បេក្ខជនចៅសង្កាត់អូរចាមកពីគណបក្សប្រឆាំង ត្រូវបានតុលាការកោះហៅចំថ្ងៃឃោសនាបោះឆ្នោត
តុលាការខេត្តបាត់ដំបង កាលពីដើមខែឧសភានេះ បានចេញដីកាកោះហៅកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អាយុ ៣២ឆ្នាំ ជាបេក្ខនារីឈរឈ្មោះចៅសង្កាត់អូរចា មកពីគណបក្សសង្រ្គោះជាតិឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅរសៀលថ្ងៃទី ២៣ ឧសភា ក្នុងនាមជាជនសង្ស័យ។ នេះគឺជាដីកាកោះជាលើកទី ២ បន្ទាប់ពីដីកាកោះហៅលើកទី១ កាលពីថ្ងៃទី ២០មេសា ត្រូវបាននាងស្នើសុំពន្យាពេលចូលខ្លួន។ មន្ត្រីគណបក្សប្រឆាំងបានចាត់ទុកថា ដីកាកោះហៅនេះ គឺជាការដាក់សម្ពាធមកលើបេក្ខជនរបស់ខ្លួន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៥
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បេក្ខនារីឈរឈ្មោះចៅសង្កាត់អូរចាមកពីគណបក្សសង្រ្គោះជាតិ នឹងត្រូវចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខតុលាការនៅវេលាម៉ោង ២រសៀល ថ្ងៃទី ២៣ ឧសភា ក្នុងនាមជាជនសង្ស័យ។ ជាពាក្យបណ្តឹងដែលប្តឹងដោយឈ្មោះ សៅ ប៊ុនទិត្យ ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅក្នុងជម្លោះដីធ្លីមួយកន្លែង។ យ៉ាងណាក្តី បេក្ខនារីឈរឈ្មោះបោះឆ្នោតចៅសង្កាត់អូរចាមកពីគណបក្សប្រឆាំងរូបនេះ បានអះអាងថា នាងនឹងចូលខ្លួនទៅឆ្លើយបំភ្លឺតាមដីកាកោះហៅនេះ បើទោះបីជាប្រឈមនឹងការចាប់ខ្លួនក៏ដោយ។
គួរជំរាបជូនថា ដើមហេតុដែលនាំឲ្យមានវិវាទរហូតឈានដល់ក្តីក្តាំគ្នានៅក្នុងតុលាការនេះ បានផ្តើមចេញពីការតវ៉ាប្រឆាំងរបស់ប្រជាពលរដ្ឋ ៥០គ្រួសារ ទៅនឹងការអនុវត្តសាលក្រមស្ថាពររបស់តុលាការខេត្តបាត់ដំបង កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៧។ សេចក្តីសម្រេចរបស់តុលាការខេត្តបាត់ដំបង ដែលបានប្រគល់ដីសាលាមតេយ្យមួយកន្លែង ស្ថិតនៅក្នុងភូមិអូរចារ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទំហំ ១៤០៩ម៉ែត្រការ៉េ ទៅឲ្យឈ្មោះ សៅ ប៊ុនទិត្យ ជាមន្ត្រីប៉ូលីសនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ប៉ុន្តែប្រជាពលរដ្ឋបានអះអាងថា ជាដីសហគមន៍បរិច្ចាគដើម្បីសាងសង់ជាសាលាមតេយ្យសម្រាប់កូនចៅរបស់ខ្លួនរៀនសូត្រ តាំងពីឆ្នាំ ២០១១មកម្លេះ។
ការឈានទៅដល់ការប្តឹងផ្តល់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដោយកាលណោះ នាងគឺជាចៅសង្កាត់រងទី ២សង្កាត់អូរចាដោយបានទៅឃ្លាំមើលការអនុវត្តសាលក្រមនេះ ប៉ុន្តែត្រូវបានរងការចោទប្រកាន់ថា បានដឹកនាំប្រជាពលរដ្ឋឲ្យប្រឆាំងតវ៉ានឹងការអនុវត្តសាលក្រមនេះទៅវិញ។ ក្រៅពីកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅមានប្រជាពលរដ្ឋ ១៣នាក់ទៀត ក៏ត្រូវបានរងបណ្តឹងរបស់តុលាការខេត្តបាត់ដំបងផងដែរ។
លោកស្រី មូរ សុខហួរ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិប្រចាំខេត្តបាត់ដំបង បានចាត់ទុកដីកាកោះហៅម្តងហើយម្តងទៀតរបស់តុលាការខេត្តបាត់ដំបងនេះថា ជាការដាក់សំពាធធ្ងន់ធ្ងរមកលើបេក្ខជនរបស់លោកស្រី ចំពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នឹងចាប់ពីថ្ងៃទី ២០ ឧសភាខាងមុខ។ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលត្រូវបានគេចាត់ទុកថា ជាបេក្ខនារីមានប្រជាប្រិយភាពខ្លាំងនៅក្នុងសង្កាត់អូរចាក្នុងខេត្តបាត់ដំបងនេះ។
សូមបញ្ជាក់ថា មុនការបោះឆ្នោតឃុំសង្កាត់មកដល់ មានបេក្ខជនជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំង ៣នាក់ហើយ ដែលបានរងពាក្យបណ្តឹងនៅក្នុងតុលាការ ហើយក្នុងនោះបេក្ខជនម្នាក់នៅខេត្តបន្ទាយមានជ័យ កំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់តុលាការនៅឡើយ។ សូមបញ្ជាក់ដែរថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី ០៤ មិថុនា ខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១២ចូលរួម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ