អានតួអត្ថបទ
កម្ពុជា

កិច្ច​ប្រជុំ​ចង្អៀត​កម្ពុជា-វៀតណាម​អាច​ពុំ​មាន​លទ្ធផល

កិច្ច​ប្រជុំ​ចង្អៀត​ស្តីពី​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ថ្ងៃ​ចន្ទ ទី​២៩ សីហា​នេះ បាន​ចាប់​ផ្តើម​តាម​ការ​គ្រោង​ទុក។ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង ដោយ​ឡែក​ភាគី​វៀតណាម ដឹកនាំ​ដោយ លោក ឡេ ហួយជុន (Le Hoai Trung)។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សារ​ពី​កម្ពុជា ​ជុំវិញ​ការ​កសាង​ប៉ុស្តិ៍​យោធា​នៅ​តំបន់​តាម​ព្រំដែន​ ដែល​មិន​ទាន់​ឯកភាព​គ្នា។

កិច្ច​ប្រជុំ​ចង្អៀត​ស្តីពី​ព្រំដែន​កម្ពុជា​វៀតណាម ​នៅ​ថ្ងៃ​ចន្ទ​ ទី​២៩​ សីហា​នេះ។
កិច្ច​ប្រជុំ​ចង្អៀត​ស្តីពី​ព្រំដែន​កម្ពុជា​វៀតណាម ​នៅ​ថ្ងៃ​ចន្ទ​ ទី​២៩​ សីហា​នេះ។
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​ចង្អៀត​នៅ​ភ្នំពេញ​រវាង​កម្ពុជា​និង​វៀតណាម អាច​ពិបាក​នឹង​មាន​លទ្ធផល​ល្អ។ ភាគី​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ទាំងពីរ​ភាគី​ខ្មែរ និង​វៀតណាម ប្រកាន់​គោល​ជំហ​យក​ប្រយោជន៍​រៀង​ខ្លួន ហើយ​ថា​តាន​តឹង។ លោក​ស្រី​កុយ ពិសី អនុប្រធាន​លេខាធិការ​ដ្ឋាន​ អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​ព្រំដែន បាន​ឱ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​ពី​ការ​កសាង​អគារ និង​ការ​ជីក​ស្រះ និង​ការ​កសាង​ផ្លូវ​បេតុង​នៅ​ខេត្ត​រតនៈ​គីរី​ជា​ដើម។ ក្រៅ​ពី​នេះ ភាគី​ ដែល​ជជែក​មិន​ដាច់​ស្រាច់​ជាមួយ​គ្នា​នេះ ក៏​ពិភាក្សា​ស្តីពី​ការ​សុំ​ជំនួយ​បច្ចេក​ទេស​ព្រំដែន​ពី​ភាគី​បារាំង ដែល​ជា​អតីត​ប្រទេស​ដាក់​អាណានិគម​នៅ​ឥណ្ឌូចិន​ផង​ដែរ។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​ចង្អៀត​នេះ គឺ​មិន​មែន​ជា​កិច្ច​ប្រជុំ​ជា​ប្រចាំ​របស់​គណៈកម្មការ​ព្រំដែន​កម្ពុជា វៀតណាម ដូច​សព្វ​មួយ​ដង​នោះ​ឡើយ ប៉ុន្តែ​ជា​កិច្ច​ប្រជុំ​ចង្អៀត​ ដែល​ធ្វើ​ឡើង​ក្រោយ​កំណត់​ទូត​តវ៉ា​សាជាថ្មី​របស់​កម្ពុជា​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ដែល​មិន​បាន​ឆ្លើយ​តប​ ហើយ​ផ្ទុយ​ទៅ​វិញ​នៅ​តែ​បន្ត​សកម្មភាព​នៅ​តាម​តំបន់​ស ក្នុង​បណ្តោយ​ព្រំដែន​កម្ពុជា-​វៀតណាម​​ដូចជា​ការ​កសាង​ផ្លូវ ប៉ុស្តិ៍​រដ្ឋបាល អគារ និង​ប៉ុស្តិ៍​ច្រក​ទ្វា​ជា​ដើម។ លោក​អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ​កិច្ចការ​បរទេស និង​ជា​ប្រធាន​វេទិកា​អនាគត បាន​លើក​ឡើង​ថា ​ការ​ចរចា​អាច​មិន​មាន​លទ្ធផល​ផ្លែផ្កា​នោះ​ទេ ព្រោះ​ថា កម្ពុជា​នៅ​មាន​បញ្ហា​សេដ្ឋកិច្ច​មិន​ទាន់​រឹងម៉ាំ ដោយ​ឡែក​បញ្ហា​នយោបាយ​កម្ពុជា​ក៏​គ្មាន​សាមគ្គី​ផ្ទៃ​ក្នុង​ផង​ដែរ។ អ្នក​វិភាគ​រូប​នេះ​បន្ត​ថា​ជម្រើស​កម្ពុជា​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ចរចា​នោះ​ទេ ព្រោះ​កម្ពុជា​មិន​អាច​ប្រើប្រាស់​កម្លាំង​ទ័ព​ជាមួយ​វៀតណាម​បាន​នោះ​ឡើយ។ អ្នក​វិភាគ​រូប​នេះ គូស​បញ្ជាក់​ថា វៀតណាម​គឺ​កំពុង​ផ្គើន​កម្ពុជា និង​រុញ​បញ្ហា​ព្រំដែន​នេះ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ឈឺ​ក្បាល។

សូម​កត់​សម្គាល់​ថា កម្ពុជា​បាន​ផ្ញើ​កំណត់ទូត​ចំនួន​២៣ និង​លិខិត​ចំនួន​១​ទៅ​កាន់​វៀតណាម ដើម្បី​តវ៉ា​អំពី​ការ​រំលោភ​បំពាន​តាម​បន្ទាត់​ព្រំ​ដែន​កម្ពុជា​-វៀតណាម​ដែល​មាន​នៅ​ក្នុង​ខេត្ត​រតនៈគីរី មណ្ឌលគីរី ស្វាយរៀង កណ្តាល និង​ខេត្ត​តាកែវ​ជា​ដើម​។

យ៉ាងណា​ក៏​ដោយ លោក​អ៊ូ វីរៈ បាន​មើល​ឃើញ​ថា ជម្លោះ​ព្រំដែន​កម្ពុជា និង​វៀតណាម គឺ​មិន​ធ្ងន់​ធ្ងរ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ