អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋាភិបាលកម្ពុជា​ដាក់​ឲ្យ​ដំណើរ​ការ​មូល​និធិគន្ធបុប្ផា​ជា​ផ្លូវ​ការ

ប្រមុខ​រដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ដាក់​ឲ្យដំ​ណើរ​ការ​មូលនិធិ​គន្ធបុប្ផា​ជាផ្លូវការ​។ មូលធិនិ​គន្ធបុប្ផា​បង្កើត​ឡើង​ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​លោកនាយករដ្ឋមន្ត្រី និង​ភរិយា​ផ្ទាល់​តែ​ម្ដង ក្នុង​គោល​បំណង​បន្ត​និរន្តរ​ភាព​មន្ទីរ​ពេទ្យ​មួយ​នេះ​ឲ្យ​បាន​ឋិតថេរ បន្ទាប់​ពី​ស្ថាបនិក​មន្ទីរ​ពេទ្យគន្ធបុប្ផា លោក បេ​អាត រីច្នឺ លា​ឈប់​ព្រោះ​បញ្ហា​សុខភាព។ ឆ្លៀត​ពេល​នេះ អេង គីមហុង សូមរ​ម្លឹក​ឡើង​វិញ​នូវប្រវត្តិខ្លះៗនៃមន្ទីរពេទ្យគន្ធបុប្ផា​ជូន​លោក​អ្នក​ស្ដាប់​!

រូបភាព​តំណាង៖ពលរដ្ឋអង្គុយចាំនៅមុខមន្ទីរពេទ្យគន្ធបុប្ផា
រូបភាព​តំណាង៖ពលរដ្ឋអង្គុយចាំនៅមុខមន្ទីរពេទ្យគន្ធបុប្ផា @RFI
ផ្សាយពាណិជ្ជកម្ម

មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​បាន​បង្កើត​និង​ដាក់​ឈ្មោះ​ដូច្នេះ ដើម្បី​ជា​ការ​រំលឹក​ដល់​សម្ដេច​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​នរោត្តម​គន្ធបុប្ផា​ដែល​បាន​សោយ​ទិវង្គត​ត្រឹម​ព្រះជន្មាយុ ៤ ព្រះវស្សា (១៩​៤៨-១៩៥២) ដោយទ្រង់ព្រះប្រឈួន។ នៅ​ក្នុង​ឆ្នាំ ១៩៩១ មន្ទីរពេទ្យ​គន្ធ​បុប្ផាទី១​នៅ​ភ្នំពេ​ញ ត្រូវ​បាន​សាងសង់​ឡើង​វិញ​បន្ទាប់​ពី​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម។ ក្រោយ​បញ្ច​ប់​ការ​សាងសង់​នៅ​ឆ្នាំ​១៩៩២ មន្ទីរ​ពេទ្យ​ផ្ដើម​ប្រតិបត្តិ​ការ​របស់​ខ្លួន​ឡើង​វិញដោយ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ថវិកា​ពី​មូល​និធិ​ប្រទេស​ស្វីស ក្រោម​ការ​ជ្រោមជ្រែង​ពីលោក​វេជ្ជ​បណ្ឌិ​ត​បេ​អាត រីច្នឺ។

បច្ចុប្បន្ន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​មាន​៥​ទី​តាំង​ដោយ​ក្នុង​នោះ​៤​ទី​តាំង​នៅ​ភ្នំពេញ និង​មួយ​ទី​តាំង​​​នៅ​សៀម​រាប។ សូមបញ្ជាក់ថា មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​៥​ទី​តាំង​នេះ មាន​បុគ្គលិក​បំរើ​ការ​​ងារ​២៥​៤៣​នាក់។ ក្នុង​មួយ​ថ្ងៃ មន្ទីរ​ពេទ្យ​នេះ​ទទួល​ព្យាបាល​ជំងឺ​ទូទៅ​ដល់​កុមារ​ចន្លោះ​​ពី ២៥​០០​ទៅ៣០​០០នាក់។

គួរ​កត់​សម្គាល់​ថា កន្លង​មក ប្រភព​ថវិកា​សម្រាប់​ផ្គត់ផ្គង់​មន្ទីរ​ពេទ្យ​កុមារ​នេះ ទទួល​បានពី​សប្បុរស​ជន​ខាង​ក្រៅ តាម​រយៈ​ការ​លះ​បង់​យ៉ាង​ធំ​ធេង​របស់​លោកវេជ្ជបណ្ឌិត បេអាត រីច្នឺ​។ ប៉ុន្តែ​ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​​រូប​នេះ បាន​ប្រកាស​លា​លែង​ពី​តំណែង នៅ​​ថ្ងៃ​ទី ២៨​មីនា ឆ្នាំ​២០១៧ ដោយ​សារ​លោក​​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ស្វីស។

ក្នុង​បំណង​បន្ត​និរន្តរភាព​មន្ទីរពេទ្យ​មួយនេះឲ្យ​បាន​ឋិតថេរ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេ​ច​បង្កើត​មួល​និធិ​គន្ធបុប្ផា ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​នៃ​មន្ទីរ​ពេទ្យ​នេះ​ដោយខ្លួ​ន​ឯង​។ ទន្ទឹម​នឹង​មាន​មូល​និធិ​ផ្ទាល់​ខ្លួន រដ្ឋាភិបាល​បាន​អះអាង​ថា​នឹង​រក្សា​មូល​និធិ​ចាស់ឲ្យ​នៅ​ដដែល ដោ​យក្នុង​នោះ​រួមមាន៖ កម្រៃ​២​ដុល្លារ​ពី​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែលទិញ​សំបុ​ត្រ​ចូល​ទស្សនា​រមនីយដ្ឋាន​អង្គរ សរុប​ទៅ​មួយ​ឆ្នាំ​ទទួល​បាន​ជាង​៤​លានដុល្លារ និង​ថវិកា​១លាន​ដុល្លារ​ពី​កាក​បាទ​ក្រហម​កម្ពុជា។

សូម​ជម្រាប​ដែរ​ថា ៣ឆ្នាំ​ចុង​ក្រោយ​នេះ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បាន​ចំណាយ​ថវិកា​សរុប​៤៣,​២​លាន​ដុល្លារ។ ក្នុងនោះ ប្រភព​ថវិកា​បាន​មក​ពី​រដ្ឋាភិបាល​ស្វីស​មាន​ចំនួន​៤លានដុល្លារ ក្នុង១ឆ្នាំ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ឧបត្ថម្ភ​ថវិកា​១០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ