អានតួអត្ថបទ
កម្ពុជា-វៀតណាម

វៀតណាម​ជីក​ផ្តាច់​ផ្លូវ​ចេញ​ចូល​ព្រំដែន​ខេត្ត​រតនគីរី ឆ្លើយ​តប​កម្ពុជា ដែល​មិន​ព្រម​បើក​ច្រក បន្ថែម

កាល​ពី​អំឡុង​ខែ​ធ្នូ​ឆ្នាំ​មុន​នេះ ភាគី​វៀតណាម បាន​ជីក​ផ្តាច់​ផ្លូវ​ចេញ​ចូល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ស្ថិត​នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ដើម្បី​ឆ្លើយ​តប​មក​កាន់​ភាគី​កម្ពុជា ដែល​មិន​ព្រម​ធ្វើ​តាម​សំណើ​របស់​ខ្លួន ដែល​សុំ​ឱ្យ​បើក​ច្រក​ទ្វេ​ភាគី​បន្ថែម។ បើ​តាម​របាយការណ៍​របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី ដែល​ផ្សព្វ​ផ្សាយ នៅ​ថ្ងៃ​ទី​០៨ ​ខែ​មករា ឆ្នាំ​២០១៨​នេះ នេះ​គឺ​ជា​លើក​ទី​២​ហើយ នៅ​ក្នុង​អំឡុង​ខែ​ធ្នូ​ឆ្នាំ​មុន ដែល​ភាគី​វៀតណាម បាន​ធ្វើ​សកម្មភាព​បែប​នេះ។

វៀតណាម​ជីក​ផ្តាច់​ផ្លូវ​ចេញ​ចូល​ព្រំដែន​ខេត្ត​រតនគីរី ឆ្លើយ​តប​កម្ពុជា ដែល​មិន​ព្រម​បើក​ច្រក បន្ថែម
វៀតណាម​ជីក​ផ្តាច់​ផ្លូវ​ចេញ​ចូល​ព្រំដែន​ខេត្ត​រតនគីរី ឆ្លើយ​តប​កម្ពុជា ដែល​មិន​ព្រម​បើក​ច្រក បន្ថែម @Fresh news
ផ្សាយពាណិជ្ជកម្ម

សកម្មភាព​វៀតណាម​បិទ​ច្រក​ទ្វារ​ទាំង​៤​កន្លែង​នោះ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី ២៣ ធ្នូ ចុង​ឆ្នាំ​២០១៧​មក។ ជា​សកម្មភាព​ដែល​ភាគី​វៀតណាម​បាន​ធ្វើ​ឡើង ដើម្បី​ឆ្លើយ​តប​មក​កាន់​ភាគី​កម្ពុជា ដែល​បាន​ប្រកាស​បដិសេធ​បើក​ច្រក​ទ្វេ​ភាគី​បន្ថែម​យ៉ាង​តិច​ចំនួន​៤​កន្លែង ស្ថិត​នៅ​ក្នុង​ស្រុក​អណ្តូង​មាស ខេត្ត​រតនគីរី ឈម​នឹង​ខេត្ត​កន្ទូម ប្រទេស​វៀតណាម។ នេះ​បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី កាល​ពី​ថ្ងៃ​ទី ២៥ ធ្នូ ប៉ុន្តែ​ទើប​តែ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៨ មករា នេះ។

បើ​តាម​របាយការណ៍ ផ្ញើ​ជូន​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​នេះ កាល​ពី​ថ្ងៃ​ទី ២៣ ធ្នូ កង​ទ័ព​ការពារ​ព្រំដែន​វៀតណាម​ប៉ុស្តិ៍​លេខ​៧០៣ បាន​ធ្វើ​របង​បិទ​ផ្លូវ​៤​កន្លែង ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ទំនាក់​ទំនង​ចេញ​ចូល​រវាង​ប៉ុស្តិ៍​ការពារ​ព្រំដែន ចំណុច​បង្គោល​លេខ ១៧, ១៨, ១៩, និង​ចំណុច​១៩/៥។ ការ​បិទ​ផ្លូវ​ធ្វើ​ដំណើរ​ចេញ​ចូល​រវាង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខេត្ត​កន្ទូម​វៀតណាម និង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខេត្ត​រតនគីរី​ជា​ឯក​តោ​ភាគី​នេះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​នៃ​ប្រជាពលរដ្ឋ​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​ផ្តាច់​ធ្វើ​ទំនាក់​ទំនង​រវាង​ប៉ុស្តិ៍​ការពារ​ព្រំដែន​កម្ពុជា​លេខ ២០៣ ជាមួយ​ភាគី​វៀតណាម​ផង​ដែរ។

ការ​បិទ​ច្រក​ទ្វេ​ភាគី​ជា​ឯកតោ​ភាគី ពី​សំណាក់​កង​ទ័ព​ការពារ​ព្រំដែន​វៀតណាម គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាគី​កម្ពុជា ដែល​មិន​ព្រម​ធ្វើ​តាម​សំណើ​របស់​ខ្លួន ដែល​សុំ​ឱ្យ​បើក​ច្រក​ទ្វេ​ភាគី​បន្ថែម។ បើ​តាម​របាយការណ៍​នេះ​ថា កាល​ពី​ថ្ងៃ​ទី ១១ ធ្នូ អាជ្ញាធរ​ខេត្ត​រតនគីរី និង​ខេត្ត​កន្ទូម ប្រទេស​វៀតណាម​បាន​ប្រជុំ​ពិភាក្សា​គ្នា​បើក​ច្រក​ទ្វេ​ភាគី​ចំនួន​៤​កន្លែង ស្ថិត​នៅ​ម្តុំ​បង្គោល​ព្រំដែន​លេខ​៤/២ លេខ​១០ លេខ​១៣ និង​លេខ​៩ ប៉ុន្តែ​ក្នុង​នោះ ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​តែ​១​ចំណុច​ប៉ុណ្ណោះ គឺ​ត្រង់​បង្គោល​ព្រំដែន​លេខ​១៩។ ចំណែក​ច្រក​ទ្វារ​៣​ចំណុច​ទៀត ភាគី​ខេត្ត​រតនគីរី មិន​ឯកភាព​ទេ ដោយ​សារ​ច្រក​ទាំង​៣​នោះ គឺ​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ ហើយ​ពុំ​មាន​ប្រជាពលរដ្ឋ​រស់​នៅ និង​ឆ្លង​កាត់​នោះ​ទេ។

គួរ​ជំរាប​ជូន​ថា នេះ​គឺ​ជា​លើក​ទី​២​ហើយ នៅ​ក្នុង​ខែ​ធ្នូ​កន្លង​ទៅ​នេះ ដែល​កង​ទ័ព​ការពារ​ព្រំដែន​ខេត្ត​កន្ទូម​នៃ​ប្រទេស​វៀតណាម បាន​បិទ​ផ្លូវ​ធ្វើ​ដំណើរ​ចេញ​ចូល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​សកម្មភាព​លើក​ទី​១ វៀតណាម​បាន​ជីក​ផ្តាច់​ផ្លូវ​ត្រង់​បង្គោល​ព្រំដែន​លេខ ៤/២ កាល​ពី​ថ្ងៃ​ទី ១២ ធ្នូ ឆ្នាំ​២០១៧ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ