អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​ជាប់​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​ក្រចេះ​ជាង ១០០​គ្រួសារ​ឡើង​មក​សុំ​អន្តរាគមន៍​ផ្ទាល់​ពី​នាយក​រដ្ឋមន្ត្រី

ពលរដ្ឋ​ជាង ១០០​គ្រួសារ​ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ Co.Ltd នៅ​ខេត្ត​ក្រចេះ អះអាង​ថា ពួក​គេ​សុខ​ចិត្ត​ខ្ចី​ប្រាក់​គេ ដើម្បី​បាន​ប្រមូល​គ្នា​ឡើង​មក​កាន់​រាជធានី​ភ្នំពេញ តាំង​ពី​ថ្ងៃ​អាទិត្យ​ ក្នុង​គោលដៅ​បង្ហាញ​ពីទុក្ខវេទនា​​របស់​ពួកគេ​ឲ្យ​លោ​ក​នាយរដ្ឋមន្ត្រីហ៊ុន សែន​ ស្វែងរក​ដំណោះស្រាយ​សមរម្យ​ណា​មួយ។ ពលរដ្ឋ​ដែល​ធ្លាប់​រង​អំពើ​ហិង្សា​ក្នុង​ជម្លោះ​ដី​​ធ្លី​ កាល​ពី​ដើម​ខែ​មីនា​នេះ ចង់​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​ក្រសួង​ដែន​ដី ផ្តល់​ដីធ្លី​ ដើម្បី​អាច​ឲ្យ​ពួក​គេ​ធ្វើ​ចម្ការ​ចិញ្ចឹម​ជីវិត​ដូច​ពី​ដើម​វិញ។​

​ប្រជាពលរដ្ឋ នៅ​ក្នុង​ជម្លោះ​ដី​ធ្លី ស្ថិត​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ
​ប្រជាពលរដ្ឋ នៅ​ក្នុង​ជម្លោះ​ដី​ធ្លី ស្ថិត​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ @សហការី
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​ម្នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១០០​គ្រួសារ មក​ពី​ឃុំ​ ២​ធ្នូ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​ខ្លាច​បញ្ហា​សុវត្ថិភាព​ផ្ទាល់​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​ ពួក​គេ​ មិន​សូវ​ជា​មាន​សង្ឃឹម​ចំពោះ​ការ​មក​ស្វែង​រក​អន្តរាគមន៍​នេះ​ទេ​ ប៉ុន្តែ​គាត់​ត្រូវ​តែ​ព្យាយាម​ដើម្បី​បង្ហាញ​ថា​ពួក​គាត់​កំពុង​ជួប​គ្រោះ​ធ្ងន់​ ត្បិត​ពេល​នេះ​ពួក​គាត់​បាន​បាត់​បង់​ដី​ហើយ។ ពលរដ្ឋ​ដែល​មាន​ដី​ដាំ​ស្វាយ​ចន្ទី ចំនួន ៣​ហិកតា​រូប​នេះ បាន​ប្រាប់​ថា ពេល​នេះ​លំនៅស្ថាន​ដែល​គាត់​បាន​ផ្លាស់​ទី​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​រស់​នៅ​ជា​អចិន្ត្រៃយ៍​ ក្នុង​ឆ្នាំ ២០១៧​នោះ ត្រូវ​បាន​​ក្រុមហ៊ុន ធ្វើ​ការ​ឈូស​ឆាយ ហើយ​កាប់​បំផ្លាញ​ចម្ការ​របស់​គាត់​ខ្ទេច​ខ្ទី​អស់​ហើយ។​

ពលរដ្ឋ​ បាន​រៀប​រាប់​ថា ដំបូង​ឡើយ​ពួក​គាត់​គ្រាន់​តែ​ធ្វើ​ចំណាក​ស្រុក​ពី​ខេត្ត​ដទៃ មក​ស៊ី​ឈ្មួល​ដាំ​ដំឡូង ឬ ស៊ី​ឈ្មួល​ជា​កម្មករ​ក្នុង​​ខេត្ត​ក្រចេះ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​ប្រកាស​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​ពលរដ្ឋ​អាច​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច​ ពួក​គាត់​ក៏​មក​តាំង​ទីលំនៅ​ជា​អចិន្ត្រៃយ៍ ដោយ​សង្ឃឹម​ថា​នឹង​បាន​ដី​ទាំង​នោះ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ដើម្បី​ចាប់​ធ្វើ​ចម្ការ។ យ៉ាង​ណា​មិញ ពួក​គេ​អះអាង​ថា​ខាង​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល បាន​រុក​គួន​ពួក​គាត់​ក្នុង​ពេល​ថ្មីៗ​នេះ តាម​រយៈ​ការ​ឈូស​ឆាយ និង​ដុត​បំផ្លាញ​​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ដោយ​មិន​មាន​ជូន​ដំណឹង ហើយ​សូម្បី​តែ​អាជ្ញាធរ​ភូមិ ឃុំ ហាក់​មិន​អើ​ពើ​នឹង​ពួក​គាត់​ទៀត។

តាម​ពលរដ្ឋ​ដដែល អាជ្ញាធរ​បាន​ដោះ​ស្រាយ​ផ្តល់​ដី​ដល់​ពលរដ្ឋ​ចំនួន ២៣២​គ្រួសារ​ហើយ ដែល​បាន​ចុះ​បញ្ជី​ ប៉ុន្តែ​អាជ្ញាធរ នៅ​មិន​ទាន់​ដោះ​ស្រាយ​ដល់​ពួក​គាត់​ដែល​នៅ​ឡើយ​ទេ។ ហើយ​មូលហេតុ​នោះ ត្រូវ​បាន​ពលរដ្ឋ​រង​គ្រោះ បញ្ជាក់​ថា​ដោយ​សារ​តែ​គេ​មិន​ទាន់​យល់​ពី​ចំណាត់​ការ​ចុះ​បញ្ជី ហើយ​អាជ្ញាធរ​ក៏​មិន​បាន​មក​ពន្យល់​ឲ្យ​បាន​លម្អិត។

លោក ​សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា រដ្ឋបាល​របស់​ក្រសួង បាន​ទៅ​ទទួល​យក​សំណើ​ពី​ពលរដ្ឋ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ហើយ​សន្យា​ថា​នឹង​ឲ្យ​អង្គភាព​ជំនាញ​ពិនិត្យ និង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។ លោក​សេង ឡូត ក៏​សំណូម​ពរ​ឲ្យ​ពលរដ្ឋ ត្រលប់​ទៅ​ផ្ទះ​សម្បែង​នៅ​ខេត្ត​វិញ​ផង​ដែរ ព្រោះ​ថា​ការ​សិក្សា​ដើម្បី​រក​ដំណោះ​ស្រាយ​នោះ ត្រូវ​ប្រើ​ពេល​វេលា​យូរ​បន្តិច​ដែរ។

បើ​តាម​ពលរដ្ឋ ពួក​គេ​ទាំង​ជាង ១០០​គ្រួសារ ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​វត្ត​សាមគ្គីរង្សី បាន​បញ្ជាក់​ថា នឹង​នៅ​វត្ត​នេះ​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ​ទើប​ត្រលប់​ទៅ​វិញ។

មន្ត្រី​សមាគម​អាដហុក លោក​ សឹង សែនករុណា ដែល​បាន​ឃ្លាំ​មើល​បញ្ហា​នេះ​រហូត​មក បាន​លើក​ឡើង​ថា ពលរដ្ឋ​ទាំង​នោះ ពិត​ជា​ជួប​នឹង​ការ​ឈូស​ឆាយ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង និង​ដំណាំ​ចម្ការ​មែន។ ហើយ​អាជ្ញាធរ​ ហាក់​នៅ​មិន​ទាន់​ផ្តល់​ព័ត៌មាន​ផ្នែក​ច្បាប់​ឲ្យ​ពួក​គាត់​បាន​គ្រប់​ជ្រុង​ជ្រោយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ឈាន​ដល់​ការ​ទទួល​បាន​ដំណោះ​ស្រាយ​ជាក់​លាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ