អានតួអត្ថបទ
កម្ពុជា

មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​​ទទួល​​រូប​ថត​​ប្រឆាំង​​និទណ្ឌភាព​«ច្រើន​ជាង​​មុន»​

យុទ្ធនាការ​ប្រឆាំង​និទណ្ឌភាព​នៅ​កម្ពុជា ​ឆ្នាំ២០១៤ ដែល​រៀបចំ​ធ្វើ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស តាំងពី​ថ្ងៃទី២ ខែ​វិច្ឆិកា​មក មានការ​ចូលរួម«ច្រើនជាង​មុន» ដោយហេតុថា គិតដល់​ត្រឹម​ថ្ងៃទី២៣ ខែ​វិច្ឆកា​នេះ មនុស្ស២១៤នាក់ បាន​ថតរូប​របស់ខ្លួន​ផ្ញើ​ទៅ​អង្គការ​សិទ្ធិមនុស្ស​មួយ​នេះ។ នៅសល់តែ១០ថ្ងៃ​ទៀត​ប៉ុណ្ណោះ យុទ្ធនាការ​នេះ​នឹង​ចប់។

លោក​ស្រី​ចក់ ​សុភាព ​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថត​រូប​បង្ហាញ​ពី​ការ​ប្រឆាំង​និទណ្ឌភាព​នៅក​ម្ពុជា​
លោក​ស្រី​ចក់ ​សុភាព ​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថត​រូប​បង្ហាញ​ពី​ការ​ប្រឆាំង​និទណ្ឌភាព​នៅក​ម្ពុជា​ CCHR
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​បង្ហើប​ឱ្យដឹងថា រហូតដល់​ថ្ងៃទី២៣ ខែ​វិច្ឆិកា មាន​មនុស្ស២១៤នាក់​ហើយ ដែល​បាន​ថតរូប​ខ្លួនឯង​ជាមួយ​សារ​ដែលថា «សូម​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា» ឬ«និយាយថា​ទេ​ចំពោះ​និទណ្ឌភាព​» ហើយ​ផ្ញើមក ដើម្បី​ចូលរួម​ក្នុង​យុទ្ធនា​ការប្រឆាំង​និទណ្ឌភាព​ឆ្នាំ២០១៤ ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី០២ ​ខែវិច្ឆិកា​។ យុទ្ធនាការ​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​អបអរ​ទិវា​បញ្ចប់​និទណ្ឌភាព​អន្តរជាតិ ចំពោះ​បទល្មើស​ប្រឆាំងនឹង​អ្នកសារព័ត៌មាន ​ដែល​អង្គការ​សហប្រជាជាតិ​បានទទួល​ស្គាល់​ជា​លើកដំបូង នៅ​ឆ្នាំ២០១៤។

កញ្ញា សន រ៉ាមណា អ្នកសម្របសម្រួល​គម្រោង​សេរីភាព​ខាង​ការ​បញ្ចេញមតិ និង​គម្រោង​សិទ្ធិ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាងថា យុទ្ធនាការ​នេះ«ជោគជ័យ​មែនទែន»។ បើទោះបីជា​មើលទៅ​ចំនួន​នេះ​តិច​សម្រាប់​អ្នកមើល​ពី​ក្រៅ​ក៏ដោយ ក៏​កញ្ញា សន រ៉ាមណា បញ្ជាក់ថា ចំនួន​អ្នកចូលរួម​ថតរូប​ខ្លួនឯង​ហើយ​ផ្ញើឱ្យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​គឺមាន«ច្រើនជាង»អ្នកចូលរួម​ក្នុង​យុទ្ធនាការផ្សេងៗ ដែល​អង្គការ​នេះ​បានរៀបចំ​ធ្វើ​លើកមុន។ បើតាម​អ្នកសម្របសម្រួល​គម្រោង​រូបនេះ សាធារណៈជន សិស្ស និស្សិត​ទាំង​ក្នុង និង​ក្រៅប្រទេស បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​ជនបរទេស ជា​អ្នក​ដែល​សុខចិត្ត​ចូលរួម​ប្រឆាំង​និ​ទណ្ឌ​ភាព​ក្នុង​គម្រោង​ដឹកនាំ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

នៅសល់តែ១០ថ្ងៃ​ទៀត យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព​ឆ្នាំ២០១៤របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នឹង​ត្រូវ​បញ្ចប់​។ អង្គការ​សិទ្ធិ​មនុស្ស​នេះ នឹង​បោះពុម្ព​រូបថត​ទាំង​អស់​លើ​បដា​ធំ​មួយ ហើយ​នឹង​ត្រូវ​ផ្ញើជូន​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ក្នុង​គោលបំណង​បង្ហាញ​ពី​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បញ្ចប់​និទណ្ឌភាព​ ឬ​ការមិន​ត្រូវបាន​ផ្តន្ទាទោស​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ