អានតួអត្ថបទ
កម្ពុជា

ការ​ប្រឡង​បាក់ឌុប ​មួយ​ថ្ងៃ​កន្លះ​នេះ គ្មាន​អ្នក​សង្កេតការណ៍​ណា​ម្នាក់​រង​ការ​គំរាម ឬ​ហិង្សា​នោះ​ទេ​

ការ​ប្រឡង​បាក់ឌុប​ មួយ​ថ្ងៃ​កន្លះ​មក​នេះ គឺ​មិន​ទាន់​​អ្នក​សង្កេតការណ៍​ណា​ម្នាក់​រង​ការ​គំរាម ឬ​រង​ការ​ប្រើ​ហិង្សា​នោះ​ទេ​។ នេះ​បើ​តាម​លោក រស់ សាលីន ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា។ ចំណែក​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ក៏​បាន​មើល​ឃើញ​ភាព​ល្អ​ប្រសើរ​នេះ​ដែរ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ​។

ទិដ្ឋភាពនៅមណ្ឌលប្រឡងបាក់ឌុប នៅ​សាលា​បឹងត្របែក នាឆ្នាំមុន
ទិដ្ឋភាពនៅមណ្ឌលប្រឡងបាក់ឌុប នៅ​សាលា​បឹងត្របែក នាឆ្នាំមុន RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តាម​របាយការណ៍​បូក​សរុប​ពី​ប្រធាន​មណ្ឌល​ប្រឡង​ទូទាំង​ប្រទេស បង្ហាញ​ថា​ រហូត​មក​ទល់​នឹង​ពេល​នេះ គឺ​មិន​ទាន់​មាន​ការ​ប្រើ​ហិង្សា ឬ​ការ​គំរាម​កំហែង​ណាមួយ​ ​ទៅ​លើ​អ្នក​សង្កេតការណ៍​នោះ​ទេ។​ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​ដែល​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង RFI​។ អ្នក​សង្កេតការណ៍​ស្ម័គ្រ​ចិត្ត​នៅ​ឆ្នាំ​នេះ គឺ​មាន​ប្រមាណ ៦២០០ នាក់ ដែល​បាន​ចុះ​ទៅ​គ្រប់​ខេត្ត​ក្រុង ដើម្បី​តាមដាន និង​សង្កេតការណ៍​គ្រប់​មណ្ឌល​ប្រឡង ទាំង​១៥៧ និង​ត្រូវ​ជាង​៣.៧៨១​បន្ទប់។

សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​ដំបូង​ៗ​នៃ​កំណែទម្រង់ ពោល​គឺ​ក្នុង​ការប្រឡង​បាក់ឌុប កាលពី​​ឆ្នាំ​២០១៤ និង២០១៥ គឺ​មានការ​ប្រើ​ហិង្សា​ខ្លះៗទៅលើអ្នកសង្កេតការណ៍​ ដូចជា​ ការ​ប្រើ​ពាក្យ​សម្តីមិន​សមរម្យ​ ការ​ជិះ​ម៉ូតូ​ប្រុង​បុក រហូត​ដល់​ការ​ស្ទុះ​វ៉ៃយ៉ាង​កម្រោល​ និងចាក់​អ្នក​សង្កេត​ការណ៍​នឹង​ប៊ិក ដែល​បណ្តាល​ឲ្យ​របួស​ជា​ដើម។ ក៏ប៉ុន្តែ​សម្រាប់​ឆ្នាំទី​៣នៃ​កំណែទម្រង់សម័យ​​ប្រឡងបាក់​ឌុប​​នេះ ត្រូវបាន​គេមើលឃើញថា មាន​ភាព​ល្អ​ប្រសើរ​ច្រើន គឺ​​ចាប់តាំងពី​ដំណាក់​​កាល​ត្រៀម​ ការ​ចែក​ចាយ​ធុង​វិញ្ញាសា និងការ​បិទ​ឈ្មោះបេក្ខជន​​ ព្រមទាំង​ការ​សម្រប​សម្រួល​ពី​សំណាក់​ក្រសួង​ក្នុង​ការ​ទទួល​បណ្ដឹង​ សំណួរ និងសំណូមពរ​ផ្សេង​ៗ​។ ចំណែក​ការ​ជួយ​សម្រួល​ផ្នែក​សង្គ្រោះ​បឋម​ក៏​បា​នរៀបចំ​បាន​ល្អ​គួរសម និង​ទាន់​ពេលវេលា​ផង​ដែរ។

ទន្ទឹម​នឹង​នេះ គេ​សង្កេត​ឃើញថា បេក្ខជនមាន​របៀប​រៀប​រាយរយជាង​មុន និង​មាន​ភាព​ស្វាហាប់ រហូត​ដល់​អ្នក​ខ្លះ ឈឺ​បន្តោង​សឺរ៉ូមទៅ​​ហើយ ក៏នៅតែ​តស៊ូ​ទៅប្រឡង​ដែរ​។ មិនតែប៉ុណ្ណោះ​ នៅ​ក្នុង​ការប្រឡង​បាក់ឌុប​ឆ្នាំនេះ គឺបេក្ខជន ជា​ជន​ពិការ​ ក៏​ឃើញថា បាន​ចូល​រួម​ប្រឡង​នៅ​ឆ្នាំនេះ ច្រើន​ទៀត​ផង។

ក្រៅពី​សាទរ​ដំណឹង​ល្អៗ​ទាំង​នេះ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ចំពោះ​អ្នក​ប្រឡង​ដែល​ជា​ជន​ពិការ គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​និង​សម្រួល​លក្ខណៈ​បន្ថែម​ទៀត​សម្រាប់​ពួក​គេ​។

ជា​ការ​កត់​សម្គាល់ ចំពោះ​វិញ្ញាសារ​ប្រឡង​វិញ បេក្ខជន​ខ្លះដែល​ប្រឡង​នៅ​ភ្នំពេញ​ បាន​ប្រាប់​វិទ្យុ​បារាំង​ថា វិញ្ញាសារ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ គឺ​មាន​ភាព​ងាយ​ស្រួល​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ