អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​ប្រាប់​ពលរដ្ឋ​ឲ្យ​រង់ចាំ​ចំណាត់​ការ​តុលាការ​លើ​ករណី​នៅ​ប៉ោយប៉ែត

ម្សិលមិញ​ ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ឲ្យ​ដឹង​លម្អិត​អំពី​រឿង​រ៉ាវ និង​ដើម​ហេតុ​នៃ​ការ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​កក្រើក​តែ​ពលរដ្ឋ​ខ្លះ​ហួស​ចិត្ត​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។ ក្រសួង​មហាផ្ទៃ​បាន​ចាត់​ទុក​ថា លោក​ឌិន ពុទ្ធី បាន​បើក​ឡាន​បុក​លោក​ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត។ ការ​បង្ហាញ​របស់​ក្រសួង​មហាផ្ទៃ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សាធារណជន​បាន​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់​ដៃ​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដោយ​ចោទ​ថា ជា​ការ​ធ្វើ​ពុត ដើម្បី​ចាប់​មនុស្ស។ យ៉ាង​ណា​ក៏​ដោយ​ក្រសួង​មហាផ្ទៃ​ប្រាប់​ពលរដ្ឋ​ឲ្យ​រង់ចាំ​ចំណាត់​ការ​តុលាការ​លើ​ករណី​នេះ។

លោកប៉ូលិសឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត
លោកប៉ូលិសឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កម្រាស់​ពីរ​ទំព័រ​របស់​ខ្លួន ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​រឿង​រ៉ាវ​នេះ​បាន​កើត​ឡើង​នៅ​ពេល​លោកប៉ូលិស​ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​បាន​ឃាត់​ម៉ូតូ​របស់​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ដែល​បាន​ចត​ម៉ូតូ​គ្មាន​សណ្តាប់​ធ្នាប់​យក​មក​អប់រំ​ណែនាំ។ គឺ​នៅ​ពេល​ ដែល​លោកប៉ូលិស​រូប​នេះ​កំពុង​អប់រំ​ណែនាំ​ដល់​ម្ចាស់​ម៉ូតូ​នោះ​ហើយ ស្រាប់​តែ​មាន​វត្តមាន​លោក​ឌិន ពុទ្ធី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​មក​តវ៉ា​យក​ម៉ូតូ​នោះ​ទៅ​វិញ។ បើ​តាម​ក្រសួង​មហាផ្ទៃ លោក​ឌិន ពុទ្ធី បាន​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​ហើយ​ថែម​ទាំង​បាន​បញ្ចេញ​កាយវិការ​ច្រង៉េង​ច្រង៉ាង​មក​លើ​លោក​ប៉ូលីស​រូប​នេះ​ថែម​ទៀត តែ​លោក​មិន​បាន​តប​ត​អ្វី​ទេ គឺ​គ្រាន់​តែ​ប្រាប់​ម្ចាស់​ម៉ូតូ​ឲ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ទ​ង្វើ​ខុស​ឆ្គង​តទៅ​ទៀត​ប៉ុណ្ណោះ។ ត្រង់​ចំណុច​នេះ ក្រសួង​មហាផ្ទៃ បាន​គូស​បញ្ជាក់​ថា លោកឌិន ពុទ្ធី​ មិន​ឲ្យ​ម្ចាស់​ម៉ូតូ​ធ្វើ​កិច្ច​សន្យា​ទេ​ហើយ​នាំ​ចូល​ក្នុង​រថយន្ត​របស់​គាត់​និង​បើក​ចេញ​ទៅ ប៉ុន្តែ​ត្រូវ​លោក​ប៉ូលិស ឈាន ពិសិដ្ឋ ទៅ​ឈរ​នៅ​មុខ​រថយន្ត​ហើយ​ក៏​ត្រូវ​លោក​ឌិន ពុទ្ធី បើក​បុក​តែ​ម្តង។

ការ​បញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ត​វ៉ានៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​កាល​ពី​ព្រឹក​ម្សិល​មិញ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក​ឌិន ពុទ្ធី មក​វិញ ដែល​បណ្តាល​ឲ្យ​សាច់ញាតិ​លោក​ឌិន ពុទ្ធី និង​ពលរដ្ឋ​ម្នាក់​ទៀត​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​រយៈ​ពេល​ខ្លី។ ម៉្យាង​វិញ​ទៀត ការ​បញ្ជាក់​នេះ ក៏​ជា​ការ​ឆ្លើយ​តប​ទៅសា​ធារណជន​ដែល​បាន​រិះគន់​និង​បាន​ចោទ​ថា លោក​ប៉ូលិស​ឈាន ពិសិដ្ឋ បាន​ធ្វើ​ពុត​ជា​ដួល​សន្លប់​ខ្លួន​ឯង ដើម្បី​យក​លេស​ចាប់​ខ្លួន​លោក​ឌិន ពុទ្ធី ប៉ុណ្ណោះ។ អ្នកខ្លះ​ថែម​ទាំង​បាន​ថត​ជា​សកម្មភាព និង​ថត​ជា​វិឌីអូ​ធ្វើ​ត្រាប់​តាម​លោក​ប៉ូលិស​ ឈាន ពិសិដ្ឋ នេះ​ផង​ទៀត។​ នេះ​គឺ​ដោយសារ​តែ​ពួក​គេ​ហួស​ចិត្ត។ ហួស​ចិត្ត ​ក៏​ព្រោះ​តែ​ពួក​គេ​បាន​មើល​វិឌីអូ​មួយ​ដែល​គេ​បង្ហោះ​តាម​ហ្វេសប៊ុក​ឃើញ​លោក​ប៉ូលិស​ដួល​សន្លប់​នៅ​មុខ​រថយន្ត ដែល​កំពុង​មាន​ចលនា​យឺត​ៗ ប៉ុន្តែ​លោក​ប៉ូលិស​រូប​នេះ​បែរ​ជា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​រហូត​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​ឯ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ។

សម្រេច​សម្រួច​ទៅ លោក​ឌិន ពុទ្ធី ដែល​ជា​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត​ផង​នោះ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ភ្លាម​ៗ និង​នៅ​ពេល​នេះ​កំពុង​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ និង​បើក​ការ​ស៊ើប​សួរ​ពី​បទ “ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស”តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។ នៅ​ចំពោះ​មុខ​រឿង​រ៉ាវ​នេះ ក្រសួង​មហាផ្ទៃ​មិន​មាន​វិធានការ​ណា​មួយ​ទៀត​នោះ​ទេ គឺ​គ្រាន់​តែ​ស្នើ​ឲ្យ​សាធារណជន​រង់ចាំ​មើល​លទ្ធផល ដែល​កើត​ចេញ​ពី​ចំណាត់​ការ​របស់​តុលាការ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ