លោក ហ៊ុន សែន ព្រមានបិទទ្វារឈប់ទទួលការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅមុនឬក្រោយចូលឆ្នាំខ្មែរ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានព្រមានទៅកាន់ក្រុមមន្រ្តីអតីតបក្សប្រឆាំងថា នឹងបិទទ្វារលែងទទួលសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅមុន ឬក្រោយបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ លោកហ៊ុន សែនព្រមានដូច្នេះនៅក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅព្រឹកមិញនេះ។ សម្រាប់លោកហ៊ុន សែន ការស្នើសុំឬមិនស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ជារឿងរបស់មន្រ្តីបក្សប្រឆាំង តែលោកបានប្រកាសជាមុនថា នឹងគ្មានការចរចានយោបាយណាមួយកើតឡើងឡើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដោយប្រើប្រាស់សម្តីខ្លាំងៗ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានផ្ញើសារទៅកាន់ក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិថា ទ្វារសម្រាប់ឱ្យពួកគេមានសិទ្ធិធ្វើនយោបាយឡើងវិញ នៅតែបន្តបើកចំហររង់ចាំពួកគេ។ ក៏ប៉ុន្តែបើពួកគេនៅតែស្ទាក់ស្ទើរ ដោយទាមទារលក្ខខណ្ឌផ្សេងៗនោះ គឺលោកនឹងបិទទ្វារនេះនៅអំឡុងមុន ឬ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរនាខែក្រោយ។ លោកប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ថែមទាំងប្រាប់ទៅកាន់អតីតអ្នកនយោបាយបក្សប្រឆាំងមួយចំនួនថា កុំឈ្លើយ និង ព្រហើនដាក់លោកឱ្យសោះ ព្រោះថា អ្វីៗស្ថិតក្នុងដៃរបស់លោក ដែលលោកចង់ធ្វើយ៉ាងម៉េចក៏បាន។
សារព្រមានធ្ងន់ៗពីនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រមុខគណបក្សកាន់អំណាចនេះ ធ្វើឡើងខណៈដែលមកដល់ពេលនេះ មានមន្រ្តីអតីតគណបក្សសង្រ្គោះជាតិតែបីរូបប៉ុណ្ណោះ ដែលបានធ្វើការស្នើសុំ និង ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញពីសំណាក់ព្រះមហាក្សត្រកម្ពុជា។ ចំពោះលោកនាយករដ្ឋមន្រ្តី ការស្នើសុំ ឬមិនស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជារឿងរបស់មន្រ្តីអតីតបក្សប្រឆាំង។ ប៉ុន្តែ លោកឱ្យជម្រើសពីរដល់ពួកគេទាំងនោះ គឺទីមួយ មកស្នើសុំសិទ្ធិនយោបាយឡើងវិញ ដើម្បីរៀបចំបង្កើតគណបក្សចូលរួមការបោះឆ្នោតអាណត្តិក្រោយ និងទីពីរ ត្រូវរង់ចាំរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ជាពេលដែលផុតកំណត់នៃសាលដីកាហាមឃាត់ការធ្វើនយោបាយរបស់ពួកគេ។
សូមកត់សម្គាល់ថា កន្លងមក មន្រ្តីអតីតបក្សប្រឆាំងខ្លះ បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិធ្វើនយោបាយដល់ពួកគេឡើងវិញជាលក្ខណៈកញ្ចប់ ដែលមានគ្នាច្រើននាក់ ដើម្បីកុំឱ្យពួកគេរងសម្ពាធខ្លាំងពីថ្នាក់ដឹកនាំរបស់ខ្លួននៅពេលដាក់សំណើសុំដោយឡែកៗពីគ្នា។ ចំណែកខ្លះទៀត ចង់ឱ្យរដ្ឋាភិបាលលើកលែងទោស និង ការចោទប្រកាន់មកលើមេដឹកនាំរបស់ខ្លួនសិន ទើបដាក់ពាក្យស្នើសុំតាមក្រោយ។
ប៉ុន្តែសំណើបែបនេះ ត្រូវបានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រកាសទាត់ចោល ដោយចំអកថា កុំសង្ឃឹមឱ្យសោះ ។ កុំសង្ឃឹមឱ្យសោះនេះ ក៏ត្រូវបានលោកប្រមុខរដ្ឋាភិបាលកម្ពុជាផ្ដាំផ្ញើទៅកាន់ក្រុមមន្រ្តីបក្សប្រឆាំងដែលគិតថា នឹងមានការចរចានយោបាយណាមួយនៅថ្ងៃខាងមុខនេះផងដែរ។ មិនតែប៉ុណ្ណោះ
លោកថែមទាំងព្រមានវាយខ្នោះមន្រ្តីអតីតបក្សប្រឆាំងរូបណា ដែលហ៊ានធ្វើនយោបាយទាំងដែលមិនបានទទួលការលើកលែងបម្រាមធ្វើនយោបាយពីព្រះមហាក្សត្រ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ