខុស​ពី​គំនិត​ចាស់​គំរិល សូម្បី​តែ​យុវតី​ ស្ត្រី​នៅ​ក្មេង​នៅ​ឡើយ​ក៏​អាច​ប្រើ​កង​ក្នុង​ស្បូន​បាន​ដែរ។ ផលប្រយោជន៍​សំខាន់​មួយទៀត​​របស់​កង​ក្នុង​ស្បូន គឺ​ជា​ការការពារ​បាន​យូរ ដោយ​មិន​ខ្វល់​គិត​រឿង​លេប​ថ្នាំ ឬ​រក​ពាក់​ស្រោម​ នៅ​ពេល​មាន​ការ​រួម​រក្ស។

ចំពោះ​ថ្នាំ​គ្រាប់​លេប ជា​រៀង​រាល់​ថ្ងៃ​ ឬ​ជា​រៀងរាល់​ខែ​ឬ​ត្រីមាស ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិភាព ពេញ​​និយមមាន​អ្នក​​​ចូល​ចិត្ត​ប្រើ​ច្រើនជា​ពិសេស​ស្ត្រីក្មេងៗ ​មាន​តម្លៃ​ថោក ព្រមទាំង​ស្រួល​ប្រើ​មែន ប៉ុន្តែ​គុណវិបត្តិ គឺ​ការ​​ងាយ​ភ្លេច។

សម្រាប់​ក្រុម​គ្រូពេទ្យ និង​អ្នក​ឯកទេស ប្រសិទ្ធិភាពនៃ​ការ​ពន្យារ​កំណើត ដោយ​លេប​ថ្នាំ ​មិន​មែន​ជា​ចំណោទ​ឡើយ។ គ្រូពេទ្យសង្គមសាស្ត្រ​សង្កេត​ឃើញ​ថា មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​៥​នាក់ បាន​ភ្លេច​លេប​ថ្នាំ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ខែ។ អត្រា​នៃ​ការ​ភ្លេច​មាន​កាន់​តែ​ខ្ពស់ ចំពោះ​ស្ត្រី​វ័យ​ក្មេង អាយុ​ពី​១៥​ឆ្នាំ​ទៅ ២៥​ឆ្នាំ ជាពិសេស​យុវតី​ដែល​ទើប​ផ្តើម​ជីវិត​ផ្លូវ​ភេទ​ដំបូង។ វ័យ​ក្មេង​ដែល​មិន​ទាន់​មាន​ទម្លាប់​នឹង​គ្រប់​គ្រង​ជីវិត​គូ​ឱ្យ​បាន​ល្អ តែ​ពេលវេលា​ដ៏​គ្រោះ​ថ្នាក់​បំផុត ព្រោះ​ក្នុង​វ័យ​នេះ ស្ត្រី​កំពុង​ពេញ​វ័យ​បង្ក​កំណើត។ ដូច្នេះ​ប្រសិន​បើ​លោក​អ្នក​ជ្រើសរើស​មធ្យោបាយ​នេះ លោក​អ្នក​នាង​គួរ​តែ​មាន​ថ្នាំពន្យារកំណើតសង្គ្រោះ​​ម្ខាង​ទៀត នៅ​ជាប់​ខ្លួន​ ដើម្បី​លេប​ភ្លាម​នៅ​ថ្ងៃ បន្ទាប់​​ក្រោយ​ពី​បាន​ឆ្លង​កាត់​​ការ​រួម​រក្ស​ ដោយ​គ្មាន​ការ​ការពារ។ ប៉ុន្តែ​សូម​បញ្ជាក់​ថា ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព​ បង្អាក់​ការ​បង្ក​កំណើត​ ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ មិនមែន​ជា​ការ​ការពារ​មិន​ឱ្យ​មាន​ការ​បង្ក​កំណើត​រយៈ​ពេល​យូរ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ