អានតួអត្ថបទ
កម្ពុជា

គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៦៤ ​ប្រកាស​ពង្រឹង​វប្បធម៌​សន្ទនា​និង​បញ្ហា​ព្រំដែន

គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ថ្ងៃ​អាទិត្យ ​ទី​២៨ខែ​មិថុនា​នេះ ​បាន​ប្រារព្ធ​មីទ្ទីញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ ​ថ្ងៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា​ ២៨​មិថុនា​ ១៩៥១-២៨ មិថុនា ឆ្នាំ​២០១៥។ ការ​ប្រារព្ធ​ខួប​កំណើត​គណបក្ស​នៅ​ឆ្នាំ​នេះ បាន​ធ្វើ​ឡើង​ ចំ​ពេល​ដែល​គណបក្ស​នេះ​ បាន​បាត់បង់​អតីត​ប្រធាន​គណបក្ស​លោក ​ជា ស៊ីម ដែល​បាន​ទទួល​មរណភាព​ កាល​ពី​ថ្ងៃ​ទី​៨មិថុនា​កន្លង​ទៅ។ យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន សែន ដែល​បន្ត​តំណែង​ពី​លោក ជា ស៊ីម បាន​លើក​ឡើង​ពី​សមិទ្ធិផល​រយៈ​ពេល​៣៦​ឆ្នាំ​ចុងក្រោយ​ និង​បាន​ប្រកាស​ពង្រឹង​វប្បធម៌​សន្ទនា ​និង​បញ្ហា​ព្រំដែន​ផង​ដែរ។

លោក ហ៊ុន សែន ក្នុង​អង្គ​មីទ្ទីញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ ​ថ្ងៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា​ នា​ថ្ងៃ​អាទិត្យ​ទី​២៨​មិថុនា​នេះ ​
លោក ហ៊ុន សែន ក្នុង​អង្គ​មីទ្ទីញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ ​ថ្ងៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា​ នា​ថ្ងៃ​អាទិត្យ​ទី​២៨​មិថុនា​នេះ ​ @បណ្តាញសង្គម
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​អង្គ​មីទ្ទីញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ ថ្ងៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា​ នា​ថ្ងៃ​អាទិត្យ​ទី​២៨​មិថុនា​នេះ ​លោក ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​គណបក្ស ​បាន​លើក​ឡើង​ពី​សមិទ្ធិផល​របស់​គណបក្ស​ក្នុង​រយៈពេល​៦៤​ឆ្នាំ​កន្លង​ទៅ​ ជា​ពិសេស​គឺ​សមិទ្ធិផល​ចុង​ក្រោយ​​ក្នុង​រយៈពេល​៣៦​ឆ្នាំ​មក​នេះ។ ៣៦​ឆ្នាំ​ចុងក្រោយ​ ជា​ពេល​វេលា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​៧​មករា​ឆ្នាំ​១៩៧៩ ​នឹង​បាន​ដឹកនាំ​ប្រទេស​ឆ្ពោះ​មក​ទល់​នឹង​ពេល​សព្វ​ថ្ងៃ។ សព្វ​ថ្ងៃ​ដែល​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីក​ចំរើន​ក្នុង​រង្វង់​៧​ភាគរយ​ ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក។ នេះ​បើ​តាម​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ សុន្ទរកថា​ដែល​មាន​កម្រាស់​ដល់​ទៅ​៩​ទំព័រ​នេះ​ លោក ហ៊ុន សែន មិន​ភ្លេច​លើក​ឡើង​ពី​សមិទ្ធិផល​ចុង​ក្រោយ​មួយ​ទៀត​ ដែល​លោក​​ទើប​នឹង​បង្កើត​ឡើង​ជាមួយ​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ។ ជា​វប្បធម៌​​សន្ទនា​ ដែល​បាន​បង្កើត​ឡើង ក្រោយ​កិច្ច​ព្រមព្រៀង​នយោបាយ កាល​ពី​ថ្ងៃ​ទី​២០​កក្កដា​ឆ្នាំ​២០១៤។ ក្នុង​សន្ទរកថា​នេះ​ លោក ហ៊ុន សែន បាន​ប្រកាស​បន្ត​ពង្រឹង​វប្បធម៌​សន្ទនា​​នេះ​ មិន​ថា តែ​ជាមួយ​គណបក្ស​សង្រ្គោះជាតិ​នោះទេ។

ក្រៅ​ពី​សមិទ្ធិផល​ទាំង​នេះ ​ប្រមុខ​បក្ស​ប្រជាជន​កម្ពុជា​ថ្មី ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​ផង​ដែរ។ បញ្ហា​ព្រំដែន ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ប្រឈម​ជាមួយ​នឹង​ប្រទេស​វៀតណាម។ លោក​ ហ៊ុន សែន បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ខិតខំ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ និង​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​នានា។

ប្រមុខ​បក្ស​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បាន​ប្រកាស​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី សហជីព​ផង​ដែរ។ សេចក្តី​ព្រាង​ច្បាប់​ទាំងពីរ ដែល​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ។ ហើយ​នៅ​ខណៈ​ដែល​ប្រមុខ​បក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ពី​ការ​គាំទ្រ​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ នៅ​មុខ​រដ្ឋសភា​ឯណោះ មេដឹកនាំ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន កំពុង​តែ​បើក​យុទ្ធនាការ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​មួយ​ ដើម្បី​ប្រឆាំង​នឹង​ច្បាប់​នេះ។

គួរ​កត់​សម្គាល់​ថា​ មីទ្ទីញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤​ ថ្ងៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា​លើក​នេះ​ គេ​សង្កេត​ឃើញ​ថា​ កៅ​អី​ដែល​មេដឹកនាំ​គណបក្ស​ប្រជាជន​ធ្លាប់​តែ​អង្គុយ​ជាមួយ​គ្នា​បី​នាក់ ​គឺ​លោក ជា ស៊ីម, ហ៊ុន សែន, ហេង សំរិន នោះ ពេល​នេះ មាន​តែ​ពីរ​រូប​ប៉ុណ្ណោះ​ដែល​អង្គុយ​ទន្ទឹម​គ្នា នោះ​គឺ​លោក​ ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស នឹង​លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស។ ចំណែក​ឯ​លោក ស ខេង និងលោក សាយ ឈុំ ដែល​ទើប​នឹង​តែង​តាំង​ជា​អនុប្រធាន​គណបក្ស បាន​អង្គុយ​នៅ​ប៉ែក​ខាង​ក្រោយ។ លោក ហ៊ុន សែន ត្រូវ​បាន​គណបក្ស​ប្រជាជន​តែងតាំង​ជា​ប្រធាន​កាល​ពី​ថ្ងៃ​ទី​២០​មិថុនា​ បន្ទាប់​ពី​មរណភាព​របស់​លោក​ ជា ស៊ីម កាល​ពី​ថ្ងៃ​ទី​៨​មិថុនា​កន្លង​ទៅ។ នេះ​គឺ​ជា​របត់​ថ្មី​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ