អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង៖​ការ​ដើរ​ចេញ​ពី​សហ​ភាព​អឺរ៉ុប​របស់​អង់​គ្លេស ​មិន​ប៉ះ​ពាល់​ដល់​នយោបាយ​បក្ស​ប្រឆាំង​កម្ពុជា​ទេ​

គណបក្ស​ប្រឆាំង​​ធំ​បំផុត​​ក្នុង​ប្រទេស​​កម្ពុជា​​បាន​​កត់​សម្គាល់​ថា កា​រ​ដើរ​​ចេញ​​របស់​​អង់​គ្លេស​​ពី​​សហ​ភាព​​អឺរ៉ុប ​មិន​​ធ្វើ​​ឲ្យ​​ប៉ះ​ពាល់​​ដល់​​ដំណើរ​ការ​​ប្រជា​ធិបតេយ្យ​ ឬ​​គណបក្ស​នយោបាយ​​ក្នុង​ប្រទេស​​កម្ពុជា​​ទេ​។ ​ខណៈ​ដែល​​កន្លង​មក​​ក​ម្ពុ​ជា​​ធ្លាប់​​ទទួល​​ជំនួយ​​រាប់​លាន​​ដុល្លារ​​ពី​សហ​គមន៍​​នេះ ​ហើយ​​គណបក្ស​ប្រឆាំង​​ផ្ទាល់​​ក៏​​ធ្លាប់​​បាន​ទទួល​​ការ​គាំទ្រ​​លើ​​ការ​ពង្រឹង​​លទ្ធិ​ប្រជាធិប​តេយ្យ​​ផង​ដែរ​។ ​ចំណែក​​ភាគី​​រដ្ឋាភិបាល​​បញ្ជាក់​ថា​បញ្ហា​​របស់​​សហភាព​​អឺរ៉ុប​​នៅ​ពេល​នេះ​​នឹង​​ប៉ះ​ពាល់​​ដល់​​បក្ស​ប្រឆាំង។​  

ផ្សាយពាណិជ្ជកម្ម

 

កាលពី​ថ្ងៃទី២៤ ខែមិថុនា ពលរដ្ឋ​អង់គ្លេស​បានសម្រេច​បោះឆ្នោត​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប។ ការសម្រេចចិត្ត​ដើរ​ចេញពី​សហភាព​អឺរ៉ុប​គឺជា​ជោគជ័យ​ធំធេង​សម្រាប់​ក្រុមប្រឆាំង​នយោបាយ​អឺរ៉ុប។ ការដើរ​ចេញ​នេះ ធ្វើឡើង​ខណៈដែល​អឺរ៉ុប​កំពុងតែ​ជួបនឹង​បញ្ហា​អន្តោប្រវេសន៍ និង​វិបត្តិ​សេដ្ឋកិច្ច ហើយ​ចុងក្រោយ​គឺ​ការ​ដើរចេញ​របស់​អង់គ្លេស​នេះឯង។

លោកស្រី មូរ សុខ​ហួរ ជា​អគ្គនាយក​ទំនាក់ទំនង​សាធារណៈ និង​ជា​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តបាត់តំបង​បាន​ឲ្យ​វិទ្យុ​បារាំង​ដឹងថា ទាំង​ផ្នែក​ជំនួយ និង​ផ្នែក​នយោបាយ ដែល​សហភាព​អឺរ៉ុប​ធ្លាប់​ផ្តល់​មក​កម្ពុជា គឺ​មិនមាន​អ្វី​ប៉ះពាល់​ទេ បើទោះបីជា​សមាជិក​រប​ស់​អឺរ៉ុប​ម្នាក់​ដើរចេញ​ក៏ដោយ។ លោកស្រី​បញ្ជាក់ថា​ព្រឹ​តិ្ត​ការណ៍​នេះ ក៏​មិន​ប៉ះពាល់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ចលនា​ប្រជាធិបតេយ្យ​ណាមួយ​ដែរ។

លោកស្រី​បន្ថែមថា កន្លងមក​គណបក្ស​ស​ង្គ្រោះ​ជាតិ​មិនបាន​ទទួល​ថវិកា​ផ្ទាល់​ពី​សហភាព​អឺរ៉ុប​ទេ ពីព្រោះ​ថវិកា​ទាំងនោះ​គឺ​បាន​ហូរ​ចូលទៅក្នុង​ដៃ​រដ្ឋាភិបាល​កម្ពុជា។   

លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នៅពេលនេះ ធ្វើ​ឲ្យ​នយោបាយ​នៅក្នុង​តំបន់​សហភាព​អឺរ៉ុប​គឺ​មិនមាន​ស្ថិរភាព ដូច្នេះ​ការដំឡើង​សម្លេង​របស់​ក្រុម​មួយ ដែល​គាំទ្រ​លោក​សម រង្ស៊ី គឺ​បាត់បង់​ឥទ្ធិពល​ទៅហើយ។ លោក​ក៏បាន​បន្ថែម​ដែរ​ថា​ផល់ប៉ះពាល់​ក៏មាន​ច្រើន​មកលើ​អង្គការក្រៅរដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​កន្លងមក​ធ្លាប់​បានទទួល​ជំនួយ​ពី​សហភាព​អឺរ៉ុប។

សូមបញ្ជាក់ថា​កាល​ដើមខែ​មិថុនា សភា​អឺ​រុ​ប បានចេញ​សេចក្តីសម្រេច ៧ចំនុច ដែលមាន​ខ្លឹមសារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ ដោយ​ដោះលែង​សកម្មជន​នយោបាយ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ឲ្យ​បាន​មុន​ការបោះឆ្នោត​ឆ្នាំ ២០១៧ និង២០១៨។

សម្រាប់​កម្ពុជា! អឺរ៉ុប​បាន​ផ្តល់ជំនួយ​ជាច្រើន​លាន​ដុល្លារ​អាមេរិក​លើ​ផ្នែក​អប់រំ មនុស្សធម៌ បរិស្ថាន សិទ្ធិមនុស្ស និង​គាំទ្រ​អង្គការក្រៅរដ្ឋាភិបាល​នានា។ ចាប់ពី​ឆ្នាំ២០០០ រហូតដល់​ឆ្នាំ២០១៣ សហភាព​អឺរ៉ុប​បាន​ផ្តល់ជំនួយ​យ៉ាងហោចណាស់ ៧០០ដុល្លារ​អាមេរិក ហើយពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០២០ អឺរ៉ុប​គ្រោង​ផ្តល់ជំនួយ​ទឹកប្រាក់៦០០ដុល្លារ​អាមេរិក។ បើ​និយាយ​ពី​ផ្នែក​ពាណិជ្ជកម្ម រវាង​កម្ពុជា​នឹង​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ២០១៥កន្លងទៅ ភាគី​ទាំង​ពីរបាន​ដោះដូរ​ពាណិជ្ជកម្ម​នឹង​គ្នា​ក្នុង​រង្វង់​ទឹកប្រាក់ ជិត៥ពាន់​លាន​ដុល្លារ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ