អានតួអត្ថបទ
កម្ពុជា

តុលាការក្រុងភ្នំពេញ​កោះហៅ​លោកសម រង្ស៊ី​ មក​ជំនុំជម្រះ​រឿង​សមគំនិត​ក្លែង​ឯកសារ​ព្រំដែន​

សាលាដំបូងរាជធានីភ្នំពេញ ​បាន​ចេញ​ដីកា​កោះហៅ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ស្នាក់នៅ​ឯបរទេស​ឲ្យ​ចូល​ខ្លួន​មក​កាន់​តុលាការ​នៅ​ថ្ងៃទី២៥​ វិច្ឆិកា​ខាង​មុខ​នេះ ​ដើម្បី​ធ្វើការ​ជំនុំ​ជម្រះ​ក្នុង​សំណុំរឿង​សមគំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ​និង​ញុះញង់​បង្កឲ្យ​មានភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គ​ម។ ​នេះ​តាម​ដីកាកោះហៅ​​កាល​ពីថ្ងៃ​ទី២៣ ​សីហា ​និង​ទើប​ធ្លាក់​ដល់​ដៃ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ។​

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ដីកាកោះហៅ​ចេញ​កាល​ពីថ្ងៃ​ទី២៣ ​សីហា​នេះ ​លោក​សៀង សុខ ​ដែល​ជា​តំណាង​អយ្យការ​សាលាដំបូង​រាជធានីភ្នំពេញ ​បាន​បង្គាប់​ឲ្យ​លោកសម រង្ស៊ី ​ចូល​ខ្លួន​មក​កាន់​តុលាការ​នៅថ្ងៃ​ទី២៥ ​វិច្ឆិកា ​ឆ្នាំ២០១៦ ​នៅ​វេលា​ម៉ោង​៨ព្រឹក​ជា​កំហិត​ ដើម្បី​ធ្វើការ​ជំនុំជម្រះ​ក្នុង​ឋានៈ​ជា​ជនជាប់ចោទ​។ ​តាម​ដីកោះ​ហៅ​នេះ ​សំណុំរឿង​លោកសម រង្ស៊ី ​ត្រូវបាន​បញ្ជូន​មក​ជំនុំជម្រះ​កាល​ពី​ថ្ងៃ​ទី២៨ ​កក្កដា​កន្លងទៅ ​ដោយ​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ប្រធាន​គណបក្ស​ប្រឆាំង​ពី​បទសមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារសាធារណៈ ​ប្រើប្រាស់​ឯកសារ​សាធារណៈក្លែង ​និង​ញុះញង់ប​ង្ក​ឲ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​កាល​ពីថ្ងៃ​ទី១២ ​និង១៣ ​ខែសីហា ​ឆ្នាំ២០១៥​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុងរាជធានីភ្នំពេញ​។ បទ​ចោទ​នេះ ​គឺ​ទាក់ទង​នឹង​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​។ ​
 

លោកសំ សុគង់ ​មេធាវី​ការពារក្តី​ឲ្យ​លោកសម រង្ស៊ី ​បាន​ឲ្យដឹងថា ​មក​ដល់ពេលនេះ ​លោក​មិនទាន់​ទទួល​បាន​លិខិត​អញ្ជើញ​ឲ្យ​ចូលរួម​សវនាការ​ពីតុលាការ​នៅឡើយ​ទេ​។ តែ​ទោះជា​យ៉ាងណា ​លោក​បញ្ជាក់ថា ​លោក​នឹង​ចូលរួម​នៅក្នុង​សវនាការ​នា​ពេល​ខាងមុខ ​និង​ត្រៀម​រៀបចំ​ឯកសារ​ភស្តតាង​ និង​សិក្សា​ផ្លូវ​ច្បាប់​នានា ​ដើម្បី​ការពារ​កូនក្តី​របស់​លោក​។
 

ចំណែក​លោកអេង ឆៃអ៊ាង ​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​វិញ ​លោក​ហាក់​ដូចជា​មិន​បាន​ចាប់​អារម្មណ៍​នឹង​ដីកោះហៅ​នេះ​សោះឡើយ​។ ​សម្រាប់​មន្ត្រី​ជាន់ខ្ពស់​រូបនេះ ​ករណី​លោ​កសម រង្ស៊ី ​គឺ​ជា​រឿង​នយោបាយ​ដែល​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ ​ហើយ​លោក​បាន​សង្កត់ធ្ងន់​ថា ​ការ​ជំនុំជម្រះ​ណាមួយ​លើ​មេដឹកនាំ​គណបក្សប្រឆាំង​នោះ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​។
 

ក្រៅពីក​រណី​លោកសម រង្ស៊ី ​លោកកឹម សុខា ​ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ឯណេះ​វិញ​ ក៏​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​រៀបចំ​បើក​សវនាការ​ធ្វើការ​ជំនុំជម្រះ​ផងដែរ ​គឺ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី៩ ​ខែ​កញ្ញា​ក្នុង​សំណុំរឿង ​បដិសេធ​ក្នុង​ការចូល​ខ្លួន​បំភ្លឺ​ទាក់ទង​នឹង​រឿង​សញ្ចារកម្ម​នៅក្នុង​សំណុំរឿង​កញ្ញា​ស្រីមុំ ​ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី២៦​ ខែ​ឧសភា ​ឆ្នាំ​២០១៦។


សូមគូសបញ្ជាក់ជូនថា ​សម្រាប់​លោកសម រង្ស៊ី ​ក្រៅពី​សំណុំរឿងនេះ ​លោក​ប្រមុខ​គណបក្ស​ប្រឆាំង​ក៏​រង​នូវ​បណ្តឹង​មួយចំនួន​ទៀត​ដែរ​ ដូចជា ​កាល​ពី​ថ្មីៗ​នេះ ​លោក​ត្រូវ​បាន​មេធាវីរ​បស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ប្តឹង​ពី​បទបរិហារកេរ្តិ៍​ដែល​ចោទ​រដ្ឋអំណាច​ខ្មែរ​ ថា​ជា​អ្នក​រៀបចំ​អំពើ​ភេ​រវកម្ម​បាញ់​សម្លា​ប់​លោក​បណ្ឌិត កែម ឡី​។

ចំណែក​រឿងបរិហារកេរ្តិ៍​ជាមួយ​លោកហេង សំរិន ​ប្រធាន​រដ្ឋសភា​វិញ ​លោកសម រង្ស៊ី ​ត្រូវ​បាន​តុលាការ​កាត់ក្តី​ឲ្យ​ចាញ់​ដោយ​ត្រូវ​បង់ប្រាក់​សងជំងឺចិត្ត​ដល់​លោក​ហេង សំរិន​ចំនួន​១៥០​លាន​រៀល។​ កាល​ពីថ្ងៃទី១៣ ​វិច្ឆិកា ​ឆ្នាំមុន​ តុលាការ​ក្រុងភ្នំពេញ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ​ដាក់ពន្ធនាគារ​នៅក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​ជាសាធារណៈ ​និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​លើ​លោក ហោ ណាំហុង ​ដែល​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​។ ដោយ​ឡែក​នៅ​ថ្ងៃទី១៧ ខែ​តុលា ​ឆ្នាំ​២០១៦​ខាងមុខ ​តុលាការ​ដដែលនេះ​ នឹង​ជំនុំ​ជម្រះ​លោក​សម រង្ស៊ី​ លើ​បណ្តឹង​បរិហារកេរ្តិ៍​ជា​សាធារណៈ​របស់​លោកសោម សឿន ​ទីប្រឹក្សា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​សំណុំរឿង​លោកសម រង្ស៊ី ​លើកឡើង​ពីបង្កើត​គណនីយ​ក្លែងក្លាយ​ចុច​LIKE ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ