អានតួអត្ថបទ
កម្ពុជា

ស្ត្រី​១៦នាក់ ​នឹង​ត្រូវ​​ដោះលែង​​នៅ​​ថ្ងៃ​​ទិវា​​សិទ្ធិ​​នា​រី​អន្តរជាតិ​ ៨​មីនា ​ឆ្នាំ​២០១៥​

គណៈកម្មការ​​អន្តរ​ក្រសួង​​ដែល​​ដឹកនាំ​​ដោយ​​លោកអង្គ វង្ស​វ​ឌ្ឍ​នា ​រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌​​កំពុង​​រៀប​ចំ​​សំណើ​មួយ​​ទៅ​កាន់​​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដើម្បី​​ស្នើ​​បន្ត​ទៅ​​កាន់​​ព្រះ​មហា​ក្សត្រ​​ឡាយ​ព្រះហស្ថលេខា​​លើកលែង​ទោស​​ស្ត្រី​១៦​នាក់ ​ចេញ​ពី​​ពន្ធនាគារ។ ​ការ​ដោះលែង​ នឹង​ធ្វើ​​ឡើង ឲ្យ​ចំ​​នឹង​​ការ​​ប្រារព្ធ​​ទិវា​​សិទ្ធិនារី​​អន្តរជាតិ ​នៅ​​ថ្ងៃទី​៨​ខែ​​មីនា​​​ខាង​មុខនេះ​ តាមរយៈ​​ពិធី​​ផ្លូវការ​​មួយ​។

អ្នក​ទោស​ជា​ស្ត្រី​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា​
អ្នក​ទោស​ជា​ស្ត្រី​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា​ ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

ស្ត្រី​ទាំង១៦នាក់ ដែល​ត្រូវ​ស្នើសុំ​ដោះលែង​នៅ​ថ្ងៃទី៨ខែ​មិនា​ខាងមុខ ម្នាក់​គឺជា​ស្ត្រី​ដែល​កំពុងមាន​ផ្ទៃពោះ និង១៥នាក់​ទៀត គឺជា​ស្ត្រី​ដែលមានកូនតូចៗនៅក្នុង​ពន្ធនាគា។ សំណើរ​សុំ​ដោះលែង​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី២៦កុម្ភៈ ក្រោយពី​មាន​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​មួយ ដឹកនាំ​ដោយ លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ជា​ប្រធាន លោកស្រី អ៊ឹង គ​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​ជា​អនុប្រធាន និង​តំណាង​ជាច្រើន​ទៀត មកពី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្រសួងមហាផ្ទៃ។ សំណើរ​សុំ​លើកលែងទោស​នេះ កំពុង​ដាក់​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ និង​ស្នើ​បន្តទៅ​កាន់​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា​សម្រេច​ជា​ចុងក្រោយ ពោលគឺ​នឹងធ្វើ​អោយបាន​រួចជាស្រេច​នៅ​ថ្ងៃទី៨ខែ​មិនា​ខាងមុខ ដែល​ត្រូវ​នឹង​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ៨មិនា។ បើតាម​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ពិធី​ផ្លូវការ​មួយ​នឹង​រៀបចំ​ធ្វើឡើង នៅថ្ងៃនោះ។
 
សូមបញ្ជាក់ថា គណៈកម្មការ​ពិនិត្យ ស្រង់​ស្ថិតិ និង​រៀបចំ​បែបបទ​ដើម្បី​ធ្វើការ​លើកលែងទោស ស្ត្រី​មា​នគ​ត៌​និង​មានកូន​ដែល​ជាប់ពន្ធនាគារ​នេះ បានធ្វើ​ឡើង ក្រោយពី​មាន​បទបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានស្នើ​អោយមាន​ការពិនិត្យ​ទៅលើ​ស្ត្រី​ដែល​កំពុង​ជាប់ពន្ធនាគា​ប្រមាណ​ជា៤០នាក់ ប៉ុន្តែ​ក្រោយពី​ពិនិត្យមើល​របាយការណ៍​ដែល​បាន​ផ្ញើ​មកពី​ពន្ធនាគា​ទាំង២៨នៅ​ទូទាំងប្រទេស មានតែ​ស្ត្រី​ចំនួន១៦នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បានសម្រេច​ស្នើ​សុំអោយ​លើកលែងទោស​លើក​នេះ។ លោក​ថា ការដោះលែង​នេះ បានធ្វើ​ឡើង​ដោយ​ផ្អែក​ទៅតាម​មាត្រា៧៧នៃ​ច្បាប់​ពន្ធនាគា និង​សាលក្រម​ស្ថាពរ​របស់​តុលាការ។
 
យ៉ាងណា​ក៍ដោយ លោក គឹម សន្តិភាព បាន​អះអាងថា ការពិនិត្យ​ទៅលើ​ការស្នើសុំ​ដោះលែង​និង​លើកលែងទោស​លើ​ស្ត្រី​ជាប់ពន្ធនាគា​នេះ នឹងធ្វើ​បន្ត​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ ដែលជា​ឳ​កាស​មួយ​ក្នុងចំនោម​ឳ​កាស​ទាំងបី​នៃ​ការដោះលែង​រឺ​បន្ធូ​បន្ថយទោស​ប្រចាំឆ្នាំ គឺ​នៅក្នុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យអុំទូក និង​បុណ្យពិសាខបូជា។
 
គួរ​កត់សំគាល់ថា សំណើរ​សុំ​លើកលែងទោស​ដល់​ស្ត្រី​ដែលមាន​ផ្ទៃពោះ​និង​ស្ត្រី​ដែលមានកូនតូចៗនៅក្នុង​ពន្ធនាគា​ទាំង១៦នាក់​នេះ ក៍បាន​ធ្វើឡើង​មួយខែ​ក្រោយពី​ការចេញ​របាយការណ៍រ​បស់​អង្គការសិទ្ធិមនុស្ស​លីកាដូ​ថា ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ទើបតែ​សម្រាលកូន​ដែល​កំពុង​ជាប់ពន្ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា ទទួលបាន​ការថែទាំ​សុខភាព​តិចតួច៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ