អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ត្រៀម​ប្រើ​ប្រព័ន្ធ​គ្រប់​គ្រ​ងចរាចរណ៍​ផ្លូវ​អាកាស​ថ្មី​ ពេល​ដែល​ការ​ឆ្លង​កាត់​នឹង​កើន​ខ្លាំង​

ស្រប​ពេល​ដែល​ចរាចរណ៍​ឆ្លង​កាត់​តាម​អាកាស​យានដ្ឋាន​របស់​កម្ពុជា​មាន​និន្នាការ​កើន​ឡើង​ខ្លាំង​ រដ្ឋលេខាធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​ខ្មែរ​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​នាំ​ផ្លូវ​អាកាស​ថ្មី។​ ដោយ​មាន​ជំនួយ​ឥត​សំណង​ពី​រដ្ឋាភិបាល​ជប៉ុន​ កម្ពុជា​បាន​ទទួល​កម្មវិធី​កុំព្យូទ័រ​សម្រាប់​គូស​ផ្លូវ​ហោះ​​ហើរ​ (PANADES Software) កាល​ពី​ម្សិល​មិញ ​តាម​រយៈ​គម្រោង​ពង្រឹង​សមត្ថភាព​ដើម្បី​ឈាន​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​នាំ​ផ្លូវ​ហោះហើរ​ និង​គ្រប់​គ្រង់​ចរាចរណ៍​ផ្លូវ​អាកាស​ថ្មី។​

យន្តហោះ​ធុន Airbus A320 របស់​ក្រុមហ៊ុន AirAsia
យន្តហោះ​ធុន Airbus A320 របស់​ក្រុមហ៊ុន AirAsia REUTERS/Enny Nuraheni/Files
ផ្សាយពាណិជ្ជកម្ម

តាម​ការ​ព្យាករណ៍ ​ការ​ហោះ​ហើរ​តាម​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​និង​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប ​នឹង​កើន​ឡើង​លើស​ពី​៦៤០០០​ជើង​ក្នុង​ឆ្នាំ​២០១៨ ​ហើយ​នៅ​ឆ្នាំ​២០២០​ អ្នក​ដំណើរ​ដែល​ឆ្លង​កាត់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នឹង​កើន​ដល់​ប្រមាណ​​ជា​៤,២លាន​នាក់។​ ដល់​ពេល​នោះ ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​នឹង​ឃើញ​កំណើន​ភ្ញៀវ​រហូត​ដល់​ជិត​៥​លាន​នាក់។​

ការណ៍​នេះ​ជម្រុញ​ឱ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​រៀបចំ​អភិវឌ្ឍ​ប្រព័ន្ធ​នាំផ្លូវ​អាកាស​ថ្មី។​ ដោយ​បាន​ចាប់​ផ្តើមតាំ​ង​ពី​ឆ្នាំ​២០១០​មក ​ដោយសារ​មាន​ជំនួយ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ​(JICA) ​កម្ពុជា​បាន​អនុវត្ត​គម្រោង​សិក្សា​ផែន​ការ​មេ​សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធ​នាំ​ផ្លូវ​ថ្មី​នោះ​រួច​ហើយ។ ​បច្ចុប្បន្ន​ កម្ពុជា​កំពុង​បន្ត​ធ្វើ​តាម​គម្រោង​ពង្រឹង​សមត្ថភាព​ដើម្បី​ឈាន​ទៅ​អនុវត្ត​ការ​ប្រើប្រាស់​ប្រព័ន្ធ​នាំ​ផ្លូវ​ហោះ​ហើរ​ និង​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​ថ្មី​តាម​ផ្កា​យរណប។ ​ជាក់ស្តែង កា​ល​ពី​ម្សិល​មិញ ​រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ខ្មែរ ​បាន​ទទួល​កម្មវិធី​គូស​ផ្លូវ​ហោះ​ហើរ​ (PANADES Software) ដែល​មា​ន​តម្លៃ​១,៥លានដុល្លារ ​ក្រោម​កិច្ចសហ​ប្រតិបត្តិការ​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន។​

ក្នុង​ពិធី​ផ្លូវ​ការ​នៅ​ឯ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​ម្សិល​មិញ​នោះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ​បាន​ឱ្យ​ដឹង​ថា ​កម្មវិធី​គូស​ផ្លូវ​ហោះ​ហើរ​នេះ​គឺ​ជា«​បច្ចេក​វិជ្ជា​ទំនើប (...)​ ដែល​ធានា​បា​ន​​នូវ​សុវត្ថិភាព​ខ្ពស់ ​ចំពោះ​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស ​ចំណេញ​ពេល​វេលា ​កាត់​បន្ថយ​ការ​ចំណាយ​ប្រេ​ងសាំង​ និង​រួម​ចំណែក​នូវ​ការ​ការពារ​បរិស្ថាន ​កាត់​បន្ថយ​ការ​ភាយ​ចេញ​នូវ​ឧស្ម័ន​កាបូនិច ​ពី​ម៉ាស៊ីន​អាកាស​យាន្ត»។ ទន្ទឹម​នឹង​នេះ​ដែរ​ លោក សុខ អាន បាន​គូស​បញ្ជាក់​ទៀត​ថា ​កម្មវិធី​នេះ​ក៏​ពង្រឹង​សមត្ថភាព​មន្ត្រី​នៅ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ