អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រោយ​ការ​អំពាវនាវ​៖ សមាជិក​គណបក្ស​ប្រឆាំង​ជាង​៤០​នាក់ បាន​សម្រេច​ចុះ​ចូល​គណបក្ស​កាន់​អំណាច

គិត​ត្រឹម​ថ្ងៃ​ទី​៣១ តុលា ម្សិល​មិញ​នេះ មាន​តំណាង​រាស្ដ្រ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត និង​មេឃុំ -ចៅ​សង្កាត់​គណបក្ស​សង្រ្គោះ​ជាតិ​សរុប​៤៣​នាក់​ហើយ ដែល​បាន​ប្រកាស​សុំ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច។ សម្រាប់​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចរន្ត​នៃ​ការ​ចាក​ចេញ​នេះ ហាក់​មាន​ចំនួន​តិច​តួច​នៅ​ឡើយ បើ​ប្រៀប​ធៀប​នឹង​ការ​បោះ​ឆ្នោត​មុនៗ។

រូបភាព​តំណាង​៖​ សមាជិកគណបក្សសង្គ្រោះជាតិ សម្រេច​​ចុះ​​ចូល​​គណបក្ស​កាន់​អំណាច
រូបភាព​តំណាង​៖​ សមាជិកគណបក្សសង្គ្រោះជាតិ សម្រេច​​ចុះ​​ចូល​​គណបក្ស​កាន់​អំណាច rfi/siv channa
ផ្សាយពាណិជ្ជកម្ម

យោង​តាម​តារាង​ផ្លូវ​ការ​នៃ​បញ្ជី​ឈ្មោះ​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​សុំ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី ៣១ តុលា មាន​តែ​សមាជិក​៤៣​នាក់​ប៉ុណ្ណោះ ដែល​បាន​សម្រេច​ចិត្ត​ចុះ​ចូល។ ក្នុង​នោះ មាន​តំណាង​រាស្រ្ត​ម្នាក់ គឺ​លោក ឡុង ប៊ុន្នី មក​ពី​ខេត្ត​ព្រៃវែង។ ក្រៅ​ពី​នោះ​នៅ​មាន​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ម្នាក់ រួម​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង ស្រុក៤នាក់, មេឃុំ-ចៅ​សង្កាត់​២​នាក់, ជំទប់​ឬ​ចៅ​សង្កាត់​រង​ទី​១​ចំនួន​៦​នាក់, ជំទប់ ឬ​ចៅ​សង្កាត់​រង​ទី​២ ចំនួន​៦​នាក់ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​២៣​នាក់។ ហើយ​ក្នុង​ចំណោម​នោះ ខេត្ត​កំពង់ចាម មាន​អ្នក​ចុះ​ចូល​ច្រើន​ជាង​គេ គឺ​ចំនួន​១៣​នាក់។ នេះ​បើ​ផ្អែក​តាម​តារាង​បញ្ជី​ឈ្មោះ​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ ដែល​សុំ​ចូល​រួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​កាន់​អំណាច ដែល​ត្រូវ​បាន​ធ្វើ​តុល្យការ​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី ៣១ តុលា។

ការ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​កាន់​អំណាច​នេះ ត្រូវ​បាន​ពួក​គេ​លើក​ហេតុ​ផល​ដូចៗ​គ្នា​ថា គឺ​ដោយ​សារ​តែ​បាន​មើល​ឃើញ​ថា លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ក្បត់​ជាតិ ហើយ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់ និង​បន្ថែម​ដោយ​មូលហេតុ​ថា បាន​មើល​ឃើញ​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​ជា​ដើម។ យ៉ាង​ណា​ក៏​ដោយ ចរន្ត​នៃ​ការ​ចាក​ចេញ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​កើត​ឡើង ក្រោយ​ពី​មាន​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ២២ តុលា ដោយ​ប្រមុខ​បក្ស​កាន់​អំណាច លោក​បាន​ព្រមាន​ថា គណបក្ស​ប្រឆាំង​ដែល​ជា​គូរ​ប្រជែង​ដ៏​គ្រោះ​ថ្នាក់​របស់​លោក នឹង​ត្រូវ​រំលាយ នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ភ្ជាប់​ជាមួយ​នឹង​ការ​អំពាវនាវ​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ថែម​ទាំង​បាន​ធានា​ថា នឹង​រក្សា​មុខ​តំណែង​របស់​ពួក​គេ​ឲ្យ​នៅ​ដដែល ខណៈ​ដែល​មន្រ្តី​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា តំណែង​របស់​ពួក​គេ​នឹង​ត្រូវ​បាត់​បង់ ស្រប​ពេល​ដែល​សមាជិក​ភាព​នៅ​ក្នុង​គណបក្ស​បាត់​បង់​ទៅ​ដែរ។

លោក កង សាវ៉ាង មន្ត្រី​សម្រប​សម្រួល​ផ្នែក​អង្កេត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល បាន​ហៅ​ការ​ចាក​ចេញ​ពី​គណបក្ស​នយោបាយ​មួយ​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​នយោបាយ​មួយ​ទៀត​ថា គឺ​ជា​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់។ ប៉ុន្តែ​ការ​ចុះ​ចូល​នោះ មិន​ត្រូវ​ធ្វើ​ឡើង តាម​រយៈ​ការ​បង្ខិត​បង្ខំ​ឬ​ការ​គំរាម​កំហែង​នោះ​ឡើយ។ អ្នក​ធ្វើ​ការ​ផ្នែក​សង្កេតការ​លើ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​រូប​នេះ​បាន​កត់​សំគាល់​ថា ចរន្ត​នៃ​ការ​ចាក​ចេញ​បែប​នេះ តែង​តែ​កើត​មាន​ឡើង​នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​មក​ដល់។ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សំគាល់​របស់​លោក ចរន្ត​នៃ​ការ​ចាក​ចេញ​លើក​នេះ ហាក់​នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ បើ​ធៀប​នឹង​ការ​បោះ​ឆ្នោត​មុនៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ