អានតួអត្ថបទ
កម្ពជា

សព​​ស្ថាបត្យករ​​ខ្មែរ​​ដ៏​​ល្បីល្បាញ ​វណ្ណ ម៉ូលីវណ្ណ ​នឹង​ត្រូវ​​បូជា​​នៅ​​រសៀល​​ថ្ងៃស្អែក​

សព​លោក​វណ្ណ ម៉ូលីវណ្ណ ដែលជា​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ​ម្នាក់ នឹងត្រូវ​ដង្ហែ​យកទៅ​បូជា​នៅ​រសៀល ថ្ងៃអាទិត្យ​ស្អែក​នេះ។ លោក វណ្ណ ម៉ូលីវណ្ណ បានទទួល​មរណៈភាព​កាលពី​វេលា​ម៉ោង០៩និង៤៥នាទី នា​ព្រឹក​ថ្ងៃទី២៨ខែកញ្ញា ក្នុង​ជន្មាយុ៩១ឆ្នាំ ដោយ​ជរាពាធ ។ សព​របស់លោក​កំពុង​ត្រូវបាន​តម្កល់​នៅ​គេហដ្ឋាន​ឯ​ទីក្រុង​សៀមរាប ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។

សពស្ថាបត្យករខ្មែរដ៏ល្បីល្បាញ វណ្ណ ម៉ូលីវណ្ណ នឹងត្រូវបូជានៅរសៀលថ្ងៃស្អែក
សពស្ថាបត្យករខ្មែរដ៏ល្បីល្បាញ វណ្ណ ម៉ូលីវណ្ណ នឹងត្រូវបូជានៅរសៀលថ្ងៃស្អែក @Absara Authority
ផ្សាយពាណិជ្ជកម្ម

សព​បិតា​ស្ថាបត្យករ​ខ្មែរ វណ្ណ ម៉ូលីវណ្ណនឹងត្រូវ​ដង្ហែ​ទៅ​បូជា​នៅក្នុង​វត្ត​ព្រះឥន្ទ្រ​កោ​សី​យ៍ ហៅ​វត្ត​លើ ស្ថិតនៅ​ក្នុងភូមិ​ទ្រាំង ឃុំ​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប នា​រសៀល​ថ្ងៃអាទិត្យ ទី ០១ ខែតុលា។ ក្រោយពេល​បូជា​រួច អដ្ឋិធាតុ​របស់លោក វណ្ណ ម៉ូលីវណ្ណ នឹងត្រូវ​តម្កល់​នៅក្នុង​ចេតិយ​មាន​រចនាបទ​ប្រាសាទបាគង ដែល​លោក​បាន​គូស​ប្លង់​និង​សាងសង់​ទុក​នៅក្នុង​បរិវេណ​វត្ត​ព្រះឥន្ទ្រ​កោ​សី​យ៍​តែម្ដង។

អាជ្ញាធរ​ជាតិ​អប្សរា បាន​ជូនដំណឹង​ដល់​មន្ត្រី​និង​បុគ្គលិក​របស់ខ្លួន​ទាំងអស់ ឲ្យ​ចូលរួម​ដង្ហែ​សព​លោក វណ្ណ ម៉ូលីវណ្ណ ឲ្យ​បានគ្រប់ៗគ្នា ដែល​ពិធី​ដង្ហែ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង១២និង៣០នាទី​ថ្ងៃត្រង់​តទៅ។ អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ការចូលរួម​ដង្ហែ​សព​លោក​វណ្ណ ម៉ូលីវណ្ណ​នេះ គឺ​ដើម្បី​ជាការ​តបស្នង​សង​នូវ​គុណូបការៈ​ដ៏​ធំធេង​របស់លោក​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា ក្នុងនាម​ជា​ស្ថាបត្យករ និង​ជាពិសេស​ក្នុងនាម​ជា​ប្រធាន​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា។

លោក​វណ្ណ ម៉ូលីវណ្ណ បានទទួល​មរណភាព​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៨កញ្ញា ក្នុង​ជន្មាយុ៩១ឆ្នាំ ដោយ​ជរាពាធ។ ភ្លាមៗ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កក​ម្ពុ​ជា បានចាត់ទុក​មរណភាព​របស់លោក​វណ្ណ ម៉ូលីវណ្ណ ថា​ជាការ​បាត់បង់​នូវ​ធនធានមនុស្ស​ដ៏​សំខាន់​ម្នាក់​របស់​ជាតិ។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ផ្ញើ​សារ​ចូល​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព ចំពោះ​ការបាត់បង់​ស្ថាបត្យករ​ជើងចាស់​ដ៏​ល្បីល្បាញ​រូបនេះ។

គួរបញ្ជាក់​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​សព​លោក​វណ្ណ ម៉ូលីវណ្ណ កំពុង​តម្កល់ទុក​នៅឯ​គេហដ្ឋាន​របស់លោក ដើម្បី​អាច​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ក៏ដូចជា​បណ្តា​មន្ត្រីរាជការ​ចូល​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នោះ ព្រះមហាក្សត្រ​ខ្មែរ ក៏បាន​ប្រទាន​គ្រឿង​ឥស្សរិយយស​ប​ច្ឆា​មរណៈ​ចំនួន ៥ ក្នុងពេល​តែមួយ ដល់​សព​លោក​វណ្ណ ម៉ូលីវណ្ណ​ផងដែរ។

ក្នុងនាម​ជា​ស្ថាបត្យករ​ក៏​ល្បីឈ្មោះ​ម្នាក់ បើ​ទោះ​លោក​វណ្ណ ម៉ូលីវណ្ណ បានធ្វើ​មរណកាល​ទៅ​ក៏ដោយ ក៏ប៉ុន្តែ​លោក​បាន​បន្សល់ទុក​នូវ​ស្នាដៃ​សំណង់ធំៗជាច្រើន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដូចជា សាលសន្និសីទ​ចតុមុខ វិមានឯករាជ្យ ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក វិមាន​រដ្ឋ​ចំការមន វិទ្យា​សា្ថ​ន​ភាសាបរទេស សំណង់​ស្ថានទូត​ខ្មែរ​នៅ​បរទេស និង​អគារ​ស្នាក់នៅ​រួមគ្នា​ជាច្រើន​ផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ