អានតួអត្ថបទ
កម្ពុជា

CNRP​​នឹង​​លើក​យក​​ការ​បង្កើត​​វប្បធម៌​​សន្ទនា​​គ្នា​​នៅ​​ថ្នាក់​មូលដ្ឋាន​​ដាក់​​លើ​​តុ​​ក្នុង​ជំនួប​​ថ្ងៃ​ស្អែក​

នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍ ​ទី​២៩ ​មករា​​ស្អែក​​នេះ​ ថ្នាក់​ដឹកនាំ​​ក្រុម​តំណាង​រាស្ត្រ​​របស់​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​​និង​​គណបក្ស​​សង្គ្រោះ​ជាតិ ​នឹង​​ជួបគ្នា​​ជា​​លើក​ដំបូង​។ ​គណបក្ស​​សង្គ្រោះ​ជាតិ​ បាន​​បង្ហើប​​ឲ្យ​​ដឹងថា ​ខ្លួន​​នឹង​​លើក​យក​​បញ្ហា​បង្កើត​​វប្បធម៌​​សន្ទនា​​គ្នា​​រវាង​​គណបក្ស​​ទាំងពីរ​​នៅ​​ថ្នាក់​មូលដ្ឋាន​ ដើម្បី​​ធ្វើ​ជា​​ប្រធានបទ​​នៅ​ក្នុង​​ជំនួប​​ជា​​លើក​ដំបូង​​នោះ​។

លោកសម រង្ស៊ី និងលោក ស ខេង
លោកសម រង្ស៊ី និងលោក ស ខេង Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ជំនួប​ជា​លើកដំបូង​របស់​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង៩ព្រឹក​នៅ​សាល​ទំនាក់ទំនង​អន្តរជាតិ​នៃ​វិមាន​រដ្ឋសភា។ ជា​ជំនួប​ដែល​នឹង​ធ្វើឡើង​បន្ទាប់​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បានប្រកាស​លើក​ពេល​ម្តង​រួចមកហើយ កាលពី​ថ្ងៃ​ចន្ទ​ទី២៦ មករា កន្លងទៅ គឺ​មុន​មួយថ្ងៃ​នៃ​ជំនួប​ដែល​បានគ្រោង​ទុក។

តាម​សេចក្តីប្រកាស​ព័ត៌មាន​ជាថ្មី​របស់​អគ្គលេខាធិកា​រដ្ឋា​ន​រដ្ឋសភា​នៅ​ថ្ងៃ​ពុធ​នេះ បាន​បង្ហាញថា សមាសភាព​ចូលរួម​ក្នុងជំនួប​នោះ​គឺ ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោ​កស ខេង ប្រធាន​ថ្នាក់ដឹកនាំ​តំ​ណា​រាស្ត្រ និង អមដោយ​អនុប្រធាន​ពីររូប​ទៀត គឺ លោក​គាត ឈន់ និង លោកស្រី​ម៉ែន សំអន។ ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ នឹង​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ អមដោយ​លោក​កឹម សុខា អនុប្រធាន និង លោក​យឹម សុវណ្ណ លេខាធិការ។ យ៉ាងណាក៏ដោយ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា មិនបាន​បង្ហាញ​ពី​របៀបវារៈ​ដែល​ត្រូវ​ជជែក​គ្នា​នៅក្នុង​ជំនួប​នោះឡើយ។ ក៏ប៉ុន្តែ​លោក​យឹម សុវណ្ណ បាន​បង្ហើប​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​លើកយក​នូវ​បញ្ហា​បង្កើ​ត​វប្បធម៌​ជជែក​គ្នា​នៅ​ថ្នាក់មូលដ្ឋាន​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​យឹម សុវណ្ណ មានប្រសាសន៍ថា “ បញ្ហាបង្កើត​វប្បធម៌​ជជែក​គ្នា នៅ​ថ្នាក់មូលដ្ឋាន ចាប់ពី​ថ្នាក់​ខេត្ត ថ្នាក់ស្រុក ឃុំ យើង​ត្រូវបង្កើត​ឲ្យ​មាន​ការជជែក​គ្នា ដូចដែល​យើង​ធ្លាប់​បានធ្វើ បាននិងកំពុង​ធ្វើ​ជាមួយនឹង​ថ្នាក់ដឹកនាំ​គណបក្ស​កំពូល នៅ​នឹង​ថ្នាក់ជាតិ យ៉ាង​ដូច្នោះ​ឯង អ៊ីចឹង​ហើយ យើង​ត្រូវ​រៀបចំ​ឲ្យ​ដល់​ថ្នាក់មូលដ្ឋាន ឲ្យ​មាន​ការជជែក​គ្នា ផ្លាស់ប្តូរ​យោបល់​គ្នា ហើយនឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ កំពុង​ជួបប្រទះ ហើយ​ទី​ពីរ គឺ​នៅក្នុង​ការអនុវត្ត​គោលនយោបាយ​វិ​ម្ឈ​ការ​កន្លងមក វា​មាន​បញ្ហា​ខ្លះ ដែលជា​ឧបសគ្គ ដូច្នេះហើយ បានជា​យើង​ត្រូវ​ជជែក​គ្នា ដើម្បី​ជំរុញ​ការដោះស្រាយ​នូវ​ឧបសគ្គ​ទាំងអស់​នឹង»។

ដោយឡែក​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​នោះទេ​ជុំវិញ​របៀបវារៈ​ដែល​គ​ណ​បក្ស​កាន់អំណាច​នឹង​លើក​យកទៅ​ពិភាក្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ក្របខណ្ឌ​ជំនួប​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ជា​លើកទីមួយ​នេះ។

គួរ​ជម្រាបជូន​ថា ក្រោយ​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​កាលពី​ថ្ងៃ២២កក្កដា​ឆ្នាំ ២០១៤ គណបក្ស​ដែលមាន​កៅអី​ក្នុង​រដ្ឋសភា​ទាំងពីរ​បាន​សន្យា​បង្កើត​ឲ្យ​មាន វប្បធម៌​សន្ទនា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជំនួស​ឲ្យ​ការប្រឈមមុខ​ដាក់គ្នា តាមរយៈ​បាតុកម្ម។ ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន៦៨កៅអី​ក្នុង​រដ្ឋសភា បាន​យល់ព្រម​បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​ដែលមាន​ឋានៈ ស្មើ​នាយករដ្ឋមន្ត្រី។ ការផ្តល់​ឋានៈ​នេះ​ត្រូវបាន​គេ​ពន្យល់ថា គឺ​ដើម្បី​ឲ្យ​ការជជែក​ពិភាក្សា ធ្វើឡើង​ដោយ​ស្មើមុខ​មាត់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ