ព្រះសង្ឃត្រូវបានហាមនិមន្តចូលកន្លែងរៀបចំបុណ្យអុំទូក
ព្រះសង្ឃត្រូវបានហាមឃាត់ចូលទៅក្នុងតំបន់មួយចំនួន ដែលកំពុងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកានេះ។ ការហាមប្រាមនេះ គឺដោយសារតែនៅក្នុងពិធីបុណ្យអុំទូក កន្លងមក គេតែងសង្កេតឃើញថា មានព្រះសង្ឃអង្គខ្លះ បាននិមន្តចូលទៅក្នុងកន្លែងប្រារព្ធពិធី និងកន្លែងកំសាន្តផ្សេង ៗ ក្នុងចំណោមហ្វូងមនុស្សកកកុញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៥
នៅក្នុងសេចក្តីណែនាំ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សាលាគណរាជធានីភ្នំពេញបានហៅសកម្មភាព និងរូបភាព ព្រះសង្ឃមានវត្តមាននៅក្នុងចំណោមហ្វូងមនុស្សក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថាបានធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃនៃព្រះពុទ្ធសាសនា សេចក្តីថ្លៃថ្នូរភេទជាអ្នកបួស និងធម៌វិន័យ អភិសមាចារ និងជះឥទ្ធិពលដល់ជំនឿព្រះពុទ្ធសាសនា ព្រមទាំងមានការមិនសប្បាយចិត្តពីពុទ្ធបរិស័ទថែមទៀត។
ជាមួយគ្នានេះ សាលាគណរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ព្រះសង្ឃមិនត្រូវមានវត្តមាននៅក្នុងតំបន់ A ចាប់ពី A1 រហូតដល់ A12 ពោលគឺចាប់ពីវិមានឯករាជ្យរហូតដល់ស្ពានជ្រោយចង្វាខាងជើង រួមមានវត្តភ្នំ មុខវាំង សួនមុខវត្តបទុមវតី Naga World កោះពេជ្រ ផ្សារចាស់ និងផ្សារកណ្តាល។ សេចក្តីណែនាំ ដែលធ្វើឡើងនៅក្នុងក្របខណ្ឌសាលាគណរាជធានីភ្នំពេញ បានប្រាប់ឲ្យអនុគណគ្រប់ខណ្ឌ និងមន្ត្រីសង្ឃគ្រប់វត្ត ចាត់វិធានការផ្សព្វផ្សាយ ដើម្បីជ្រាបជាដំណឹងដល់ព្រះសង្ឃក្រោមឱវាទគ្រប់អង្គ។
ជុំវិញការហាមប្រាមមិនឲ្យព្រះសង្ឃមានវត្តមាននៅតំបន់មួយចំនួន ដែលអាជ្ញាធរកំពុងរៀបចំពិធីបុណ្យអុំទូក និងពោរពេញដោយមនុស្សម្នានោះ អ្នកតាមដានសង្គម និងសាសនានានា បានសម្តែងការគាំទ្រចំពោះចំណាត់ការនេះ។
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិតសភាកម្ពុជា បានឲ្យដឹងថា លោកសម្តែងការគាំទ្រដល់ការណែនាំរបស់មន្ត្រីសង្ឃជាន់ខ្ពស់ ដល់ព្រះសង្ឃទាំងអស់ មិនឲ្យចូលទៅក្នុងកន្លែងប្រារព្ធពិធីបុណ្យអុំទូកនេះ។ ក៏ប៉ុន្តែ លោកជម្រុញឲ្យមានចំណាត់ការបែបនេះ នៅក្នុងករណីជាច្រើនទៀត ដែលជះឥទ្ធិពលទៅដល់ភាពថ្លៃថ្នូររបស់អ្នកបួស។
សូមបញ្ជាក់ថា ព្រះសង្ឃខ្មែរអង្គខ្លះ ជារឿយៗ តែងតែបំពានទៅនឹងធម៌វិន័យ ក្នុងនាមជាអ្នកបួស ដូចជានិមន្តចូលបិណ្ឌបាត នៅក្នុងទីប្រជុំជន ដែលមានការកំសាន្តសប្បាយ នៅក្នុងផ្សារ និងនៅតាមកន្លែងមួយចំនួនទៀត ដែលមិនសមរម្យសម្រាប់ព្រះសង្ឃ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ