អានតួអត្ថបទ

​ប្រមុខ​ដឹកនាំ​ធំៗ​អឺរ៉ុបពង្រឹង​ជំហរ​​​ក្រោយ​លទ្ធផល​ប្រជាមតិ​អង់គ្លេស​

ប្រធានាធិបតី​បារាំង​ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រធាន​សហភាព​អឺរ៉ុប បាន​ជួប​ពិភាក្សា​គ្នា​ឆ្វាត់​ឆ្វែង​តាម​ទូរស័ព្ទ​ភ្លាម ក្រោយ​ពី​បាន​ឮ​សេចក្តី​ប្រកាស​លទ្ធផល​ប្រជាមតិ​ថា​ពលរដ្ឋអង់គ្លេស បាន​បោះឆ្នោត​ចាក​ចេញ​ពី​អឺរ៉ុប។ លោក​ហ្វ្រង់ស័រ ហូឡង់ បាន​អំពាវនាវ​ឱ្យ​អឺរ៉ុប​ភ្ញាក់​រួស​រាន់​ឡើង​ប្រឈម​នឹងជម្រើសរបស់​​អង់គ្លេស។ ចំណែក​លោកស្រី​មែរកិល​បានកោះ​ប្រជុំ​ប្រមុខ​ដឹកនាំប្រទេស​សំខាន់​របស់​​​អឺរ៉ុប​ទាំង​៦​​ នៅ​ទីក្រុង​ប៊ែរឡាំង​ នៅ​ថ្ងៃ​សៅរ៍​ទី ២៥ មិថុនា និង​ស្នើ​សុំ​ឱ្យ​អឺរ៉ុប​កុំ​សម្រេចចិត្ត​អ្វី​លឿន​ពេក។

ប្រធានាធិបតី​បារាំង​ធ្វើ​សុន្ទរកថា​ក្រោយ​លទ្ធផល​ប្រជាមតិ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប
ប្រធានាធិបតី​បារាំង​ធ្វើ​សុន្ទរកថា​ក្រោយ​លទ្ធផល​ប្រជាមតិ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

ពាក្យ​ថា​សោក​ស្តាយ​បាន​គ្រលាស់​ចេញ​ពី​គ្រប់​ប្រអប់​មាត់​របស់​ថ្នាក់​ដឹកនាំ​ប្រទេស​​ជា​សមាជិក​អឺរ៉ុប​គ្រប់ៗ​រូប។ លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ បាន​ធ្វើ​សុន្ទរកថា​ខ្លីមួយ​ ដើម្បី​ធានាអះអាង​ថា​ បារាំង​នឹង​ធ្វើ​ជា​មេគំនិត​​ដឹកនាំ​អឺរ៉ុប​ប្រឈម​​នឹង​ស្ថានការណ៍​ដ៏​ចុកចាប់​ និង​គួរ​ឱ្យ​សោកស្តាយបំផុត​ ដែល​ពលរដ្ឋ​អង់គ្លេស​បាន​ជ្រើសរើស​ដើរ​ចេញ​ពី​សហភាព។

 

“អឺរ៉ុប​មិន​អាច​ធ្វើ​ដូច​មុន​បាន​ទៀតទេ !”  ត្រូវ​ផ្តុំ​ការ​ដឹកនាំ​ទៅ​លើ​វិនិយោគ​ ដើម្បី​កំណើន និង​ការងារ។ នេះ​ជា​ការ​គូសបញ្ជាក់​បន្ថែម​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ ដោយ​បាន​បង្ហើប​ទៀត​ថា​ អឺរ៉ុប​ត្រូវ​តែ​ផ្តល់​ចម្លើយ​ចាំបាច់​ ដើម្បី​គ្រប់គ្រង​ហានិភ័យ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​កុំឱ្យ​ទីផ្សារ​ធ្លាក់​ក្នុង​ភាព​វឹកវរ​យូរ​ពេក។

ទន្ទឹម​គ្នា​នេះ​ដែរ​លោក​ប្រធានាធិបតី​បារាំង​បាន​អះអាង​នឹង​មាន​ជំហរ​ដាច់​ខាត​ជាមួយក្រុង​ឡុងដ៍​ ក្នុង​សំណុំ​បែប​បទ​ចរចា​ដក​​អង់គ្លេសពី​អឺរ៉ុប ទៅ​តាម​ច្បាប់​ បើ​ទោះ​បី​ជា​បារាំង​នៅ​តែ​បន្ត​ធ្វើ​ការ​ជាមួយ​អង់គ្លេស​ក្នុង​នាម​ជា​មិត្ត​ដ៏​ជិត​ដិត​ក៏​ដោយ។

ចំណែក​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​ចាត់​ទុកជម្រើស​របស់​ពលរដ្ឋ​អង់គ្លេស​ថា​ប្រៀប​ដូច​ការ​វាយ​មួយ​ព្រនង់យ៉ាង​ដំណំ​លើ​អឺរ៉ុប។ ប៉ុន្តែ​​ក្រៅអំពី​សម្តែង​សោកស្តាយ​ លោកស្រី​បាន​សន្យា​ថា​ អឺរ៉ុប​រំពឹង​លើ​សមត្ថភាព​របស់​សមាជិក​ទាំង​២៧​ និង​មិន​ទាញ​សន្និដ្ឋាន​អ្វី​ ដោយ​គ្រាន់​តែ​ឃើញ​លទ្ធផល​នៃ​ធ្វើ​ប្រជាមតិ​អង់គ្លេស​មួយ​នេះ​ឡើយ។

លោកស្រី​មែរកិល បាន​កោះ​ហៅ​ប្រមុខ​ដឹកនាំ​អឺរ៉ុប​កំពូល​ៗ ដូច​ជា​បារាំង​ អ៊ីតាលី ព្រមទាំង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប មក​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ចន្ទ​ទី ២៧​មិថុនា​នៅ​ទីក្រុង​បែរឡាំង ដើម្បីពិចារណា​និង​វិភាគវែកញែក​ដោយ​ភាព​ស្ងប់ស្ងាត់​ និង​អត់​ធ្មត់ មុន​នឹង​ចេញ​សេចក្តី​សម្រេច​អ្វី​មួយ។ ប្រមុខការទូត​ប្រទេស​ជា​ស្ថាបនិក​សហភាព​អឺរ៉ុប​ទាំង​៦ បារាំង​ អាល្លឺម៉ង់ អ៊ីតាលី លុចសំបួរ ប៊ែលហ្សិក និង​ហូឡង់ ត្រូវ​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់​នៅ​បែរឡាំង​នា​ថ្ងៃ​សៅរ៍​នេះ​តែ​ម្តង។

សូម​បញ្ជាក់​ថា​ប្រតិកម្ម​ បានធ្លាក់​មក​ពី​គ្រប់​ទិសទី សម្តែង​ការ​សោក​ស្តាយ​ និង​ជូន​​ពរ​ឱ្យ​អឺរ៉ុបមាន​ស្ថិរភាព​និង​​អង់គ្លេស​ឆ្លង​អន្តរកាល​បាន​ដោយ​រលូន​ និង​ឆាប់​រហ័ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ