អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន​៖ ​សេចក្តី​ព្រាង​ច្បាប់​​គ្រប់គ្រង​​អង្គការ​​សង្គម​ស៊ីវិល​​នឹង​ត្រូវ​​អនុម័ត​​ជា​​បន្ត​បន្ទាប់​

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃអាទិត្យ​នេះ បានប្រកាសថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​នឹងត្រូវ​គណៈរដ្ឋមន្ត្រី​ប្រជុំពិភាក្សា និង​អនុម័ត​នៅក្នុង​ខែឧសភា​ខាងមុខនេះ មុននឹង​ដាក់​ទៅកាន់​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​បន្ត។ លោក​ហ៊ុន សែន បានប្រកាស​ដូចនេះ នៅក្នុង​ពិធី​សម្ភោ​ធ​អាគារ និង ជួប​សួរសុខទុក្ខ​កុមារ​ពិការគថ្លង់នៅ​អង្គការ​គ្រួសារ​ថ្មី ក្នុង​រាជធានី​ភ្នំពេញ។ យ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ត្រូវបាន​សង្គម​ស៊ីវិល​សម្តែង​ការមិន​ពេញចិត្ត​ដោយបាន​ចាត់ទុកថា នឹង​រឹតត្បិត​សកម្មភាព​របស់ខ្លួន។

លោក នាយករដ្ឋមន្ត្រីហ៊ុន សែន
លោក នាយករដ្ឋមន្ត្រីហ៊ុន សែន RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នៅតែ​បន្ត​ជំរុញ​ឲ្យ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល អនុម័ត​ឲ្យ​បាន​ក្នុងពេលឆាប់ៗខាងមុខ បើទោះបី​សេចក្តីព្រាងច្បាប់​នេះ រង​ការរិះគន់ និង​មិន​ពេញចិត្ត​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ក៏ដោយ។ ហើយ​នៅថ្ងៃនេះ​ទៀតសោត លោក​ហ៊ុន សែន បានប្រកាស​បង្ហាញច្បាស់ៗថា សេចក្តីព្រាងច្បាប់​នេះ នឹងត្រូវ​អនុម័ត​ជា​បន្តបន្ទាប់​ចាប់ពី​ខែក្រោយ​នេះ​តទៅ។

លោក​ហ៊ុន សែន៖ “ ហើយ​ខ្ញុំ​សូមបញ្ជាក់​ថែម​មិញ ពេលវេលា​នៃ​ការអនុម័ត​ច្បាប់​នេះ គឺ​មិន​ហួស​ពី ប្រហែលជា​ក្នុង ចាប់ពី​ខែ៥ហ្នឹង​ទៅ ប្រហែល​ប្រជុំ​ដាក់​ចូលក្នុង​គណៈរដ្ឋមន្ត្រី​ហើយ រួចហើយ​ដាក់ចូល​សភា ចង់​អ្នកណា​គាំទ្រ ឫ មិន​គាំទ្រ សំឡេង​របស់​សមាជិក​សភា ដែលមាន​សិទ្ធិ​អនុម័ត៥០បូក១ គឺ​គ្រប់គ្រាន់ ដើម្បី​នឹង​អនុម័ត​ហើយ” ។

សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នេះ ត្រូវ​បានរៀបចំ​រួចរាល់​តាំងពី​ឆ្នាំ២០១។ វា គឺជា​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ដែល​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា មិន​ពេញចិត្ត ដោយ​ចាត់ទុកថា ច្បាប់​នេះ​នឹង​ក្លាយជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​ក្នុងការ​រឹតត្បិត​សេរីភាព និង ការធ្វើសកម្មភាពផ្សេងៗរបស់​អង្គការ​សង្គម​ស៊ីវិល។ លោក​ធន សារាយ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ ដោយ​លោក​បាន​លើកឡើងថា កម្ពុជា​មានច្បាប់​គ្រប់គ្រាន់​ហើយ​ក្នុង​គ្រប់គ្រង​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

លោក​ធន សារាយ ៖ “ ដូច្នេះ ខ្ញុំ​គិតថា ការដែល​បញ្ចេញ​ច្បាប់​ថ្មី​នេះ គឺថា មានតែ​ចំណុច​អវិជ្ជមាន​ទេ​ដែល​យើងខ្ញុំ​ឃើញ​ណាស់ ចំណុច​អវិជ្ជមាន​គឺថា ចេញមក​ដើម្បី គេ​ហៅថា កម្រិត​នូវ​សកម្មភាព​ក៏ដូចជា​សេរីភាព​របស់​អង្គការ​សង្គម​នានា​ដែល​ធ្វើ​ការជួយ​សង្គម ជួយ​ប្រជាពលរដ្ឋ។

ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់ថា ការតាក់តែង​ច្បាប់​នេះ​មិនមែន​រដ្ឋាភិបាល​មានបំណង​រារាំង​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នោះទេ ប៉ុន្តែ​គឺ​ចង់​ធ្វើ​ឲ្យ​មាន​តម្លាភាព​រវាង​អង្គការ​សង្គម​ស៊ីវិល ជាមួយ​រដ្ឋាភិបាល​តែប៉ុណ្ណោះ។ បើតាម​លោក​ហ៊ុន សែន ច្បាប់​នេះ ប្រទេស​ណា​ក៏​គេ​មាន​ផងដែរ លើកលែងតែ​ប្រទេស​កម្ពុជា។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ថ្លែង​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​នេះ ដោយបាន​លើកឡើង​ពី​អង្គការ​មួយ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ តែ​ចង់​សំដៅ​ទៅលើ​អង្គការ​របស់លោក​ស្រី ម៉ម សូ​ម៉ាលី​ថា បានធ្វើ​ឲ្យ​កម្ពុជា​លក់​មុខ​លើ​ឆាក​អន្តរជាតិ ។ បន្ថែម​លើ​នេះ លោក​ហ៊ុន សែន ក៏បាន​លើកឡើង​ពី​អង្គការ​មួយចំនួនទៀត​ផងដែរ ដែល​ត្រូវបាន​រដ្ឋាភិបាល​រំសាយ​ចោល​នាពេល​កន្លងមក ព្រោះ​សង្ស័យថា មាន​ហិរញ្ញប្បទាន​ភេរវកម្ម និង​លាង​លុយ​កង្វក់។ ទាំងនេះហើយ ដែល​តម្រូវ​ឲ្យ​មានការ​គ្រប់គ្រង​ត្រឹមត្រូវ។ ជាមួយគ្នានេះ លោក​ហ៊ុន សែន ក៏​លើកឡើង អំពី​របាយការណ៍​រប​ស់​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ដែល​មុន​បញ្ចេញ​ត្រូវ​យកទៅ​ឲ្យ​ស្ថានទូត​ប្រទេស​ផ្តល់ជំនួយ​ដល់​អង្គការ​ទាំងនោះ​ធ្វើការ​ពិនិត្យ និង​ផ្តល់យោបល់ ដែល​នេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ចាត់​ថា បំពាន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា។

យ៉ាងណាក៏ដោយ លោក​ធន សារាយ បាន​សង្កត់​ធ្ញ​ន់​ថា អង្គការ​សង្គម​ស៊ីវិល​ដែល​ទទួល​ជំនួយ​ពី​បរទេស មិនបាន​ប្រើប្រាស់​ជំនួយ​នោះ ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា​នោះទេ។ បើតាម​លោក​ធន សារាយ ប្រសិនបើ​អង្គការ​សង្គម​ស៊ីវិល ធ្វើ​របាយការណ៍​ឫ​និយាយ​បំផ្លើស​ពី​ការពិត ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​នោះ ប្រទេស​ផ្តល់ជំនួយ​គេ​នឹងមិន​ផ្តល់​ឲ្យ​ទៀត​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ