អានតួអត្ថបទ
កម្ពុជា

លីកាដូ​លុប​ចោល​គម្រោង​ជួប​ស្រ្តី​ក្នុង​ពន្ធនាគារ​ ក្រោម​មូលហេតុ​រឹតត្បិត​សកម្មភាព​

នៅ​ថ្ងៃ​ទី​០៥ ​មីនា​នេះ ​អង្គការ​លីកាដូ ​បាន​ប្រកាស​លុបចោល​កម្មវិធី​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​។ ​ជា​កម្មវិធី​ដែល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ ​តែង​តែ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨​មីនា​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ផ្តល់​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ និង​ការ​កម្សាន្ត​ផ្សេងៗ​ដល់​ស្រ្តី​ដែល​កំពុង​ជាប់​ពន្ធនាគារ​។ ​លីកាដូ ​បាន​លើក​ហេតុផល​ថា ​ការ​លុបចោល​នេះ ​គឺ​ដោយសារ​តែ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ​បាន​រឹតត្បិត​សកម្មភាព​របស់​ខ្លួន​។ ប៉ុន្តែ​ក្រសួងមហាផ្ទៃ​អះអាង​ថា ​ការ​រឹតត្បិត​នេះ​ធ្វើឡើង​ក្រោម​ហេតុផល​បញ្ហា​សន្តិសុខ​។​  

លោកស្រី​​ពុង ឈីវកេក​ នាយិកា​អង្គការ​​លីកាដូ ​ជួប​សំណេះសំណាល​ជាមួយ​​ស្រ្តី​​ជា​​អ្នក​​ទោស​នា​ពេល​កន្លង​មក​
លោកស្រី​​ពុង ឈីវកេក​ នាយិកា​អង្គការ​​លីកាដូ ​ជួប​សំណេះសំណាល​ជាមួយ​​ស្រ្តី​​ជា​​អ្នក​​ទោស​នា​ពេល​កន្លង​មក​ ©លីកាដូ
ផ្សាយពាណិជ្ជកម្ម

ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បាន​សម្រេច​មិន​ឲ្យ​អង្គការ​លីកាដូ​ធ្វើ​សកម្មភាព​បាន​ទូលំទូលាយ​ជាមួយ​ស្រ្តី​នៅ​ក្នុង​ពន្ធនាគារ​ដូច​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ជា​រៀងរាល់ឆ្នាំ​។ ​ជា​រៀងរាល់​ឆ្នាំ​ដែល​អង្គការ​នេះ ​តែងតែ​បាន​រៀបចំ​កម្មវិធី​កម្សាន្ត​ផ្សេងៗ​នៅ​ក្នុង​ពន្ធនាគារ​ដូចជា ​ការ​ថ្លែង​សុន្ទរកថា​ ការ​លេង​ល្បែង​កម្សាន្ត​ ការ​រាំ​របាំ​ប្រពៃណី ​ការ​សម្តែង​របស់​ស្រ្តី​កំពុង​ជាប់​ឃុំ ​និង​ការ​ផ្តល់​នូវ​កញ្ចប់​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ដល់​អ្នក​ទាំង​នោះ​ផង​ដែរ​។​

តាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី០៥ មីនានេះ អង្គការលីកាដូបានបញ្ជាក់ថា ការ​រឹត​ត្បិត​លើ​សកម្មភាព​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅក្នុង​ពន្ធនាគារ​ បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ឆ្នាំ​មុនមក​ម្លេះ។ ​ប៉ុន្តែ​គ្រាន់តែនៅ​ឆ្នាំ​២០១៥​នេះ ​ការ​រឹតត្បិត​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ធ្វើឡើង​កាន់តែ​ខ្លាំង​ថែមទៀត​។​
 

លោកស្រីពុង ឈីវកេក នាយិកាអង្គការលីកាដូ បានប្រសាសន៍ថា នៅឆ្នាំនេះ អគ្គនាយកដ្ឋាន​ពន្ធនាគារនៃក្រសួងមហាផ្ទៃបានសម្រេចឲ្យបុគ្គលិកអង្គការលីកាដូជាជនជាតិខ្មែរតែ៥នាក់ប៉ុណ្ណោះចូលទៅក្នុងពន្ធនាគារ ដើម្បីចែកជូនកញ្ចប់សម្ភារៈទៅដល់ស្រ្តីអ្នកកំពុងជាប់ឃុំ។ ជាងនេះទៅទៀត អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​មិនអនុញ្ញាតឲ្យមានសំណេះសំណាល ឫរៀបចំកម្មវិធីកម្សាន្តផ្សេងៗដូចមុននោះទេ។ ជាមួយគ្នានេះ អ្នកនាងនូ សមអន អ្នកគ្រប់គ្រងគម្រោងពន្ធនាគារនៃអង្គការលីកាដូ បាន​បន្ថែម​ថា ការរឹតត្បិតនេះ កាន់តែធ្វើឲ្យអ្នកកំពុងឃុំដែលឯកោស្រាប់ទៅហើយនោះ កាន់តែ​ឯកោ​ខ្លាំង​ថែម​ទៀត។
 

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ មិន​អាច​ទាក់ទង​សុំកា​រ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​បាន​នោះទេ​នៅថ្ងៃព្រហស្បតិ៍ទី០៥ មីនានេះ។ ក៏ប៉ុន្តែលោកខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បានបញ្ជាក់ថា ការសម្រេចរឹតត្បិតលើសកម្មភាពរបស់អង្គការលីកាដូនេះ គឺ​ធ្វើឡើង​ដោយ​គោរពទៅតាមច្បាប់ និង បទបញ្ជាផ្ទៃក្នុងនៃពន្ធនាគារ ជាពិសេស គឺ​គិតលើ​បញ្ហា​សន្តិសុខ​នៅក្នុងពន្ធនាគារតែម្តង។
 

លោកស្រីពុង ឈីវកេក​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការ​សម្រេច​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃនេះ​ ដោយ​លើកឡើង​ថា​ វាជា​ការ​ខាតបង់​មួយ​ចំពោះ​ស្ត្រីដែលកំពុងជាប់ពន្ធនាគារ។ តែយ៉ាងណាក៏ដោយ លោកស្រីនាយិកាអង្គការលីកាដូ បានគូសបញ្ជាក់ថា នៅ​ឆ្នាំក្រោយ​លោកស្រី​នឹង​ធ្វើ​ស្នើសុំ​ទៅ​កាន់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ម្តង​ទៀត​ ប៉ុន្តែបើនៅតែមានការរឹតត្បិតបែបនេះទៀតនោះ លីកាដូ​នឹង​គោរព​ទៅ​តាម​ការ​សម្រេច​របស់​គណៈកម្មាការគ្រប់គ្រងខ្លួនថា ត្រូវធ្វើបែបណាមួយនោះ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ