លោកហ៊ុន សែន អំពាវនាវឲ្យអ្នកទទួលខុសត្រូវបើកល្បែងជល់មាន់ចូលខ្លួនឲ្យសមត្ថកិច្ច
ប៉ូលីសខេត្តកណ្តាលនៅថ្ងៃទី៤ខែធ្នូនេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងជល់មាន់ នៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ដោយឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ជាង១០០នាក់។ ការបង្ក្រាបបនល្បែងជល់មាន់ខុសច្បាប់ដ៏ធំនេះ ត្រូវប្រមុខរដ្ឋាភិបាលព្រមានថានឹងចាប់ខ្លួនអ្នកទទួលខុសត្រូវ ប្រសិនជាមិនចូលខ្លួនឲ្យសមត្ថកិច្ច។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៨
មនុស្សប្រមាណជា១៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេកំពុងលេងល្បែងភ្នាល់ជល់មាន់ នៅក្នុងដីឡូដ៍ដ៏ធំមួយ នៅក្នុងស្រុកល្វាឯមទឹកដីខេត្តកណ្តាល។ សមត្ថកិច្ចដែលប្រដាប់ដោយកាំភ្លើងវែង បានរឹបអូសរថយន្តចំនួន៥០គ្រឿង និងម៉ូតូប្រមាណ២០០គ្រឿង រួមទាំងមាន់ជល់ជាច្រើនទៀតផង។ ក្នុងចំណោមរថយន្តរបស់អ្នកញៀនល្បែងជល់មាន់ដែលភ្នាល់ប្រាក់រាប់ពាន់ដុល្លារនោះ ត្រូវគេសង្កេតឃើញថា មានម្ចាស់ជាមន្ត្រីរាជការស៊ីវិល ប្រជាពលរដ្ឋនិងជាមន្ត្រីយោធាផងដែរ។
ការបង្ក្រាបសង្វៀនប្រជល់មាន់ដែលដឹកនាំដោយព្រះរាជ្ញអាជ្ញាតុលាការខេត្តកណ្តាលនេះ សមត្ថកិច្ចក្រសោបបានអ្នកលេងភ្នាល់ស្ទើរទាំងអស់ និងត្រៀមរថយន្តទេសចរណ៍ជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនអ្នកញៀនល្បែងទៅកាន់ស្នងការដ្ឋានប៉ូលីសខេត្តកណ្តាល។ ជាមួយគ្នានេះ សង្វៀនប្រជល់មាន់ប្រៀបដូចកូនស្តាតមួយ សង់ពីដែកដំបូលសង្កសី ត្រូវបានកំទេចចោលដោយអេស្កាវ៉ាទ័រ។
ជាទូទៅប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ភ្នាល់ដាក់ប្រាក់ដែលបានប្រើប្រាស់កំលាំងសមត្ថកិច្ចជិត២០០នាក់នេះ មិនត្រូវបានចាប់ខ្លួនអ្នកទទួលខុសត្រូវ ឬក៏ជាខ្នងបង្អែកដែលបើក កន្លែងហាមឃាត់ដោយច្បាប់នេះទេ។ ទោះជាមានការរារែកពីសមត្ថកិច្ចក្នុងការបញ្ជាក់ពីម្ចាស់ទីតាំង ដែលទំនងជាមានមុខងារធំដុំក្នុងសង្គម ក៏ដោយក៏រឿងនេះមានប្រតិកម្មភ្លាមៗពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែរ។
នៅរសៀលនេះ លោកនាយករដ្ឋមន្ត្រី តាមរយៈកាសែតអនឡាញ Fresh News បានបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់នៅអរិយក្សត្រ ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ លោកនឹងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះណាជាអ្នកនោះជាក្មួយឬជាក្មួយប្រសាររបស់លោកក៏ដោយ។ នេះបើតាមលោកហ៊ុន សែន ថ្លែងប្រាប់Fresh News។
គួររំលឹកដែរថា កាលពីថ្ងៃម្សិលមិញ ការបង្ក្រាបល្បែងជល់មាននេះ ក៏បានកើតឡើងជាទ្រង់ទ្រាយធំដែរនៅឯខេត្តតាកែវ។ សូមបញ្ជាក់ថា ករណីបើកល្បែងជល់មាន់នេះ ត្រូវគេរិះគន់ថា ប្រៀបដូចវែកចកដូច្នោះដែរ។ ការដែលហ៊ាននិងអាចបើកកន្លែងជល់មាន់បានមិនមែនជាពលរដ្ឋធម្មតាអាចធ្វើទៅបាននោះទេ។ ល្បែងជល់មាន់ បានធ្វើឲ្យក្រុមគ្រួសារមួយចំនួន បាត់បង់សេចក្តីសុខ ខាតបង់ទ្រព្យសម្បត្តិ បង្កអំពើហឹង្សារក្នុងគ្រួសារជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ