អានតួអត្ថបទ
កម្ពុជា

ក្នុង​ជម្លោះ​​ជា​មួយ​​ប្រធាន​​រដ្ឋ​​សភា​ លោកអ៊ុំ សំអាន​​អាច​​ប្រឈម​​នីតិ​វិធី​​រដ្ឋបាល និង​​តាម​​ផ្លូវ​​តុលាការ

ក្រុម​អ្នក​ច្បាប់​របស់​រដ្ឋសភា​នៅ​ថ្ងៃ​អង្គារ​នេះ បាន​បញ្ចប់ការ​សិក្សា​លើ​ករណី​លោក​អ៊ុំ សំអាន សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។ ជាការ​សិក្សា​ដែល​បាន​រក​ឃើញ​ថា​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ បាន​រំលោភ​លើ​បទ​បញ្ជាផ្ទៃ​ក្នុង​របស់​រដ្ឋសភា ដែល​នឹង​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​ផ្នែក​រដ្ឋបាល​របស់​សភា និង​ផ្លូវតុលាការ​។

លោក អ៊ុំ សំអាន​ សមាជិកសភាគណបក្សសង្គ្រោះជាតិ​
លោក អ៊ុំ សំអាន​ សមាជិកសភាគណបក្សសង្គ្រោះជាតិ​ © siv channa
ផ្សាយពាណិជ្ជកម្ម

លោក​អ៊ុំ សំអាន​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រឈម​នឹង​ការ​ដាក់​ទោស​ទណ្ឌ​តាម​បែបរដ្ឋ​បាល​របស់​រដ្ឋ​សភា និង​តាម​ផ្លូវ​តុលាការ​តាម​ក្រម​ព្រហ្ម​ទណ្ឌ។​ អ្នក​នាំពាក្យ​រដ្ឋភា លោក​ឈាង វុន បាន​បញ្ជាក់​ថា វិធានការ​ដែល​ប្រឆាំង​នឹង​លោកអ៊ុំ សំអាន​នេះ គឺ​បន្ទាប់​ពី​ក្រុម​អ្នក​ច្បាប់​រដ្ឋ​សភា បានបញ្ចប់​ការ​អង្កេត ហើយ​រក​ឃើញ​ពី​កំហុស​ធ្ងន់ធ្ងរ​ដែល​លោក​អ៊ុំ សំអាន បាន​ប្រមាថ​លើ​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា។ លោក​ហេង សំរិន​ដែល​ត្រូវ​បាន​បក្ស​ប្រឆាំង​ចោទ​ថា បាន​រំលោភ​មាត្រា​៩៦ និង១៥០​ថ្មី ទាក់​ទង​នឹង​សំណើរ​ពី​សមាជិក​សភា​គណបក្ស​ប្រឆាំង​កាល​ពី​សប្តាហ៍​មុន។ ប៉ុន្តែ​លោក អ៊ុំ សំអាន បាន​បដិសេធ ហើយ​ថា​លោក​មិន​មាន​ការ​ព្រួយបារម្ភ​អ្វី​នោះ​ទេ។

អ្នក​នាំពាក្យ​សភាជាតិ​លោក ឈាង វុន​ដដែល បាន​បញ្ជាក់​ថា ក្នុង​ឋានៈ​ជា​ប្រធាន​រដ្ឋសភា លោក​ហេង សំរិន​មិន​អាច​ត្រូវ​បាន​គេ​ប្រមាថ​មើល​ងាយ​នោះ​ទេ​។ ដូច​នេះ គណៈ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា នឹង​បើកកិច្ច​ប្រជុំ​នៅ​ក្នុង​សប្តាហ៍​នេះ​ផ្ទាល់​តែម្តង​ដើម្បី​ពិភាក្សា​ពីករណី​របស់​លោក អុំ សំអាន តាម​នីតិ​វិធី​រដ្ឋបាល​របស់​សភា ដោយ​ឡែក​តាម​ផ្លូវ​តុលាការ​វិញ​ប្រធាន​សភា លោក​ហេង សំរិន​ខ្លួន ឬ​សមាជិក​សភាណា​ម្នាក់ អាច​ប្តឹង​លោក អ៊ុំ សំអាន​ទៅតុលាការ​តាម​ក្រម​ព្រហ្ម​ទណ្ឌ​មាត្រា​៣០៥ ។

សូម​រំលឹក​ថា ជម្លោះ​រវាង​លោក​ហេង សំរិន នឹង​លោក អ៊ុំ សំអាន បាន​កើត​ឡើង​បន្ទាប់​ពី​លោក​ហេង សំរិន មិន​បាន​បញ្ជូន​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទៅ​កាន់​រដ្ឋាភិបាល​ស្តី​ពីការ​ស្នើ​ផ្អាកការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​ដែល​កំពុង​ចម្រូង​ចម្រាស់។ លោកអ៊ុំ សំអាន បានបន្ថែម​ថា គ្មាន​ប្រការ​ណាមួយ​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ដែល​ហាម​មិន​ឱ្យ​ប្រធានសភា​មិនបញ្ជូន​លិខិត​ទៅកាន់​រដ្ឋាភិបាល​នោះ​ទេ។ ការ​មិនបញ្ជូន​នេះ គឺ​ការ​រំលោភ​សិទ្ធ​តំណាងរាស្ត្រ​ដែល​ជាអ្នក​តំណាង​ប្រជាពលរដ្ឋ។ ក្នុង​ជម្លោះ​ដដែល​នេះ លោក ឈាង វុន បាន​ស្នើ​ឱ្យ​លោកអ៊ុំ សំអាន សម្រប​សម្រួល​ជាមួយ​ប្រធាន​រដ្ឋ​សភា។

​លោក អ៊ុំ សំអាន បាន​លើក​ឡើង​ថា លោក​ហេង សំរិន​ក្នុង​រយៈ​ពេលកាន់​អំណាច​ជា​ប្រធាន​រដ្ឋ​សភា​ក្នុង​២អាណត្តិ​នេះ លិខិត​មិន​តិច​៤រយ មិន​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋាភិបាល​តាម​សំណើរ​របស់​សមាជិក​សភា។ យ៉ាងណា​ក៏​ដោយ លោក អ៊ុំ សំអាន​អះអាង​សមាជិក​សភា​គណបក្ស​ប្រឆាំង​នៅ​មិន​ទាន់​ស្រុះស្រួល​គ្នា​លើសំណើរ​ប្តឹង​ប្រធាន​រដ្ឋសភា​លោក​ហេង សំរិន ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ