អានតួអត្ថបទ
កម្ពុជា

នៅ​តំបន់​អង្គរ​ ពលរដ្ឋ​មិន​ព្រម​រុះរើ​សំណង់​ ខណៈអាជ្ញាធរអប្សរា​នៅតែ​រក្សា​ជំហរ​អនុវត្ត​បទបញ្ជាឲ្យ​រុះ​រើ​!

ថ្ងៃនេះ លំនៅ​ដ្ឋាននិង​តូបលក់ដូរនៅ​តំបន់​អភិរក្ស​អង្គរ គឺត្រូវ​ដល់​ថ្ងៃ​​កំណត់​ឲ្យ​រុះរើ​ហើយ​! ក៏ប៉ុន្តែ ពលរដ្ឋ​នៅ​តែ​មានភាព​ស្ទាក់ស្ទើរ ហើយ​មិន​ទាន់​បាន​រើរុះ ចំណែក​អាជ្ញាធរអប្សរា​នៅតែ​រក្សា​ជំហរ​អនុវត្ត​បទបញ្ជាដដែល។ ភាព​ចម្រូង​ចម្រាស់​នេះ កំពុងតែ​កើត​ឡើង​ខ្លាំងនៅក្នុង​ខេត្ត​សៀមរាម​។​

តូប​លក់ដូរ​របស់​ពលរដ្ឋម្នាក់ សង់​ប្រហែល​ជា​៣០ម៉ែត្រ ពី​របងប្រាសាទ​បន្ទាយក្តី!
តូប​លក់ដូរ​របស់​ពលរដ្ឋម្នាក់ សង់​ប្រហែល​ជា​៣០ម៉ែត្រ ពី​របងប្រាសាទ​បន្ទាយក្តី! @Heng Oudom
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋក្នុង​សង្កាត់​នគរធំ ​ដែល​បាន​ផ្តល់​សម្ភាស​ឲ្យ​វិទ្យុ​បារាំង RFI, ​ពួក​គេ​សុទ្ធតែ​មាន​ភាព​ស្ទាក់​ស្ទើរ ហើយ​អះអាង​ថា​ចាំមើល​សភាពការណ៍ និង​មើល​គេ​មើល​ឯង​សិន។ បុរសម្នាក់ដែល​សង់​តូប​លក់​អ៊ីវ៉ាន់​ ប្រមាណ​៣០ម៉ែត្រ​​ពី​របង​ប្រសាទ​បន្ទាយ​ក្តី និយាយ​ថា គាត់​ទើប​នឹង​សាង​សង់ថ្មីៗ ​តូបតូច​មួយ​​ ទំហំ​៤ម៉ែត្រ សរសរ​ឈើ ប្រក់​ស័ង្កសី គ្មាន​ជញ្ជាំង​ទេ សម្រាប់​ទុក​លក់ដូរ​។

សំឡេង៖ ខ្ញុំ​ខ្ចី​លុយ​ធនាគារ​ដើម្បី​សាងសង់ អស់​ប្រហែល​ជាង​៣ពាន់​ដុល្លារ​.

គួរ​បញ្ជាក់ថា ​សកម្មភាពសាងសង់ និង​ចាក់ដីបំពេញសំណង់ ខុសច្បាប់ក្នុងតំបន់អង្គរ  មាន​ជាង ៥២០ករណី ដែលក្នុងនោះ មានការរំលោភសាងសង់កៀកនឹងកំផែងប្រាសាទ។ អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ថា ​សកម្មភាព​រំលោភ​សាង​សង់ ចាក់ដី​បំពេញ​ខុស​ច្បាប់​ទាំង​នេះ បាន​ក្លាយ​ជា​សកម្មភាព​អវិជ្ជមាន​ដ៏​ធ្ងន់ធ្ងរ ហើយ​ធ្វើ​ឲ្យ​អាប់ឱន​ដល់​កិត្យានុ​ភាព​របស់​កម្ពុជា ក្នុង​ការ​ថែ​រក្សា ​ការ​ពារ ​និង​អភិរក្ស​រមណីយ​ដ្ឋាន​អង្គរ​។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាក់​កំណត់​ឲ្យចំនួន​៧​ថ្ងៃ​ជា​កំហិត​ឲ្យ​រុះរើ ដែល​ត្រូវ​ផុត​កំណត់​នៅថ្ងៃទី​១៥មិថុនា​នេះ។ បើ​ពុំ​ដូច្នោះទេ អាជ្ញាធរ​ជំនាញ​ នឹង​សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​រុះ​រើ​ចេញ​វិញ​។​ នៅ​ថ្ងៃ​នេះតែ​ម្តង អ្នកនាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង គឺនៅតែ​រក្សា​ជំហរ​អនុវត្ត​តាម​បទបញ្ជា​របស់​ខ្លូន​ដដែល។​

ចំពោះ លោក សៀក ចំណាប់ ដែល​ជា​អនាគត​ចៅ​សង្កាត់​ថ្មី កូតា​បក្ស​សង្គ្រោះជាតិ នៅក្នុងសង្កាត់​នគរធំ ដែល​បាន​តាម​ដាន​រឿង​នេះយ៉ាងដិតដល់ និង​បាន​ប្រាប់វិទ្យុ​បារាំង​ថា ការ​សាង​សង់​របស់​ពលរដ្ឋ​នៅមូលដូល​ដ្ឋាន​នោះ  មាន​ទាំង​ផ្ទះ តូប​លក់ដូរ និង​ការ​ចាក់​ដី​ ដែល​ធ្វើ​ឡើង​​ក្នុងអំលុង​ពេល​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​កន្លងទៅនេះ។ ក៏ប៉ុន្តែ​​ នៅក្នុងសង្កាត់​នេះ បក្ស​ប្រជាជនកម្ពុជា ​បាត់​បង់​កៅ​អី​ចៅសង្កាត់ឲ្យ​ទៅ​បក្ស​ប្រឆាំង​ ទើប​មាន​ការ​ចេញ​ដោរ​ធ្ងន់ធ្ងរ​យ៉ាងដូច្នោះ។

ចំពោះ​អនាគត​ចៅ​សង្កាត់​ថ្មី​រូបនេះ គឺទាល់តែ​ថា​មាន​យន្តការ​សម្របសម្រួល​គ្នា​ រវាង​អាជ្ញាធរមូលដ្ឋាន អាជ្ញាធរ​ជាតិ​អប្សរា និង​ពលរដ្ឋ​ បើ​ពុំ​ដូច្នេះ អ្នក​វេទនា​ជាងគេ គឺ​ពលរដ្ឋ​ដែល​ខ្ចី​លុយ​ធនាគារ​ សាង​សង់ផ្ទះ និងតូប​​ដើម្បី​លក់ដូរ​រកស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ