អានតួអត្ថបទ
កម្ពុជា

គ្រូ​បង្រៀន​ទាមទារ​ប្រាក់​ខែ​គោល​ ១​លាន​៥​សែន ខណៈ​ដែល​រដ្ឋាភិបាល​អាច​ផ្តល់​បាន​ ៩៥​ម៉ឺន

នៅ​ថ្ងៃ​ទី​ ៥ តុលា​នេះ សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​រៀបចំ​ប្រារព្ឋ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ទីក្រុង​ភ្នំពេញ​ក្រោម​ប្រធាន​បទ​ការ​ផ្តល់​តម្លៃ​ជូន​គ្រូ​បង្រៀន និង​ការ​ពង្រឹង​កម្រិត​ស្ថានភាព​នៃ​គ្រូ​បង្រៀន។ សមាគម​គ្រូ​បង្រៀន បាន​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​គោល​សម្រាប់​ឆ្នាំ ២០១៧​ខាង​មុខ។ ក្រៅ​ពី​នេះ សមាគម​គ្រូ​បង្រៀន​បាន​ទាមទារ​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត ដើម្បី​ពង្រឹង​ជីវភាព​គ្រូ​បង្រៀន។

រូបភាពចាស់៖ គ្រូ​បង្រៀន​ជា​ច្រើន​នាក់​បាន​ជួបជុំ​គ្នា ​នៅ​ទីលាន​ប្រជាធិប​តេយ្យ ​ទាមទារឲ្យមានការដំឡើងប្រាក់ខែ ដែលធ្វើឡើងស្របពេលទិវាគ្រូបង្រៀន៥តុលា។
រូបភាពចាស់៖ គ្រូ​បង្រៀន​ជា​ច្រើន​នាក់​បាន​ជួបជុំ​គ្នា ​នៅ​ទីលាន​ប្រជាធិប​តេយ្យ ​ទាមទារឲ្យមានការដំឡើងប្រាក់ខែ ដែលធ្វើឡើងស្របពេលទិវាគ្រូបង្រៀន៥តុលា។
ផ្សាយពាណិជ្ជកម្ម

ក្នុង​ញត្តិ​ផ្ញើ​ជូន​រដ្ឋសភា រដ្ឋាភិបាល សមាគម​គ្រូ​បង្រៀន​បាន​ទាមទារ​ប្រាក់​បៀវត្ស​អប្បបរមា​ ១លាន៥សែន សម្រាប់​ឆ្នាំ​២០១៧ ខណៈ​ដែល​រដ្ឋាភិបាល​មាន​លទ្ធភាព​ផ្តល់​ត្រឹម​តែ​ ៩៥​ម៉ឺន​តែ​ប៉ុណ្ណោះ។ អ្នក​ស្រី អ៊ុក ឆាយាវី ប្រធាន​ស្តីទី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​អះអាង​ថា ការ​ទាមទារ​នេះ គឺ​ដើម្បី​អាច​ឱ្យ​គ្រូ​បង្រៀន​នៅ​កម្ពុជា​ទាំង​អស់​អាច​រស់នៅ​បាន​សមរម្យ ហើយ​គ្រូ​បង្រៀន​ក៏​អាច​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន​ផង​ដែរ។

ក្រៅ​ពី​ប្រាក់​បៀវត្ស​គោល សមាគម​គ្រូ​បង្រៀន បាន​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​មួយ​ចំនួន​ទៀត​ដល់​លោក​គ្រូ​អ្នក​គ្រូ​ផង​ដែរ​ដូចជា ប្រាក់​ឧបត្ថម្ត​កូន ៤​ម៉ឺន​រៀល ប្រាក់​សម្រាប់​ប្រពន្ធ​ ៥ម៉ឹន​រៀល ប្រាក់​សុខភាព ៦​ម៉ឺន ប្រាក់​សម្រាប់​ពិធី​បុណ្យ​ជាតិ​នីមួយ​ៗ​ ១៥​ម៉ឺន​ក្នុង​មួយ​រដូវ និង​ប្រាក់​បង្រៀន​ថែម​ម៉ោង​មួយ​ចំនួន​ទៀត។

ក្រសួង​អប់រំ​យុវជន​ និង​កីឡា បាន​គាំទ្រ​ចំពោះ​ការ​ទាមទារ​នេះ​ប៉ុន្តែ​ការ​ដំឡើង​ទាំង​អស់​ត្រូវ​ការ​ពេល​វេលា ហើយ​ក៏​ត្រូវ​ផ្គូរផ្គង​នឹង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ។ លោក រស់ សាលីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន អត្ថាធិប្បាយ​ថា ក្នុង​រយៈពេល​ ៣​ឆ្នាំ​មក​នេះ ក្រសួង​បាន​ដំឡើង​ប្រាក់​បៀវត្ស​ចំនួន​ ៤​ដង​ ហើយ​ឆ្នាំ​ ២០១៧​ខាង​មុខ​នេះ រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់​បៀវត្ស​ដល់​គ្រូ​បង្រៀន​យ៉ាង​តិច​បំផុត​ ៩៥​ម៉ឺន​ដោយ​មិន​ទាន់​បូក​នឹង​អត្ថប្រយោជន៍​ផ្សេង​ៗ​ដែល​បាន​មក​ពី​ការ​បង្រៀន​លើស​ម៉ោង ការ​បង្រៀន​គួរ​ថ្នាក់ និង​ការ​បង្រៀន​ពីរ​វេន​នោះ​ទេ។
បច្ចុប្បន្ន​នេះ គ្រូ​បង្រៀន​ថ្មី​ម្នាក់​នៅ​កម្រិត​បឋម​សិក្សា​ ដែល​ទើប​ចេញ​ពី​សាលា​ទទួល​បាន​ប្រាក់​បៀវត្ស​សុទ្ធ​ចំនួន ៨០​ម៉ឺន​ ៥​រយរៀល។ ចំនួន​នេះ​ត្រូវ​បាន​ដំឡើង​ពី​ប្រមាណ​ជាង​ ៤៦​ម៉ឺន​កាល​ពី​មុន​ឆ្នាំ​២០១៣។ ក្រៅ​ពី​ការ​ទាមទារ​ស្តី​ពី​ប្រាក់​បៀវត្ស និង​អត្ថប្រយោជន៍​មួយ​ចំនួន​នោះ សមាគមន៍​គ្រូ​បង្រៀន បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​ការ​បណ្តុះ​បណ្តាល​បន្ថែម និង​ផ្គត់​ផ្គង់​សម្ភារៈ​សិក្សា​ទៅ​ដល់​សាលា​នៅ​តំបន់​ដាច់​ស្រយាល និង​ការ​គោរព​សិទ្ធិ​ស្តីពី​ការ​បង្កើត​សមាគម រួម​ទាំង​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ​នៅ​តាម​ស្ថាប័ន​សិក្សា​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​គ្រូ​បង្រៀន ក្រសួង​អប់រំ​បាន​ស្នើ​សុំ​ថវិកា​ជាតិ​ប្រមាណ ៥៩០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​ ២០១៧ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គ្រូ​បង្រៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ