អានតួអត្ថបទ
កម្ពុជា-នយោបាយ

ជិត​បោះ​ឆ្នោត៖ មាន​ចលនា​ចេញ-ចូល បក្ស​កាន់​អំណាច និង​ប្រឆាំង​ចង្អុល​មុខ​គ្នា

នៅ​តែ​ជាង ២​សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ចាប់​ផ្តើម​ ដោយ​ឡែក​ការ​ឃោសនា​បោះ​ឆ្នោត​នឹង​ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ។ ទន្ទឹម​នឹង​នេះ ចលនា​នៃ​ការ​ចុះ​ចូល និង​ការ​ចាក​ចេញ​កំពុង​ពុះ​កញ្ជ្រោល។ ថ្មី​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ជើង​ក្រោម​កំពុង​បន្ត​រត់​ចេញ។ ប៉ុន្តែ​បក្ស​ប្រឆាំង​ថា វា​ជា​រូបភាព​នៃ​យុទ្ធ​របស់​បក្ស​កាន់​អំណាច ខណៈ​ដែល​បក្ស​ប្រជាជន​ថា វា​ជា​កំសោយ និង​បញ្ហា​ផ្ទៃ​ក្នុង​បក្ស​ប្រឆាំង។

ជិត​​បោះ​ឆ្នោត៖ មាន​​ចលនា​​ចេញ-ចូល បក្ស​​កាន់​​អំណាច និង​​ប្រឆាំង​​ចង្អុល​​មុខ​​គ្នា
ជិត​​បោះ​ឆ្នោត៖ មាន​​ចលនា​​ចេញ-ចូល បក្ស​​កាន់​​អំណាច និង​​ប្រឆាំង​​ចង្អុល​​មុខ​​គ្នា @ google
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ប្រជាជន​កម្ពុជា​តាម​បណ្តា​ខេត្ត​នានា​បាន​ប្រកាស​ពី​ការ​ចុះ​ចូល​ពី​អតីត​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មក​កាន់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន។ ខេត្ត​ខ្លះ​មាន​រាប់​រយ​នាក់ ខេត្ត​ខ្លះ​រាប់សិប​នាក់​ជា​ដើម។ ភ្លាមៗ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់​ថា​នោះ​គឺ​ជា​ចិត្ត​សាស្ត្រ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មុន​ការ​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ។ លោក​អេង ឆៃអ៊ាង អ្នក​នាំ​ពាក្យ​គណបក្ស​បាន​ថ្លែង វា​មិន​មែន​ជា​រឿង​អ្វី​ដែល​ប្លែក​នោះ​ទេ​សម្រាប់​សង្គម​កម្ពុជា​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​ពី​មូលហេតុ​ដែល​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មក​រួម​ជីវភាព​ជាមួយ​បក្ស​កាន់​អំណាច​ដែល​មាន​តាំង​ពី​សមាជិក​ធម្មតា សមាជិក​ឃុំ និង​ស្រុក គឺ​ដោយ​សារ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​មួយ​នេះ មាន​អំពើ​ពុក​រលួយ​ចំពោះ​ការ​ឈរ​ឈ្មោះ បញ្ហា​បក្ខ​ពួក​និយម និង​របៀប​នៃ​ការ​ដឹក​នាំ​ដែល​មិន​មាន​ឯកភាព។ សូម​បញ្ជាក់​ថា ប្រព័ន្ធ​ឃោសនា​ដែល​ស្និទ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្សព្វ​ផ្សាយ​ថា​ចលនា​នៃ​ការ​ចាក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ខេត្ត​កំពង់​ស្ពឺ ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​កណ្តាល និង​ខេត្ត​កោះកុង​ជា​ដើម។

លោក​បណ្ឌិត គិន ភា អ្នក​តាម​ដាន​សង្គម​នយោបាយ​ខ្មែរ បាន​មើល​ឃើញ​ថា​ចលនា​នៃ​ការ​ចេញ​ចូល​ពី​គណបក្ស​នយោបាយ​មួយៗ​នេះ គឺ​មាន​តាំង​ពី​ឆ្នាំ ១៩៩៣​មក ដែល​អ្នក​ទាំង​នោះ​រ៉េរាំ​ទៅ​តាម​សភាពការណ៍​គណបក្ស។ លោក​បាន​បន្ត​ទៀត​ថា ចលនា​នៃ​ការ​បញ្ចូល​សមាសភាព​នេះ ​អាច​ជា​រឿង​យុទ្ធសាស្ត្រ​របស់​គណបក្ស​នយោបាយ​មួយ ប៉ុន្តែ​វា​ក៏​អាច​ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ទៅ​កាន់​អ្នក​នយោបាយ​វិញ​ផង​ដែរ។

ការ​បង្ហាញ​ពី​ចលនា​ចេញ​ចូល​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​នេះ គឺ​នៅ​ស្រប​ពេល​ដែល​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៤ នៅ​ថ្ងៃ​ទី​៤ មិថុនា​ខាង​មុខ ហើយ​យុទ្ធនាការ​ឃោសនា​អូស​ទាញ​សំឡេង​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២០ ឧសភា​ខាង​មុខ​នេះ។

ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ មាន​គណបក្ស​នយោបាយ​ចំនួន ១២​នឹង​ចូល​រួម។ ប៉ុន្តែលោក​បណ្ឌិត​គិន ភា បាន​កត់​សំគាល់​គណបក្ស​នយោបាយ​ធំ​តែ ២ ប៉ុណ្ណោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បណ្ឌិត​គិន ភា បាន​សង្កត់​ធ្ងន់​ថា អ្វី​ដែល​ធ្វើ​ឱ្យប្រជាជន​បោះឆ្នោត​ជូន​គណបក្ស​កាន់អំណាច​គឺ​ការ​អនុវត្ត​ការ​សន្យា​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​បក្ស​កាន់​អំណាច និង​ការ​កែ​តម្រូវ​ឥរិយាបថ​មន្ត្រី​ថ្នាក់​ក្រោម។ ដោយ​ឡែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ត្រូវ​រក្សា​សាមគ្គីភាព​ដែល​កំពុង​ផុយ​ស្រួយ និង​ត្រូវ​ពង្រឹង​រចនា​សម្ព័ន្ធ​នៅ​មូលដ្ឋាន​ឱ្យ​មាំ​ទាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ