ADD៖ ការផ្សាយព័ត៌មានខ្លះ អាចបង្កហិង្សាផ្លូវចិត្តដល់ជនរងគ្រោះជាស្ត្រីពិការ
ការផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើស ឬ ព័ត៌មានពិតស៊ីជម្រៅហួសហេតុពេក វាអាចធ្វើឲ្យប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ ដល់ជនរងគ្រោះជាស្ត្រី ជាពិសេស គឺស្ត្រីដែលជាជនពិការ។ នេះបើតាមការលើកឡើងរបស់អង្គការ សកម្មភាពលើពិការភាព និងការអភិវឌ្ឍន៍ ឬ ហៅកាត់ថា ADD International នៅក្នុងសិក្ខាសាលា «ការចូលរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ភាពថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រី» ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៤
លោក ស្រី វណ្ណថុន នាយកប្រចាំប្រទេសនៃអង្គការ ADD International បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ណាស់ ក្នុងការលើកកម្ពស់សិទ្ធិរបស់ស្ត្រីជាជនពិការ។ ប៉ុន្តែប្រសិនបើប្រព័ន្ធផ្សព្វផ្សាយ ដូចជាវិទ្យុ ទូរទស្សន៍ ឬ សារព័ត៌មាន បានផ្សព្វផ្សាយបំលែងការពិតរបស់ស្ត្រីជនរងគ្រោះ ឬ ពេលខ្លះបានផ្សព្វផ្សាយពិតហួសហេតុ ដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ លើករណីមួយចំនួន ដូចជាករណីអំពើហិង្សា ឬ ការរំលោភបំពានផ្លូវភេទជាដើម វាអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ស្ត្រីជាជនរងគ្រោះ ជាពិសេសគឺជនពិការតែម្តង រហូតអាចចាត់ទុកថាជាហិង្សាផ្លូវចិត្តមួយផ្នែកដែរ។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់វិទ្យុបារាំងថា ប្រសិនបើមានព័ត៌មានណាមួយ បានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់បុគ្គលណាម្នាក់ នោះជនរងគ្រោះខ្លួនឯងផ្ទាល់ អាចប្រើប្រាស់ប្រព័ន្ធច្បាប់ ទៅកាន់ស្ថាប័នព័ត៌មាននោះបាន ដូចមានចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មានរបស់កម្ពុជា។ តាមលោក អ៊ុក គឹមសេង ជនរងគ្រោះអាចពិភាក្សាពីសេវាផ្លូវច្បាប់ជាមួយនឹងអង្គការដែលធ្វើការពាក់ព័ន្ធលើបញ្ហាស្ត្រី និងក្រសួងកិច្ចការនារីជាដើម ហើយក្រសួងព័ត៌មាន រីករាយក្នុងការសហការដើម្បីចាត់វិធានការលើស្ថាប័នព័ត៌មានណា ដែលផ្សព្វផ្សាយប្រាសចាកក្រមសីលធម៌ វិជ្ជាជីវៈបែបនេះ។
ក្រសួងព័ត៌មាន នៅតែទទូចឲ្យជនរងគ្រោះជាស្ត្រី ប្តឹងទៅកាន់សារព័ត៌មាន ឬ ប្រព័ន្ធផ្សព្វផ្សាយណា ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ឬ សរសេរអត្ថបទ ទម្រង់លែបខាយឌឺដង ដែលបណ្តាលឲ្យបាត់បង់ភាពថ្លៃថ្នូរដល់ស្ត្រី និងនារី ដែលជាជនរងគ្រោះស្រាប់ទៅហើយនោះ។
គួរជម្រាបជូនថា តាមការសង្កេតនាពេលបច្ចុប្បន្ន គេនៅតែឃើញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានដាក់បង្ហាញរូបភាព ឬ សរសេរ ឬ បរិយាយ ចំពោះអំពើហិង្សាលើស្ត្រី រួមមានហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងហិង្សាសេដ្ឋកិច្ចជាដើម ដោយយកមកធ្វើជាព័ត៌មានសម្រាប់កម្សាន្តសប្បាយ កំប្លុកកំប្លែង ដែលប្រាសចាកពីអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងផ្ទុយពេលសេចក្តីប្រកាសរួម រវាងក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ