អានតួអត្ថបទ
កម្ពុជា-ចិន

កម្ពុជា-ចិន ប្តេជ្ញា​សម្រេច​ឲ្យ​បាន​ទំហំ​ពាណិជ្ជកម្ម ៦​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០២០

បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​ស្តី​ពី “ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ” លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន​ស្រាប់ បាន​ផ្តើម​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​របស់​ខ្លួន​នៅ​ទី​នោះ​កាល​ពី​ម្សិល​មិញ និង​បញ្ចប់​នៅ​ថ្ងៃ​នេះ។ ម្សិល​មិញ លោក​ហ៊ុន សែន បាន​ជួប​ជាមួយ​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ប្រធាន​សភា​តំណាង​ប្រជាជន​ចិន នាយក​រដ្ឋមន្រ្តី​ចិន និង​ចូល​រួម​ក្នុង​វេទិកា​ជំរុញ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម និង​ទេសចរណ៍​កម្ពុជា-ចិន ឆ្នាំ ២០១៧។ ចំពោះ​បញ្ហា​ពាណិជ្ជកម្ម ចិន និង​កម្ពុជា​បាន​ប្តេជ្ញា​ថា នឹង​ជំរុញ​ឲ្យ​បាន​ទំហំ ៦​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០២០។

កម្ពុជា-ចិន ប្តេជ្ញា​​សម្រេច​​ឲ្យ​​បាន​​ទំហំ​​ពាណិជ្ជកម្ម ៦​​ពាន់​​លាន​​ដុល្លារ​​នៅ​​ក្នុង​​ឆ្នាំ ២០២០
កម្ពុជា-ចិន ប្តេជ្ញា​​សម្រេច​​ឲ្យ​​បាន​​ទំហំ​​ពាណិជ្ជកម្ម ៦​​ពាន់​​លាន​​ដុល្លារ​​នៅ​​ក្នុង​​ឆ្នាំ ២០២០
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​រយៈ​ពេល ៥០​នាទី​រវាង​នាយក​រដ្ឋមន្រ្តី​ចិន​លោក​លី ឃឺឈាំង និង​នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក​ហ៊ុន សែន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ភាគី​ទាំង​ពីរ​បាន​គូស​បញ្ជាក់​រួម​គ្នា​ថា នឹង​បង្កើន​វិសាល​ភាព និង​កម្រិត​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ចំនួន ៦​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០២០។ តាម​រយៈ​នេះ​ភាគី​ចិន​បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​ផ្តល់​ជំនួយ​តាម​សមត្ថភាព​របស់​ខ្លួន​ដល់​កម្ពុជា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង លើក​កម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា និង​គាំទ្រ​ដល់​សហគ្រាស​ចិន​ដើម្បី​ជំរុញ​គម្រោង​មួយ​ចំនួន ដូច​ជា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ និង​ព្រលាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​សៀមរាប ព្រម​ទាំង​សាង​សង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​រួម​គ្នា។

 
ជា​ការ​សម្គាល់ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង កម្ពុជា និង​ចិន បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ជា​មធ្យម ២៦% ក្នុង​រយៈ​ពេល​ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ។ នៅ​ក្នុង​ឆ្នាំ ២០១៦​កន្លង​ទៅ ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ចិន និង​កម្ពុជា បាន​កើន​ដល់​ ៤​ពាន់​ ៨​រយ​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ទំហំ ៨៣០ លាន​ដុល្លារ​អាមេរិក និង នាំ​ចូល​មាន​ប្រមាណ​ជា ៣​ពាន់​ ៩​រយ​លាន​ដុល្លារ​អាមេរិក ។ ចិន គឺ​ជា​ប្រទេស​វិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​គិត​ត្រឹម​ឆ្នាំ​ ២០១៦ វិនិយោគ​របស់​ចិន​កើន​ដល់ ៥​ពាន់​១​រយ​លាន​ដុល្លារ​ដែល​ផ្តោត​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា កម្មន្តសាល សំណង់ វាយនភ័ណ និង​អគ្គសនី។ ចំណែក​ភ្ញៀវ​ទេសចរណ៍​ចិន​មក​កម្ពុជា​បាន​កើន​ដល់ ៨៣​ម៉ឺន​នាក់​នៅ​ក្នុង​ឆ្នាំ ២០១៦ គឺ​បាន​កើន​ឡើង​២០%​បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ ដោយ​ឡែក នៅ​ឆ្នាំ​ក្រោយ​នេះ ចិន​ក៏​បាន​យល់​ព្រម​ឲ្យ​កម្ពុជា​នាំ​ចូល​អង្ករ ៣០​ម៉ឺន​តោន​ផង​ដែរ។

សូម​បញ្ជាក់​ដែរ​ថា ក្រៅ​ពី​តែ​ជា​ប្រទេស​វិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា ចិន​ក៏​ជា​ប្រទេស​ដែល​ផ្តល់​ប្រាក់​កម្ចី​ច្រើន​ជាង​គេ​ដល់​កម្ពុជា​ថែម​ទៀត។ គិត​ត្រឹម​ឆ្នាំ ២០១៦ កម្ពុជា​បាន​ខ្ចី​លុយ​ចិន​ចំនួន​ជាង ៣​ពាន់ ៥​រយ​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ចំណោម​បំណុល​បរទេស​សរុប​ទាំង​អស់​ចំនួន​ជាង ៨​ពាន់​៣​រយ​លាន​ដុល្លារ​អាមេរិក​ទាំង​ទ្វេ​ភាគី និង​ពហុ​ភាគី។ ចំពោះ​ទ្វេ​ភាគី ក្រៅ​ពី​ចិន កម្ពុជា​ក៏​បាន​ខ្ចី​លុយ​ពី​ជប៉ុន​ចំនួន​ប្រមាណ ៨៩៩​លាន​ដុល្លារ ខ្ចី​កូរ៉េ​ខាង​ត្បូង​ចំនួន​ជិត​៥១០​លាន​ដុល្លារ ខ្ចី​បារាំង​ជាង​១២៤​លាន​ដុល្លារ ខ្ចី​ថៃ​ជាង​៨៦​លាន​ដុល្លារ វៀតណាម​ជាង​៤៤​លាន​ដុល្លារ ម៉ាឡេស៊ី​ជាង​៧​លាន​ដុល្លារ និង​ឥណ្ឌា​ជាង​៧៥​លាន​ដុល្លារ​អាមេរិក។ ចំណែក​សម្រាប់​ពហុភាគី​វិញ កម្ពុជា​បាន​ខ្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ចំនួន​ជាង​២​ពាន់​លាន​ដុល្លារ ពី​ធនាគារ​ពិភព​លោក​ចំនួន​ជាង ៧៩៣​លាន​ដុល្លារ មូល​និធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​កសិកម្ម​ចំនួន​ជាង ៨៦​លាន​ដុល្លារ មូលនិធិ​អភិវឌ្ឍន៍​ន័រឌីក ជាង ១០​លាន​ដុល្លារ និង​មូលនិធិ​អូប៉ិច​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ចំនួន​ជាង ៦៩​លាន​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ