អានតួអត្ថបទ
កម្ពុជា

រដ្ឋ​មន្ដ្រី​ក្រសួងអប់រំ​ចង់​បាន​មហាវិទ្យាល័យ​ច្រើន​ គុណភាពល្អ​​ប្រសើរ​ ហើយ​មាន​តម្លៃ​ទាប

តើ​ក្រសួង​អប់រំ​នឹង​មាន​ចំណាត់ការ​តឹង​រ៉ឹងដើម្បី​ពង្រឹងគុណភាព​ការ​សិក្សា​កម្រិត​​​ឧត្តម ដូច​ការ​រឹត​បន្ដឹង​ការ​ប្រឡង​បាក់​ឌុប​ដែរ​ឬ​ទេ? នេះ​គឺ​ជា​សំណួរ​របស់​អ្នក​ចូល​រួមម្នាក់​នៅ​ក្នុង​​វេទិកា​អប់រំ ទៅកាន់​លោក​ហង់ ជួនណារ៉ុន រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ​និង​កីឡា នា​ថ្ងៃ​ទី​២៧​តុលា​។ វា​ក៏​ទំនង​ជា​សំណួរ​ដែល​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ចង់​បាន​ចម្លើយ​ដែរ បន្ទាប់​ពី​លោក ហង់ ជួនណារ៉ុន ទទួល​បាន​ជោគជ័យ​ចំពោះ​កំណែ​ទម្រង់​ការ​ប្រឡង​បាក់ឌុប តាំង​ពី​លោក​ឡើង​កាន់​តំណែង​នៅ​ឆ្នាំ​២០១៣​មក​។ ជា​ការ​ឆ្លើយ​តប លោក ហង់ ជួនណារ៉ុន ពន្យល់​ថា ដើម្បី​​ពង្រឹង​គុណភាព​នៅ​ថ្នាក់​ឧត្តម​សិក្សា កម្ពុជា​​ត្រូវ​ការ​មហាវិទ្យាល័យ​ច្រើន​ជាងសព្វ​ថ្ងៃ​នេះ ដែល​មាន​គុណភាព​ប្រសើរ​ជាង​នេះ ហើយ​មាន​តម្លៃ​ទាប​។

លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​
លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​ សហការី
ផ្សាយពាណិជ្ជកម្ម

ដើម្បី​​ពង្រឹង​គុណភាព​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម គេ​ត្រូវ​ប្រើយុទ្ធសាស្ត្រ​ផ្សេង​ពី​ការ​ពង្រឹង​គុណភាព​នៅ​ថ្នាក់​មធ្យម​សិក្សា​។ នេះ​គឺ​ជា​ការ​អះអាង​របស់​លោក ហង់ ជួនណារ៉ុន នៅ​ក្នុង​វេទិកា​អប់រំ​ស្ដី​ពី កិច្ច​សហប្រតិបត្តិការ​វិស័យ​សាធារណៈ​និង​ឯកជន ដើម្បី​ការ​អប់រំ​ប្រកប​ដោយ​គុណភាព នា​ថ្ងៃ​ទី​២៧​តុលា​។

​ការ​រឹត​បន្ដឹង​ការ​ប្រឡង​បាក់​ឌុប​​នា​ពេល​កន្លង​មក សម្រាប់​លោក​រដ្ឋ​មន្ដ្រី គឺជា​ការ​បោះ​ជំហាន​មួយ​ដ៏​សំខាន់​ឆ្ពោះ​ទៅ​កាន់​គុណភាព​ប្រសើរ​ជាង​មុននៃ​ការ​សិក្សា​នៅ​ក្នុង​កម្រិត​ឧត្តម​រួច​ទៅ​ហើយ​។ ហេតុ​អ្វី? ព្រោះ​ចេញ​ពី​វិទ្យាល័យ សិស្សានុសិស្ស​បាន​បណ្ដុះ​ទម្លាប់​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ ដើម្បី​ប្រឡង​ជាប់​បាក់ឌុប​។ ហើយ​លោក ហង់ ជួនណារ៉ុន ជឿ​ថា ទម្លាប់​នេះ​នឹង​ស្ថិត​នៅជាប់​​ជាមួយ​សិស្សានុសិស្ស​រហូត​ដល់​ពួក​គេ​ចូល​រៀន​នៅ​មហាវិទ្យាល័យ​។

យ៉ាង​ណា​ក៏​ដោយ ​ទម្លាប់​តស៊ូ​ប្រឹង​ប្រែង​រៀន​សូត្រ​របស់​សិស្ស​តែ​ម្យ៉ាង មិន​អាច​ធ្វើ​ឲ្យ​គុណភាព​ការ​អប់រំ​នៅ​កម្រិត​ឧត្តម​សិក្សា​ប្រសើរ​ជាង​មុន​ឡើយ​។ បើ​តាម​លោក​រដ្ឋ​មន្ដ្រី កម្ពុជា​ត្រូវ​ការ​សាស្ត្រាចារ្យ​​ដែល​មាន​គុណភាព​បន្ថែម​ទៀត​។ ក្រៅ​ពី​នេះ លោក​ថា កម្ពុជា​ត្រូវ​ការ​សកលវិទ្យាល័យ​ច្រើន​ជាង​សព្វ​ថ្ងៃ​នេះ ដែល​មាន​គុណភាព​ប្រសើរ​ជាង​នេះ ហើយ​មាន​តម្លៃ​ទាប​។ លោក ហង់ ជួនណារ៉ុន ​ក៏​ចង់​បង្កើត​​សកលវិទ្យាល័យ​នៅ​តាមបណ្ដា​​ខេត្តឲ្យ​បាន​ច្រើន​ផង​ដែរ ដើម្បី​ឲ្យ​ពលរដ្ឋ​គ្រប់​ៗ​រូប​មាន​ឱកាស​សិក្សា​រៀន​សូត្រ​ខ្ពង់​ខ្ពស់​។ ការ​សិក្សា​ខ្ពង់​ខ្ពស់ ដែល​បើ​តាម​លោក ហង់ ជួនណារ៉ុន គឺ​មាន​ន័យ​ថា អនាគត​ប្រសើរ​ជាង​មុន​។

យ៉ាង​ណា​ក៏​ដោយ បំណង​ចង់​បាន​សកល​វិទ្យាល័យច្រើន​ ដែល​មាន​គុណភាព​ប្រសើរ និង​តម្លៃ​ទាប ទំនង​ជា​ពិបាក​ទៅ​រួច​ណាស់​។ ពិបាក​ទៅ​រួច ព្រោះ​ជា​សត្យានុម័ត បើ​កាល​ណា​តម្លៃ​ទាប ចំណេះដឹង​ដែល​ផ្ដល់​ឲ្យ​សិស្ស​ក៏​តិច​ទៅ​តាម​នោះ​ដែរ​។ នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​នេះ លោក​រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ សង្ឃឹម​ថា​នឹង​អាច​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​វិស័យ​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​៕

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ