អានតួអត្ថបទ
កម្ពុជា-នយោបាយ

CCHR៖ ភាគី​ហត្ថ​លេខី​​សន្ធិសញ្ញា​ក្រុង​ប៉ារីស​គួរ​ប្រើ​ឥទ្ធិពល​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​​ និង​​លទ្ធិ​ប្រជាធិប​តេយ្យ​​នៅ​កម្ពុជា

នៅ​ថ្ងៃទី ២៣ តុលា ស្អែក​នេះ គឺ​ជា​ខួប​២៥ ឆ្នាំ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ដែល ឈាន​ដល់​ការ​បញ្ចប់​ជម្លោះ​អស់​ជា​ច្រើន​ទស្សវត្សរ៍​នៅ​កម្ពុជា និង បង្កើត​ក្របខណ្ឌ​សម្រាប់ ដោះ​ស្រាយ​នយោបាយ​ដោយ​ឈរ​លើ​មូលដ្ឋាន​សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​ផ្សាយ​សាលាកប័ត្រ​ព័ត៌មាន​ស្តី​ពី លទ្ធិ​ប្រជា ធិបតេយ្យ​និងសិទ្ធិ​មនុស្ស​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​បញ្ជាក់​ថា ឆ្លើយ​តប​នឹង​ការកើន​ឡើង​កម្តៅ​នយោបាយ​នាពេល​បច្ចុប្បន្ន​នេះ ប្រទេស​ហត្ថលេខី ​មិន​គួរ​ស្ទាក់​ស្ទើ​រ ក្នុង​ការប្រើ​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​រដ្ឋាភិបាល​ ដើម្បី​ឈាន​ទៅ​រក​ការ​គោរព​សិទ្ធិ​មនុស្ស និង តម្លៃ​នៃលទ្ធិ​ប្រជាធិបតេយ្យ​។

ថ្នាក់ដឹកនាំកំពូលប្រទេសនានា ចូលរួមក្នុងការប្រជុំកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ថ្នាក់ដឹកនាំកំពូលប្រទេសនានា ចូលរួមក្នុងការប្រជុំកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ google
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR កាល​ពី​ថ្ងៃ​ទី ២១ តុលា ម្សិល​មិញ បាន​ចេញ​ផ្សាយ សាលាកប័ត្រ​ព័ត៌មាន “លទ្ធិ​ប្រជា​ធិប​តេយ្យ និង សិទ្ធិ​មនុស្ស​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស” ស្តី​ពី​ទិដ្ឋភាព​ទូទៅ​ និង​ការ​វិភាគ​ជុំវិញ​ការ​គោរព​តាម​បទ​ប្បញ្ញត្តិ​សំខាន់ៗ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​លទ្ធិ​ប្រជាធិបតេយ្យ ​និង សិទ្ធិ​មនុស្ស​។ 

បើ​តាម​មជ្ឈមណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា CCHR រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋា​ភិបាល​កម្ពុជា បាន​ធ្វើ​ឲ្យ​មាន​ការវិវឌ្ឍ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស ដូចជា ការ​មិនរើស​អើង និង សេរីភាព​ខាង​សាសនា​ជា​ដើម ដោយ​គោរព​តាម​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស។ ក៏​ប៉ុន្តែ​​កម្ពុជា នៅ​តែ​ពុំ​ទាន់​អនុវត្ត​កាតព្វកិច្ច​ឲ្យ​បាន​ពេញ​លេញ​ក្នុង​ការ​ធានា​ការ​គោរព​​សិទ្ធិ​មនុស្ស និង សេរីភាព​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស ព្រម​ទាំង ការ​លើក​កម្ពស់​ដំណើរការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ​នោះ​ទេ​។

 
តាម​រយៈ​ការ​បង្កើត​ច្បាប់​ថ្មី ដូចជា ច្បាប់​ស្តី​ពី​សមាគម និង អង្គការ​មិន​មែន​រដ្ឋាភិបាល និង ច្បាប់​ស្តី​ពី​ទូរគមនាគមន៍ ដែល​រឹត​ត្បឹត និង ដាក់​ពិន័យ​ទៅ​លើ​ការ​អនុវត្ត​ស្រប​ច្បាប់​ផ្នែក​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ សមាគម និង ការ​ប្រមូល​ផ្តុំ ហើយ​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន​ ដូច​ជា តុលាការ និង យោធា បាន​បង្ហាញ​ពី​កង្វះ​ឯករាជ្យ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

ជា​មួយ​គ្នា​នេះ​ សង្គម​ស៊ីវិល​បាន​ទទួល​រង​ការ​បង្រ្កាប​កាន់​តែ​ខ្លាំង ដោយ​អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្មជន និង គណបក្ស​ប្រឆាំង ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់ ការ​ឃុំ​ខ្លួន ព្រម​ទាំង​អំពើហឹង្សា ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ។ CCHR ក៏​បាន​សម្តែង​ក្តី​បារម្ភ​ថា ប្រសិន​បើ​ករណី​បច្ចុប្បន្ន​នៅតែ​បន្ត​កើត​មាន​ទៀត​នោះ ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៧ និង ឆ្នាំ ២០១៨ អាច​នឹង​មិន​សេរី យុត្តិធម៌ និង គួរ​ឲ្យ​ទុក​ចិត្ត​បាន​។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​បាន​លើក​ឡើង​ខាង​លើនេះ​ CCHR ចង់​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស និង រដ្ឋ​នា​នា​ក្នុង​នាម​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ត្រូវ​ចាត់​វិធានការបន្ថែម​ទៀត ជម្រុញ​ឲ្យ​ការ​គោរព​សិទ្ធិ​មនុស្ស និង ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់​តែ​ប្រសើរឡើង។ ស្ថាប័ន​ដែល​ធ្វើ​ការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​មួយ​នេះ ចាត់​ទុក​ថា សម្ពាធ​ជាក់​លាក់​​ពី​បណ្តា​រដ្ឋ​នានា​ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​មុត​មាំ​ចំពោះ​សិទ្ធិ​មនុស្ស និង លទ្ធិ​ប្រជា​ធិបតេយ្យ ពិត​ជាមាន​សារៈ​សំខាន់ ព្រោះ​ជា​ទម្ងន់​មួយ​ទប់​ទល់​ទៅ​នឹង​ឥទ្ធិពល​ចិន​មក​លើ​​កម្ពុជា។

យ៉ាង​ណា​ក៏​ដោ​យ លោក Jean-David LEVITTE ទី​ប្រឹក្សា​ការទូត​ដ៏​ល្បីល្បាញរបស់​អតីត​ប្រធានាធិបតី​បារាំង និង​ជា​ឥស្សរជនមួយ​រូប​​ដ៏​សំខាន់ ​ក្នុង​ដំណើរ​ការ​ចរចាកិច្ច​ព្រម​ព្រៀង​សន្តិភាព​​ក្រុង​ប៉ារីស។ បាន​គូស​បញ្ជាក់​ដែរថា ប្រទេស​ហត្ថលេខីទាំងអស់​នៃ​​កិច្ចព្រម​ព្រៀង​សន្តិភាពក្រុង​ប៉ារីស គឺ​គ្មាន​ភារៈកិច្ច​លូក​ដៃ​រឿង​កម្ពុជា​ទៀត​ទេ ព្រោះ​តួនាទី​របស់​ពួក​គេ​បាន​ចប់​ហើយ នៅ​ក្រោយ​ការ​បោះឆ្នោត​លើកទី១​រៀបចំ​ដោយ​ UNTAC ហើយ​កម្ពុជា​បាន​ទទួល​អធិបតេយ្យភាព និង​តួនាទីរបស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​វិញហើយដែរ​។

ជាមួយ​គ្នា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​ជា​អនុសាសន៍​មួយ​ចំនួន​ទៅ​កាន់​រដ្ឋាភិបាល​ផង​ដែរ ដូចជា បញ្ឈប់​ការ​បៀត​បៀន​ទាំង​ឡាយ​ទៅ​លើ​អ្នក​នយោបាយ​មក​ពីគណបក្ស​ជំទាស់ និង បុគ្គលិក​សង្គម​ស៊ីវិល បញ្ឈប់​រាល់​ការ​ចោទ​ប្រកាន់​បែប​នយោបាយ​ទាំងអស់ រួម​ទាំង​ការ​បំពាន​លើ​ច្បាប់​បរិហាកេរ្តិ៍ និង ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ដែល​មាន​ការ​រឹត​ត្បិត ធ្វើ​យ៉ាង​ណា​ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង កាតព្វកិច្ច​របស់​កម្ពុជា ក្រោម​កិច្ច​ព្រមព្រៀង​ទី​ក្រុងប៉ារីស និង ច្បាប់​សិទ្ធិ​មនុស្ស​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ