អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ខុមហ្វ្រែល ​រក​ឃើញ​គម្រោង​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្បែរ​បន្ទាយយោធា​ខេត្ត​កំពង់ស្ពឺ

អង្គការ​ខុមហ្វ្រែល​ ដែល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោតបាន​បង្ហើប​ថា មាន​គម្រោង​រៀប​ចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​​នៅ​ក្បែរ​បន្ទាយយោធា​ខេត្ត​កំពង់​ស្ពឺ។ នេះ​ជាព័ត៌មាន​បឋម​ ដែល​ខុមហ្វ្រែល​ទទួល​បាន ហើយ​ត្រូវ​បាន​បង្ហើប​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ថ្ងៃ​ទី ​២៦​តុលា​នេះ ស្ដីពី​របាយការណ៍​លើ​ដំណើការ​ចុះ​ឈ្មោះបោះឆ្នោត​ឆ្នាំ២០១៦។ 

លោក គល់ បញ្ញា ប្រធានអង្គការខុមហ្វ្រែលនៅក្នុងសន្និសីទសារព័ត៌មាននាពេលកន្លងមក
លោក គល់ បញ្ញា ប្រធានអង្គការខុមហ្វ្រែលនៅក្នុងសន្និសីទសារព័ត៌មាននាពេលកន្លងមក @RFI
ផ្សាយពាណិជ្ជកម្ម

គម្រោង​នៃ​ការ​ដោះដូរ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​នៅ​ជិត​បន្ទាយ​យោធា​ខេត្តកំពង់​ស្ពឺ មិន​ទាន់​មាន​ការ​ឯកភាព​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ ជ ប នៅ​ឡើយ​ទេ។ ប៉ុន្តែ​ខុម​ហ្វ្រែល​នឹង​តាម​ឃ្លាំ​មើល​លើ​បញ្ហា​នេះ​បន្ត​ទៀត។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​ពន្យល់​ថា ការិយាល័យ​ដែល​គេមាន​គម្រោង​ដាក់​ឲ្យ​នៅ​ជិត​បន្ទាយ​យោធា​វា​អាច​ជា​ការ​រិយាល័យ​ចុះ​ឈ្មោះបោះ​ឆ្នោតមួយ​ដែល​មាន​តែ​យោធា​ជា​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ លោក​បញ្ញា​ថា បើ​ករណី​នេះ​កើតឡើង​មែន​វា​ជា​រឿង​ផ្ទុយ​នឹង​ច្បាប់​ព្រោះថា ពលរដ្ឋ​ត្រូវ​ចុះ​ឈ្មោះបោះឆ្នោត​នៅ​កន្លែង​ខ្លួន​រស់​នៅ។ ទោះ​យ៉ាង​ណា​​លោក​ចាត់​ទុក​ថា នេះ​មិនមែន​ជា​ករណី​ធំដុំ​ទេ ប៉ុន្តែ​អង្គការខុមហ្វ្រែល​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត។

ទន្ទឹមនឹងនេះ​អង្កការ​និចហ្វិច​ដែល​ចង់​សម្ព័ន្ធភាព​ជាមួយ​ខុមហ្វ្រែល​ក្នុង​ការ​បង្ហាញ​របាយ​ការណ៍​អង្កេត​ស្ដីពី​ដំណើរ​ការ​ចុះឈ្មោះបោះឆ្នោត​ក៏​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក៏មាន​ករណី​ដឹក​យោធា​ចេញ​ពី​ភូមិ​ភាគ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​ប្រាំពីរ​ក្រុងសៀមរាប​ដែរ។

ដោយឡែក​ទាក់ទង​ដំណើរ​ការ​អង្កេត​ក្នុង​ការ​ចុះ​ឈ្មោះបោះឆ្នោត​គិត​ចាប់​ថ្ងៃ​ទី​១​កញ្ញាដល់​ថ្ងៃ​ទី​១០​តុលា សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ហៅ​កាត់​អឺរ៉ា រក​ឃើញ​ភាព​មិនប្រក្រតី​កើត​ឡើង​ជាង​១៤០០​ករណី​ដោយ​ក្នុង​មួយ​ថ្ងៃ​បញ្ហា​ទាំង​នោះ​កើត​៦​ឡើង​ករណី។ បញ្ហាទាំង​នោះ​រួមមាន​៖ ព្រះសង្ឃ​និមន្ត​ទៅ​ចុះ​ឈ្មោះបោះឆ្នោត​មាន​ចំនួន​តិច​តួចបំផុត ជន​ពិការ​ជួប​ការ​លំបាក​ទៅ​ចុះ​ឈ្មោះបោះឆ្នោត ពលករចំណាក​ស្រុក​វិល​មក​ចុះឈ្មោះ​មាន​ចំនួន​តិចតួច​ជាដើម។

អឺរ៉ា​បាន​កត់​សម្កាល់​ថា បណ្ដឹង​ដែល ​គ ជ ប ​ទទួល​បាន​ភាគ​ច្រើន​គឺ​សង្ស័យ​ថា គ្មានសញ្ជាតិ​ខ្មែរ  រំខានការចុះឈ្មោះបោះឆ្នោត  ការ​ដឹក​មនុស្ស​ទៅ​ចុះ​ឈ្មោះ​ខុស​ទី​តាំង​ជាដើម។ បន្ថែម​ពី​លើ​នេះ អឺរ៉ា​រក​ឃើញ​ថា រហូត​មក​ដល់​ពេល​ចំនួន​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះមាន​ការ​ថយ​ចុះ។ ពី​មុន​មួយ​ថ្ងៃ​មាន​ពលរដ្ឋ​ទៅ​ចុះឈ្មោះបោះ​ឆ្នោត​ជាង​១០​ម៉ឺន​នាក់។ តែ​ឥលូវ​ធ្លាក់​មក​នៅ​ត្រឹម​៦ម៉ឺន​នាក់។ តែ​យ៉ាងណាមិញ​អឺរ៉ា​បាន​លើក​សសើរ​ពី​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​គជប​ជុំវិញ​ដំណើ​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត​ជូន​ពលរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ