អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បក្ស​កាន់​អំណាច​ដោះស្រាយ​បញ្ហា​ព្រំដែន​និង​អន្តោប្រវេសន៍​វៀតណាម ​ដោយ​ឆន្ទៈ​ពិត​ប្រាកដ​ឬ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មី​ៗ​នេះ ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ​បាន​ចាត់​វិធាន​ការ​គួរ​ឲ្យ​កត់​សម្គាល់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ និង​បញ្ហា​ព្រំដែន​នៅ​កម្ពុជា។ ​យ៉ាង​ណា​ក៏​ដោយ ​ចំណាត់កា​រ​​របស់​រដ្ឋាភិបាល​នៅ​ក្នុង​សំណុំរឿ​ង​នេះ​ មិន​ទាន់​ត្រូវ​បាន​ជឿ​ជាក់​ទាំង​ស្រុង​នៅ​ឡើយ។​ សាធារណៈ​មតិ​មួយ​ចំនួន ​នៅ​តែ​ចោទ​សួរ​ថា ​តើ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ពេល​នេះ ​ជា​ឆន្ទៈ​ពិត​ប្រាកដ​ ឬ​គ្រាន់​តែ​ដើម្បី​កេង​ចំណេញ​នយោបាយ?​

សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៥។​
សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៥។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​និង​រឿង​ព្រំដែន​ បាន​ពុះ​កញ្ជ្រោល​ឡើង​វិញ​នៅ​កម្ពុជា។​ នៅ​ចំពោះ​មុខ​សភាព​ការណ៍​នេះ​ រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា ​បាន​ចាត់​វិធាន​ការ​ដោះស្រាយ​ជា​បន្ត​បន្ទាប់។​ ជា​បឋម​និយាយ​ពី​បញ្ហា​ជន​អន្តោ​ប្រវេសន៍​​ខុស​ច្បាប់។ មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ​ការ​ឃាត់​ខ្លួន​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​ចូល​មក​រស់នៅ​ខុស​ច្បា​ប់​នៅ​កម្ពុជា​ បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។​ នៅ​លើ​ទំព័រ​កាសែត​និង​គេហទំព័រ​ព័ត៌មាន​អត្ថបទ​ ស្ដីពី​ការ​រក​ឃើញ​ជនជាតិ​វៀតណាម​ដែល​មក​រក​ស៊ី​ធ្វើ​ការ​ខុស​ច្បាប់​នៅ​កម្ពុជា​ ត្រូវ​​គេ​ចុះផ្សាយ​ជា​រៀង​រាល់​ថ្ងៃ។​ ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ ​ក្រោយ​ពី​ឃាត់​ខ្លួន​ហើយ​ ក៏​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ជា​ហូរហែ។

​យុទ្ធនាការ​បង្ក្រាប​ជន​បរទេស ​ជា​ពិសេស​ជន​ជាតិ​វៀតណាម​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​ ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​តាម​បែប​ផែន​ខុស​ៗ​គ្នា។ ​គេ​នៅ​ចាំ​មិន​ភ្លេច​ទេ​ យុទ្ធនាការ​ឆែកឆេរ​ទ្រង់​ទ្រាយ​ធំ​របស់​សមត្ថកិច្ច​អន្តោ​ប្រវេសន៍​នៅ​តំបន់​កោះ​ពេជ្រ​ កាល​ពី​ខែ​មិថុនា ​ដោយ​បាន​រក​ឃើញ​ជនជាតិ​ចិន​និង​វៀតណាមជាង​២០០​នាក់​ ដែល​ចូល​មក​ធ្វើ​ការ​ដោយ​ខុសច្បាប់។ ​ជន​បរទេស​ខុស​ច្បាប់​ទាំង​នោះ ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ​ មុន​នឹង​បណ្ដេញ​ចេញ​ពី​កម្ពុជា។ ​ចំណែក​នៅ​ខេត្ត​កណ្ដាល​វិញ ​អាជ្ញាធរ​បាន​សម្រេច​បណ្ដេញ​ជនជាតិ​វៀតណាម​ដែលរ​ស់នៅ​ខុស​ច្បាប់​នៅ​តំបន់​កំពង់​ចម្លង​អរិយក្សត្រ ​ឲ្យ​ចាក​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ​ផង​ដែរ។​

ដោយឡែក​ ចំពោះ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម។ ​បញ្ហា​នេះ​ បើ​ទោះ​ជា​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​បន្តិច​ហើយ​ក្ដី​ ក៏​ប៉ុន្តែ​វា​នៅ​តែ​ជា​ក្ដី​កង្វល់​នៅ​ឡើយ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ។ ​ចុង​ក្រោយ​នេះ ​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ជំហ​ដ៏​ម៉ឺងម៉ាត់​របស់​ខ្លួន​ ចំពោះ​ករណី​ព្រំដែន​នៅ​តំបន់​ដាក់​ដាំ។​ តំបន់​ដាក់​ដាំ ​ដែល​កម្ពុ​ជានិ​ងវៀតណាម​ដណ្ដើម​គ្នា​ ដោយ​អះអាង​ថា​ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​រៀង​ៗ​ខ្លួន។​ ក្នុង​សំណុំ​រឿង​ព្រំដែន​ជា​មួយ​វៀតណាម​ដដែល​នេះ កន្លង​មក រដ្ឋាភិបាល​​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា ​បាន​ធ្វើ​ការ​តវ៉ា​ផ្ទាល់​មាត់ ​និង​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​កាន់​ប្រទេសវៀ​តណាម ​ដែល​បាន​រំលោភចូ​ល​ដែន​អធិបតេយ្យ​កម្ពុជា​ នៅ​ខេត្ត​រតន​គិរី​និង​ខេត្ត​កណ្ដាល។

​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ចំពោះ​បញ្ហា​ជន​អន្តោប្រវេសន៍ ​និង​បញ្ហា​ព្រំដែន​ ជា​ពិសេស​ជាមួយ​ប្រទេស​វៀតណាម​នា​ពេល​ថ្មី​ៗ​នេះ ​បើទោះ​បី​ជា​មិ​នទាន់​គ្រប់គ្រាន់​ក៏​ដោយ ​ក៏​ការ​អបអរ​សាទរ​នៅ​តែ​មាន​ជា​ហូរហែ។ យ៉ាង​ណា​ក៏​ដោយ ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​សំណុំ​រឿង​នេះ​ មិន​ទាន់ត្រូវ​បាន​ជឿជាក់​ទាំង​ស្រុង​នៅ​ឡើយ។ សាធារណៈ​មតិ​មួយ​ចំនួន​ នៅ​​តែ​ចោទ​សួរ​ថា​ តើ​ចំណាត់កា​ររបស់​រដ្ឋាភិបាល​ពេល​នេះ​ ជា​ឆន្ទៈ​ពិត​ប្រាកដ​ ឬ​គ្រាន់​តែ​ដើម្បី​កេង​ចំណេញ​នយោបាយ? ​ប្រសិន​បើ​វា​ជា​ឆន្ទៈ​ពិត​ប្រាកដ​ តើ​ហេតុអ្វី​បាន​ជា​គណបក្ស​កាន់​អំណាច​មិន​ធ្វើ​កិច្ចការ​នេះ​តាំង​ពី​ដើម​មក?​

មែនទែន​ទៅ ​ជា​ឆន្ទៈ​ពិត​ប្រាកដ​ឬ​អត់​ របត់​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ​បាន​ជួយ​ឲ្យ​គណបក្ស​កាន់​អំណាច​មាន​លេស ​មាន​ទឹក​មាត់​កាន់​តែ​ប្រៃ​ ដើម្បី​ជជែក​តទល់​ជាមួយ​ប្រទេស​វៀតណាម។ ​ក្នុង​នោះ ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​សំឡេង​កាន់​តែ​ច្រើន​នៅ​ក្នុង​រដ្ឋសភា ​អាច​ដាក់​សម្ពាធ​បាន​កាន់​តែ​ធ្ងន់​ទៅ​លើ​គណបក្ស​កាន់​អំណាច ​ទាំង​តាម​ផ្លូវ​ច្បាប់​ និង​ផ្លូវ​នយោបាយ។ តាម​ផ្លូវ​ច្បាប់​ គណបក្ស​ប្រឆាំង​អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ព្រំដែន​និង​អន្តោប្រវេសន៍​វៀតណាម ​តាម​រយៈ​គណៈ​កម្មការ​ជំនាញ​រដ្ឋសភា​នានា ​ដែល​មាន​កូតា​បក្ស​ប្រឆាំង​ជា​ប្រធាន។​

ចំណែ​កតាម​ផ្លូវ​នយោបាយ ​គណបក្ស​កាន់​អំណាច​ខ្លួន​ឯង​ ប្រាកដ​ជា​យល់​ស្រាប់​ហើយ​ថា​ បញ្ហា​ព្រំដែន​និង​អន្តោប្រវេសន៍​វៀតណាម​ ជា​អ្វី​ដែល​ពលរដ្ឋ​កម្ពុជា​មាន​ក្ដី​បារម្ភ​ខ្លាំង។​ ការ​បណ្ដែត​បណ្ដោយ​ឲ្យ​បញ្ហា​នេះ​នៅ​ចាក់​ស្រែះ​ គ្មា​នដំណោះស្រាយ ​ចុងក្រោយ​ គឺ​មាន​តែ​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​កម្បុជា​ កាន់​តែ​បាត់បង់​ប្រជាប្រិយ​ភាព​តែ​ប៉ុណ្ណោះ។ ​ការ​ដោះស្រាយ​ឲ្យ​ចេញ​ជា​លទ្ធផល​ដុំ​កំ​ភួន​ អាច​នឹង​ជួយ​បង្កើ​នប្រជាប្រិយភាព​របស់​បក្ស​ប្រជាជន​កម្ពុជា​ សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ផង​ក៏​ថា​បាន។

​កន្លងមក​ បក្សនយោបាយនៅកម្ពុជា ច្រើន​តែ​ឆ្លៀត​ឱកាស​យក​ផល​ចំណេញ​ពី​បញ្ហា​ព្រំដែន​និង​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម។ ក៏​ប៉ុន្តែ ​ប្រជាពលរដ្ឋ​កម្ពុជា​សព្វ​ថ្ងៃ​នេះ ​គេយ​ល់​ពេក​ណាស់​ពី​ភាព​ខុស​គ្នា​រវាង​ឆន្ទៈពិ​ត​ប្រាកដ​ និង​ប្រជា​ភិថុតិយក​ចំណេញ​ខាង​នយោបាយ។ ​សម្រាប់​ម្ចាស់​ឆ្នោត​នៅ​កម្ពុជា​ ការ​យក​បញ្ហា​អាយុ​ជីវិត​របស់​ជាតិ​មក​ដោះដូរ​ជាមួយ​ការ​កេង​ចំណេញផ្នែក​នយោបាយ ​គឺជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត។

ក្នុង​ន័យ​នេះ ​បក្ស​នយោបាយ​នៅ​កម្ពុជា ​ទាំង​បក្ស​កាន់​អំណាច ​និង​បក្ស​ប្រឆាំង ​ត្រូវ​តែ​ត្រួត​ពិនិត្យ​មើល​ខ្លួន​ឯង​ឡើង​វិញ។​ ដាច់​ខាត​មិន​ត្រូវ​យក​បញ្ហា​ព្រំដែន​ និង​បញ្ហា​ជន​បរទេស​ខុស​ច្បាប់​ មក​ធ្វើ​ជា​ចំណាប់​ខ្មាំង​ដើម្បី​ប្រជាប្រិយភាព​និង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ឡើយ។ ​ទោះ​ចំណេញ​ឬ​ខាត​សម្រាប់​បក្ស​ខ្លួន​ក៏​ដោយ​ ក៏​បញ្ហា​ដ៏​រសើប​ទាំង​ពីរ​នេះ ​ចាំបាច់​ត្រូវ​តែ​ដោះស្រាយ​ឲ្យ​ដាច់ស្រឡះ​ ដើម្បី​ជាតិ​ខ្មែរ​ទាំង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ