អានតួអត្ថបទ
កម្ពុជា

សង្គម​​ស៊ីវិល​ ​បន្ត​​ទាមទារ​​ឲ្យ​​ទម្លាក់​ចោល​​ច្បាប់​​NGOs​ ខណៈ​​សភា​​គ្រោង​​អនុម័ត​​នៅ​​ដើម​​សប្តាហ៍​​ក្រោយ​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​សង្គម​ស៊ីវិល​បានធ្វើ​វេទិកាសាធារណៈ​មួយ​ស្តី ពី​កិច្ចសន្ទនា​សង្គម​រវាង​អ្នកនយោបាយ និង​សង្គម​ស៊ីវិល​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​នៅលើ​ទីលាន​ប្រជាធិបតេយ្យ។ ​សង្គម​ស៊ីវិល នៅតែ​បន្ត​ទាមទារ​ឲ្យ​រដ្ឋសភា​ទម្លាក់ចោល​នូវ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ប៉ុន្តែ​រដ្ឋសភា​មិនបាន​ខ្វាយខ្វល់​នឹង​ការទាមទារ​ឡើយ​ហើយ​ថែមទាំង​គ្រោង​អនុម័ត​នៅ​ដើម​សប្តាហ៍​ក្រោយនេះ​ទៀត។

តំណាង​សង្គម​ស៊ីវិល​ ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នៅព្រឹក​ថ្ងៃ​ទី៩ ​កក្កដា ​ឆ្នាំ​២០១៥​
តំណាង​សង្គម​ស៊ីវិល​ ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នៅព្រឹក​ថ្ងៃ​ទី៩ ​កក្កដា ​ឆ្នាំ​២០១៥​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ក្រុម​សង្គម​ស៊ីវិល បានទាមទារ​ឲ្យ​រដ្ឋសភាជាតិ​ទម្លាក់ចោល​នូវ​សេចក្តីព្រាងច្បាប់​ស្តី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ តាម​គម្រោង ការជួប​ជុំគ្នា​នៅថ្ងៃនេះ នឹងមាន​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដែល​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូង​សម្រាស​មួយ​នេះ ចំនួន៥ពាន់​នាក់​ចូលរួម។ ក៏ប៉ុន្តែ​អ្នកចូលរួម​ជាក់ស្តែង មាន​ចំនួន​ប្រមាណ​ជាង​មួយរយ​នាក់​ប៉ុណ្ណោះ​ភាគច្រើន​ជា​អ្នករត់ម៉ូតូឌុប​ដែលជា​សមាជិក​របស់​ស​មា​គម​ឯករាជ្យ​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ ក្នុងនោះ​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សហជីព ប្រមាណ៦ អង្គភាព បាន​ចូលរួម​ពិភាក្សា និង ជជែក​ពី​សេចក្តីព្រាងច្បាប់​នេះ។

សង្គម​ស៊ីវិល​សម្តែង​ការព្រួយបារម្ភ​ថា សេចក្តីព្រាងច្បាប់​នេះ នឹង​រឹតត្បិត​សេរីភាព​ធ្វើ​សកម្មភាព​របស់ខ្លួន ហើយ​ខ្លឹមសារ​ច្បាប់​ទៀតសោត បាន​រំលោភ​រដ្ឋធម្មនុញ និង​ច្បាប់​អន្តរជាតិ។ ម្យ៉ាងទៀត ច្បាប់​នេះ នឹង​ប៉ះពាល់​ដល់​ដំណើរ​អភិវឌ្ឍ​សិទ្ធិមនុស្ស សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងដែរ។ លោក​វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលជា​អ្នករៀបចំ​វេទិកាសាធារណៈ​នេះ បាន​បញ្ជាក់ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​នៅតែ​បន្ត​ទាមទារ​ឲ្យ​រដ្ឋសភា​ទម្លាក់ចោល​សេចក្តីព្រាងច្បាប់​នេះ រហូតដល់​នាទីចុងក្រោយ។

គួរ​បញ្ជាក់ថា វេទិកាសាធារណៈ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ បានធ្វើ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​រដ្ឋសភាជាតិ បាន​បើក​ឲ្យ​មាន​ពិគ្រោះ​យោបល់​ជា​សាធារណៈ​កាលពី​ថ្ងៃ​ពុធ។ ផ្ទុយ​ពី​ការ​ពី​ព្រួយបារម្ភ​របស់​ក្រុម​សង្គម​ស៊ីវិល លោក​ហេង សំរិន ប្រធានរដ្ឋសភាជាតិ បាន​គូសបញ្ជាក់ថា ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺធ្វើឡើង​ស្របទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ និង​លើកស្ទួយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថែមទៀត ។

សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល មាន៩ជំពូក និង៣៩ មាត្រា។ បើតាម​អ្នកនាំពាក្យ​រដ្ឋសភាជាតិ​កម្ពុជា សេចក្តីព្រាងច្បាប់​នេះ​អាច​នឹងត្រូវ​សភា​ប្រជុំ និង​អនុម័ត​នៅ​ដើម​សប្តាហ៍​ក្រោយ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​គាំទ្រ​សេចក្តីព្រាង​នេះ​បាន​អះអាងថា សមាជិកសភា​ទាំង៥៥រូប​របស់ខ្លួន នឹងមិន​បោះឆ្នោត​លើកដៃ​អនុម័ត​សេចក្តីព្រាងច្បាប់​ថ្មី​នេះ​ទេ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ