អានតួអត្ថបទ
កម្ពុជា

លោកហ៊ុន ​ម៉ាណែត​ថាកង​ទ័ព​គ្មាន​ភារ​កិច្ច​ការ​ពារ​បក្ស​ណាមួ​យទេ​

លោក​ហ៊ុន ម៉ាណែត​កូន​ប្រុស​ច្បង​លោក​នាយ​ក​រដ្ឋ​មន្ត្រីហ៊ុ​ន ​សែន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា​កង​យោធ​ពលខេមរ​ភូមិន្ទ​មិន​មាន​ភារ​កិច្ច ​ត្រូវ​ការ​ពារ​បក្ស​ណាទេ​ ​គឺ​ការ​ពារ​រាជ​រដ្ឋាភិ​បាល​ស្រប​ច្បាប់​ និង​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ​។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​កង​ទ័ព​តែង​តែ​ការ​ពារ​ខ្លួន​ចំពោះ​ការ​ចោទ​ប្រកា​ន់នានា ​ដែល​ថា​ពួក​គេមាន​ភាព​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​។  

លោកហ៊ុន ម៉ាណែត​ក្នុង​ពេល​​ចូលរួ​មអង្កេត និងបើកវិញ្ញាសារ នៅ​វិទ្យា​ល័យ​បាក់​ទូក ​សម្រាប់​ការ​ប្រលង​ជ្រើស​រើស​​នាយ​​ទាហាន​សម្រាប់​ឆ្នាំ​២០១៧
លោកហ៊ុន ម៉ាណែត​ក្នុង​ពេល​​ចូលរួ​មអង្កេត និងបើកវិញ្ញាសារ នៅ​វិទ្យា​ល័យ​បាក់​ទូក ​សម្រាប់​ការ​ប្រលង​ជ្រើស​រើស​​នាយ​​ទាហាន​សម្រាប់​ឆ្នាំ​២០១៧ @Soeung Phearak
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃទី២​៥ ​ខែ​ធ្នូ ​នេះ លោក​ហ៊ុន ​ម៉ា​ណែត ​មេប​ញ្ជាការ​​រ​ង​កង​ទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​​កង​​យោធ​ពល​​ខេម​រ​ភូមិន្ទ ដែល​បាន​ចូល​រួម​បើក​វិញ្ញាសារ​ប្រលង​ជ្រើស​រើស​នាយ​ទាហាន​សម្រាប់ឆ្នាំ​២០១៧​ ឆ្លើយ​នឹង​សំនួរ​របស់​អ្នក​​កាសែត​ជុំវិ​ញ​អព្យា​ក្រិត​ភាព​របស់​កង​ទ័ព​ថា​ សុខ​​សន្តិ​ភាព​របស់​កម្ពុជារហូត​មក​ដល់​ពេល​នេះ ​គឺ​ដោយ​សារ​កង​ទ័ព​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ​ការ​ពារ​ជាតិ ​និង​ប្រជា​ជន ដោយ​មិនរើ​ស​អើ​​ងបក្ស​​ណា​មួ​​យទេ​​។​

 
លោក​ហ៊ុន ​ម៉ាណែត​ឆ្លើយ​បន្ត​ថា ​កង​កម្លាំង​ប្រដាប់​អាវុធ​ គឺ​មាន​តួនាទី​ការពារ​រាជ​រដ្ឋាភិ​បាល​ស្រប​ច្បាប់ ការពារ​រដ្ឋ​ធម្មនុញ្ញ ​និង​បំរើ​ប្រជា​ពល​រដ្ឋ​។ ចំពោះ​ការ​ជឿ​លើ​គណបក្ស​នយោបាយ​ណា​មួយ​នោះ ​គឺ​ជា​សិទ្ធិរបស់​បុគ្គល​។ លោក​សង្កត់​ធ្ងន់​ថា ​ការ​បំពេញ​តួនាទី​ភារ​កិច្ច​គឺ​ដាច់​​ស្រឡះ​ពី​គ្នា ​ពោល​គឺ​គ្មាន​ភារ​កិច្ច​របស់កង​យោធ​ពល​ខេម​រភូមិន្ទ​ទៅ​ការ​ពារ​បក្ស​ណាមួ​យទេ​ គឺ​ការ​ពារ​រាជ​រដ្ឋាភិ​បាល​ស្រប​ច្បាប់ ​និង​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ​។

ការ​លើក​ឡើង​របស់​ហ៊ុន ​ម៉ាណែត​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​បាន​ចូល​រួម​អង្កេត​ និង​បើក​វិញ្ញា​សារ​ នៅវិទ្យាល័យ​បាក់​ទូក​ សម្រាប់​ការ​ប្រល​ងជ្រើស​រើស​នាយ​ទាហាន​សកម្ម​ជំនាន់​ទី២១​ នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី៩​ និង​នាយ​ទាហាន​វគ្គ​បន្ត​វេន​ជំនាន់​ទី១​០ ​ដែល​មាន​បេក្ខ​ជន​ទាំង​ ៤០១១នាក់ បាន​ដាក់​ពាក្យប្រលង​ឆ្នាំ ​២០១៧​ ទាំង​ ៦​មណ្ឌល​ទូទាំង​ប្រទេស​។

កន្លង​មក​ក្រុម​អ្នក​វិភាគ​សង្គម​ និង​នយោ​បាយ ​តែង​តែ​បង្ហាញ​ក្តី​បារម្ភ​រប​ស់ខ្លួន​ចំពោះ​អ​ព្យាក្រិត​ភាព​របស់​កងទ័ព​កម្ពុជា ​ក្រោយ​ពី​មាន​នាយ​​ឧត្តម​​សេនីយ៍​​យោធា​​ម្នាក់​កាល​ពី​ខែ​កញ្ញា ​​អំពាវ​នាវ​​ឲ្យ​​ក​ងទ័ព​ត្រៀម​ខ្លួន​អនុវត្ត​បទបញ្ជា​ការ​ពារ​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។ ក្រុមអ្នកវិភាគនយោបាយនៅកម្ពុជាបានចាត់ទុកការអំពាវនាវ​នេះ​ថា គឺជា​ការខ្លាច​ស្រមោល​ខ្លួនឯង ហើយ​ថា គេ​មិនឃើញ​មាន​សញ្ញា​នៃ​​ការ​ប្តួ​ល​រំលំ​រដ្ឋាភិបាល​នោះទេ។

លោក​បណ្ឌិត ​មាស ​នី ​ជា​អ្ន​​កវិភាគ​នយោបាយ​ធ្លាប់បាន​ប្រាប់​ RFI កាលពីខែកញ្ញា​ថា ​លោក​មិន​ទាន់​ឃើញ​ភស្តុតាងអ្វី​ជា​ដុំកំភួន​របស់​យោធា ​ក្នុង​​ការ​ការ​ពារ​ប្រជា​ជន​ទេ។ ប៉ុន្តែ​អ្វី​ដែល​លោក​មើល​ឃើញ​ក្នុង​រយៈពេល​២ឆ្នាំចុង​ក្រោយ ​គឺ​កង​ទ័ព ​ឬ​កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​បាន​គេ​ប្រើ ដើម្បី​គំរាម​ពល​រដ្ឋ​ខ្លួន​ឯង​ ជា​ជាង​ការ​ការពារ​។

លោក​អេង ឆៃ​អ៊ាង តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា​លោក​មិន​ចង់​ធ្វើ​អធិប្បាយ​ណា​មួយចំពោះ​អព្យា​ក្រិត​ភាព​របស់​កង​ទ័ព​ទេ ហើយ​លោក​ឲ្យ​យក​សំនួរ​នេះ​ទៅ​សួរ​អ្នក​វិភាគ​វិញ​។ ប៉ុន្តែ​លោក​ថាកន្លង​មក​កម្ពុជា​មាន​ច្បាប់​ទាក់​ទង​នឹង​លក្ខ​ន្តិក​របស់​កង​ទ័ព ​ប៉ុន្តែ​ការ​អនុវត្ត​វិញ​មិន​ទាន់​បាន​ត្រឹម​ត្រូវ​ ពេញលេញ​ទេ​។ លោក​បញ្ជាក់​ថា ​មាន​លក្ខណ​បក្ស​ច្រើន​ជាង​ជាតិ​ ដែល​នេះ​គឺ​ជា​ចំណុច​ខ្វះ​ខាត​ និង​ត្រូវ​ធ្វើ​ការ​កែតម្រូវ​៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ