អានតួអត្ថបទ

និទណ្ឌភាព​នៅកម្ពុជា​ត្រូវ​បាន​គេរំលឹក​ឡើង​វិញ

ថ្ងៃ​ទី​២​វិច្ឆិកា​នេះ​គឺ​ជាទិ​វា​អន្តរជាតិ​ដើម្បី​បញ្ចប់​និទណ្ឌភាពចំពោះ​បទ​ល្មើស​ប្រឆាំង​នឹង​អ្នក​​សារព័ត៌​មាន​។ ​ទិវា​នេះ​ត្រូវបាន​កំណត់​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ កាល​ពី​ចុង​ឆ្នាំ​២០១៣ ​ដែល​ជំរុញ​ឲ្យ​រដ្ឋ​ជា​សមាជិក​អនុវត្តន៍​វិធាន​ការ​ជាក់​លាក់​មួយចំនួន​ដើម្បី​ប្រឆាំង​នឹង​វប្បធម៌​និទណ្ឌភាព​ដែល​កំពុង​កើត​មាន​ជុំវិញ​ពិភព​លោក​។ សម្រាប់​កម្ពុជា អង្គការ​សិទ្ធិមនុស្ស​មួយ ឲ្យដឹងថា ខ្លួន​នឹង​រៀប​ចំតាំង​ពិព័ណ៌​ករណី​និទណ្ឌភាព​នេះ ដើម្បី​លើក​ពី​បញ្ហា​និទណ្ឌ​ភាព​នៅកម្ពុជា។

ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង​ ប៊ុនថន

“មិន​អាច​បំភ្លេច”គឺ​ជាសារ​ដែល​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​​ដាក់​ឈ្មោះ ​សម្រាប់​ពិព័ណ៌​​និទណ្ឌ​ភាពនៅកម្ពុជាដែល​ចាប់​ផ្តើម​ជាផ្លូវ​ការ​នៅថ្ងៃ​២៣​វិច្ឆិកាខាងមុខ។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន ពិព័ណ៌​នេះ មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ធ្វើ​ឡើង​តាម​ប្រ​ព័ន្ធ​អ៊ិន​ធឺណែត និង​ជា​សាធារណៈ ដាក់​បង្ហាញ​ករណី​ជ្រើស​រើស​មួយ​ចំនួន ដែល​បង្ហាញ​ពី​កង្វះ គណ​នេយ្យ​ភាព និង​ការ​ស៊ើប​អង្កេត ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ។

​​អង្គការ​សិទ្ធិ​មនុស្ស​មួយនេះ គូស​បញ្ជាក់​ថា តួអង្គ​សំខាន់ៗ​ដែល​ត្រូវបាន​ផ្តោត​ការ​យក​ចិត្ត​ទុក​​ពី​បញ្ហា​និទណ្ឌ​ភាពនេះ គឺ​អ្នកសារព័ត៌​មាន សកម្មជន និង​បុគ្គលិក​មួយ​ចំនួន​ដែល​ត្រូវ​គេ​សម្លាប់ ​ឬ​ទទួល​រង​គ្រោះ​ថ្នាក់ ​ដោយ​ពុំទទួល​បាន​យុត្តិធម៌​នៅឡើយ​។

មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចាត់ទុក​កង្វះខាត ​គណ​នេយ្យ​ភាព ​ចំពោះ​ការ​ស្លាប់​អ្នកសារព័ត៌មាន សកម្មជន ឬ​អ្នក​រិះគន់​ផ្សេងៗ ថាបង្កើន​នូវ​ការ​ភ័យ​ខ្លាច ការ​បំបិទ​សំឡេង​ខ្លួន​ឯង ការ​បដិសេធ​សិទ្ធិ​​របស់​សាធារណៈជនក្នុង​ការ​ទទួ​ល​បាន​ព័ត៌មាន និង​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​លើ​​នី​តិ​រដ្ឋ។

ករណី​និទណ្ឌភាព​នេះ ត្រូវបាន​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ពន្យល់ថា គឺជាការ​គ្មាន​ព័ត៌​មាន​​​ជា​សាធារណៈស្តី​ពី​ការ​ស៊ើប​អង្កេត ក្នុង​ករណី​ដែល​ជន​សង្ស័យ​ចម្បងៗ​មិន​ត្រូវ​បាន​សាក​សួរ ឬ​ចាប់​ខ្លួន ខណៈ​ជន​ដែល​ត្រូវ​ផ្តន្ទាទោស​បែរ​ជាត្រូវ​បាន​ដោះលែង​វិញ​។

​យ៉ាងណាក៏ដោយ​អង្គការ​នេះ ​មិន​បាន​បង្ហាញ​ឈ្មោះ​ចំៗ​ករណី​និទណ្ឌភាព​នៅក្នុង​សេចក្តី​ប្រកាស​​ព័ត៌មានទេ ប៉ុន្តែថា​មាន​ជន​រងគ្រោះ​២២នាក់​ត្រូវបាន​​ជ្រើស​រើស​ដើម្បី​បង្ហាញ​ពី​ទិដ្ឋ​ភាព​​​ដែល​​រីករាលដាល និង​ជាប្រព័ន្ធ​នៅកម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ