អានតួអត្ថបទ
កម្ពុជា

កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក បិទ​បញ្ចប់​ដោយ​សេចក្ដី​ថ្លែង​ការណ៍​រួម​១៧​ចំណុច

កិច្ច​ប្រជុំ​កំពូល​អាស៊ាន អាមេរិក ដែល​ចាប់​ផ្ដើម​នៅ​យប់​ថ្ងៃ​ចន្ទ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ នៅ​យប់​ថ្ងៃ​អង្គារ ​នៅ​សហរដ្ឋ​អាមេរិក ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ពុធ​នេះ ​នៅ​កម្ពុជា​។ លទ្ធផល​នៃ​កិច្ច​ប្រជុំនេះ ត្រូវ​បាន​បូក​សរុប​​​ដោយ​សេចក្ដី​ថ្លែង​ការណ៍​រួម​​ ចែង​ពី​បញ្ហា​នានា​ចំនួន​១៧​ចំណុច​​។ ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ទាំង​១៧​ចំណុច​នោះ មាន​៤​ចំណុច​រួច​ទៅ​ហើយ ដែល​និយាយ​សំដៅ​ដល់​​ប្រទេស​ចិន និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​។ យ៉ាង​ណា​ក៏​ដោយ បញ្ហា​​ប្រទេស​ចិន និង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ គ្រាន់​តែ​ត្រូវ​បាន​លើក​ឡើង​យ៉ាង​សើរ​ៗ និង​ដោយ​ប្រយោល​​តែ​ប៉ុណ្ណោះ ខណៈ​ដែល​ចិន​ ទើប​តែ​ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីលបា​ញ់​លើ​​អាកាស​​​ដ៏​​ទំនើប​​ទៅ​​កាន់​​កោះ​​ជម្លោះ​ប៉ារ៉ាសែល​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ ឆ្នាំ២០១៦
កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ ឆ្នាំ២០១៦ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍រួម​ដែល​ចំនួន​១៧​ចំណុច អាមេរិក​និង​អាស៊ាន បាន​បង្ហាញ​​ការ​ប្ដេជ្ញា​ចិត្តរួម​គ្នា ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​។ ដើម្បី​សម្រេច​កិច្ច​ការ​នេះ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ បាន​ប្រកាស​ពី​​ការ​បង្កើត​ការិយាល័យ​សេដ្ឋកិច្ច​ចំនួន​៣ នៅ​ទីក្រុង​ចាកាតា​ប្រទេស​ឥណ្ឌូនេស៊ី ទីក្រុង​បាងកក​ប្រទេស​ថៃ និង​នៅ​ប្រទេស​សិង្ហបុរី​។ ការិយាល័យ​សេដ្ឋកិច្ច​ថ្មី​ទាំង​បី​នេះ ត្រូវ​បាន​លោក អូបាម៉ា វាយ​តម្លៃ​ថា អាចធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​​​ទំនាក់​ទំនងរវាង​អ្នក​វិនិយោគ ក៏​ដូច​ជា​​សេដ្ឋកិច្ចនៃ​ប្រទេស​​អាស៊ាន​និង​អាមេរិក​។

ក្រៅ​ពី​នោះ បញ្ហា​ផ្សេង​ទៀត ដូច​ជា​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ ការ​ការពារ​សិទ្ធិ​មនុស្ស ​អភិបាលកិច្ច​ល្អ និង​បរិស្ថាន ព្រម​ទាំង​បញ្ហា​​​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ពិភពលោក​ ​ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នេះ​ផង​ដែរ​។ អាមេរិក​និង​អាស៊ាន ប្ដេជ្ញា​រួម​​ចំណែក​ដោះ​ស្រាយ​បញ្ហា​អំពើ​ភេរវកម្ម  ភាព​ជ្រុល​និយម​ហិង្សា  ការ​ជួញ​ដូរ​មនុស្សនិង​គ្រឿង​ញៀន ការ​នេសាទ​ខុស​ច្បាប់ ព្រម​ទាំងការ​ជួញ​ដូរ​សត្វ​ព្រៃ​និង​ព្រៃ​ឈើ​ខុស​ច្បាប់ជា​ដើម។

ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​​នោះ អាមេរិក​និង​អាស៊ាន​មិន​បាន​លើក​ឡើង​ដោយ​ចំពោះ ចំ​ៗ អំពី​ប្រទេស​ចិន​ឬ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ឡើយ បើ​ទោះ​បី​ជា​ប្រធានបទ​ទាំង​ពីរ​នេះ ត្រូវ​បាន​មេដឹកនាំ​អាស៊ាន​និង​អាមេរិក ជជែក​ពិភាក្សា​គ្នា​យ៉ាង​តឹង​សរសៃ​ករួច​មក​ហើយ​​ក្ដី​។ មិន​បាន​លើក​ឡើង​ចំ​ៗក៏​ពិត​មែន ប៉ុន្តែ​ក្នុង​ចំណោម​ខ្លឹម​សារ​ទាំង​១៧​ចំណុច​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​នោះ មាន​៤​ចំណុច​រួច​ទៅ​ហើយ ដែល​គេ​អាច​យល់​បាន​ថា សំដៅ​​សើរ​ៗ ​ដល់​ប្រទេស​ចិន និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​។

ក្នុងគោលដៅ​ថែ​រក្សា​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់ អាមេរិកនិងអាស៊ាន បាន​អះអាង​ថា ខ្លួន​នឹង​រួម​គ្នា​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការណ៍ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជា​ទូទៅ នៅ​ក្នុង​ដែន​សមុទ្រ​ដោយ​សន្តិវិធី​។ ក្រៅ​ពី​នោះ ចំពោះ​បញ្ហា​​សន្តិសុខ​នៃនាវាចរណ៍ ប្រទេស​ទាំង​១១ ប្ដេជ្ញា​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​នាវា​ចរណ៍ និង​ការ​ហោះ​ហើរ​នៅ​លើ​សមុទ្រ​អន្តរជាតិ ធ្វើ​យ៉ាង​ណា​ឲ្យ​ស្រប​ទៅ​នឹង​អនុសញ្ញា​ និង​ច្បាប់​សមុទ្រ​អន្តរជាតិ។

សូម​ជម្រាប​ជូន​ថា បន្ទាប់​ពី​ជំនួប​កំពូល​អាស៊ាន​អាមេរិក​បិទ​បញ្ចប់ ប្រធានាធិបតីអាមេរិក​លោក​ អូបាម៉ា ​បានអំពាវនាវ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​តាម​ភាព​ជាក់​ស្តែង ដោយ​មិន​ឱ្យមាន​ការ​កសាង​ថ្មី នៅ​លើ​ដែន​ទឹក​ជម្លោះ​ឡើយ​។ ការ​អំពាវនាវ​របស់​លោក​អូបាម៉ា​ដូច្នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​តែ​បន្ត​សាង​សង់​កោះ​សិប្បនិមិត្ត​នៅ​លើ​ដែន​ទឹក​​ជម្លោះ​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។

ទន្ទឹម​គ្នា​នេះ រូបភាព​ផ្កាយ​រណប​នៅ​ថ្ងៃ​ទី​១៦​កុម្ភៈ បាន​បង្ហាញ​ឲ្យ​ឃើញ​ទៀត​ថា ចិន​បាន​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​បាញ់​លើ​អាកាស​ដ៏​ទំនើប ទៅ​កាន់​កោះ​ជម្លោះ​ប៉ារ៉ាសែល ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ការ​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​ដ៏​ទំនើប​នេះ គឺ​ជា​ការ​បង្ហាញ​សាច់​ដុំ​ថ្មី​មួយ​ទៀត​របស់​ចិន បន្ទាប់​ពី​​អាមេរិក​បាន​ជួប​ប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេ​ដឹក​នាំ​បណ្ដា​ប្រទេស​អាស៊ាន នៅ​លើ​ទឹក​ដី​សាន់នីឡេន រដ្ឋ​កាលីហ្វ័រញ៉ា របស់​អាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ