អានតួអត្ថបទ
កម្ពុជា

ខ្លោង​ទ្វារអង្គរ​សង្រ្កាន្ត​ត្រូវ​បាន​គេ​លួច​ដុត​បន្ទាប់​ពី​មាន​រឿង​ចម្រូង​ចម្រាស់​

បន្ទាប់​ពី​មានរឿង​ចម្រូងចម្រាស់​ជុំវិញ​ការសាងសង់​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​នៅ​ក្នុងតំបន់​អង្គរ​នៅប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះមក​នៅ​យប់​ថ្ងៃ​ទី៦​ឈាន​ចូល​ថ្ងៃទី៧​មេសា​នេះ ​ខ្លោង​ទ្វារ​អង្គរ​សង្ក្រាន្ត​មួយ​ត្រូវបានគេលួច​ដុត​។ដោយ​ឡែក​ចំពោះ​ការ​សាងសង់​ឡើង​វិញ​ឬក៏​យ៉ាង​ណានោះ​នៅមិនទាន់​ដឹង​នៅ​ឡើយទេ ដោយ​ត្រូវ​រង់ចាំ​ការ​ស្រាវជ្រាវ​ពីខាង​សម្ថតិកិច្ច​ជា​មុនសិន។នេះបើ​តាម​ការ​ញ្ជាក់​របស់​អ្នក​នាំពាក្យព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។ 

ខ្លោង​ទ្វារ​ចូល​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ដែល​រង​ការិះ​គន់​
ខ្លោង​ទ្វារ​ចូល​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ដែល​រង​ការិះ​គន់​ @Facebook
ផ្សាយពាណិជ្ជកម្ម

ខ្លោង​ទ្វារ​អង្គរ​សង្ក្រាន្ត​មួយ​ក្នុងចំណោម​ពីរ​ដែល​ត្រូវបាន​សាងសង់​ឡើង​ដើម្បី​អបអរ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ក្នុង​ទឹកអង្គរ​សៀមរាប​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ត្រូវបាន​ដុត​បំផ្លាញ​នៅយប់​ថ្ងៃចន្ទ​ឈាន​ចូល​ថ្ងៃ​អង្គារ​នេះ។ខ្លោង​ទ្វារ​ដែល​ត្រូវ​បាន​ដុត​គឺ​ខ្លោង​ទ្វារ​ដែល​ស្ថិត​នៅខាង​មុខ​ប្រាសាទ​អង្គរវត្ត​មក​ពី​ខាង​ព្រលាន​យន្តហោះ​ហើយ​ខ្លោង​ទ្វារ​មួយទៀត​ដែល​ស្ថិត​នៅកាច់​ជ្រុង​ប៉ូលីស​បេតិកភ័ណ្ឌ​មិនមាន​ការ​ខូច​ខាត​នោះ​ទេ។

 

លោក​សោម​រតនា​អ្នក​នាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បានបញ្ជាក់​ប្រាប់​វិទ្យុបារាំង​នៅ​ព្រឹក​នេះថា​ខាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​មិនទាន់​សម្រេច​ថា​ធ្វើការ​សាងសង់​ខ្លោងទ្វារ​អង្គរសង្រ្កាន្ត​នៅខាងមុខ​ប្រាសាទ​អង្គរវត្ត​ឡើងវិញ​ឬ​ក៏យ៉ាង​ណានោះ​ទេ។ហើយ​ចំពោះ​ការដុត​វិញ​ក៏មិន​ទាន់អាច​ធ្វើ​អត្ថាធិប្បាយ​បានដែរ​ដោយ​ត្រូវ​រង់ចាំ​ការស៊ើប​អង្កេត​ពីខាង​អាជ្ញាធរ​មាន​សម្ថតិកិច្ច​ជា​មុន​សិន។

កាល​ពី​ថ្ងៃចន្ទ​លោក​ហ៊ុន​ម៉ានី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុកថា​ក្រុម​ការងារ​នឹង​ព្យាយាម​កែ​លម្អរ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ខណៈ​ដែល​ការងារ​នេះ​ក៏មិន​ទាន់​រួចរាល់ទាំង​ស្រុង​នៅ​ឡើយ​។ហើយ​ការ​កែ​លម្អរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​មិន​ចង់​ឲ្យ​មាន​ប្រជាពលរដ្ឋ​ក្រុម​ណាមួយ​អាក់អន់​ចិត្ត​ចំពោះ​ការ​តុបតែង​លំអរ​នេះឡើយ។
សូម​បញ្ជាក់​ថា​នៅ​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះ​មាន​ការរិះគន់​យ៉ាង​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជុំវិញ​រចនាបទ​នៅ​លើ​ខ្លោង​ទ្វារ​អង្គរសង្ក្រាន្ត​នៅ​ក្នុង​តំបន់​អង្គរ​ក្នុង​ទឹក​ដី​សៀមរាប។អ្នក​រិះគន់​នៅ​តែបន្ត​ធ្វើឡើង​ហើយ​ការ​ឆ្លើយ​តប​ក៍​មាន​វិញ​ដែរ​ពី​មន្រ្តី​រៀប​ចំ​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​រហូត​ដល់​មន្រ្តី​រដ្ឋា​ភិបាល​ប៉ុន្តែ​ចុង​ក្រោយ​នេះ​ការ​រិះគន់​ត្រូវ​បាន​បង្វែរ​ទិស​ទៅ​រកការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ជា​កា​រិះគន់ដើម្បី​កេង​ចំណេញ​ក្នុង​ហេតុផល​នយោបាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ