អានតួអត្ថបទ
កម្ពុជា

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជំនុំ​ជម្រះ​បណ្តឹង​សុំ​លុប​ជនបរទេស​ជិត ៦០០ នាក់

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ទី ៣០ មករា​នេះ​ បាន​ផ្តើម​បើក​សវនាការ​ជា​សាធារណៈ​លើ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះជាតិ​បន្ទាប់​ពី​មិន​សះ​ជា​ក្នុង​កម្រិត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​។ សវនាការ​ជា​សាធារណៈ​នេះ​នឹង​ធ្វើ​ឡើង​រយៈពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ៣០ មក​ការ​រហូត​ដល់​ថ្ងៃ​ទី ១ កុម្ភៈ។ គិត​ត្រឹម​ថ្ងៃ ៣០ មករា​នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​សម្រេច​រក្សា​ឈ្មោះ​ជន​ប្រទេស​ជាង ៧០ ឱ្យ​នៅ​ក្នុង​បញ្ជី​ដដែល​។

ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា
ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

មាន​សំណុំ​រឿង​ចំនួន ១១ ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​ដោះស្រាយ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ។ ជា​បណ្តឹង​ ដែល​ភាគ​ច្រើន​បំផុត ជំទាស់​ការ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៃ​ក្រុម​មនុស្ស​ប្រមាណ​ជិត​ ៦​រយ​នាក់ (៥៨៧) ដែល​បក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ជន​ជាតិ​វៀត​ណាម។ ក្រៅ​ពី​នេះ មាន​បណ្តឹង​ ២ ឬ ៣ប៉ុណ្ណោះ​ជា​បណ្តឹង​ស្តី​ពី​ភាព​មិន​ប្រក្រតី​នៃ​លំនៅដ្ឋាន និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត។ នៅ​ថ្ងៃ​ទី​ ៣០ មករា​នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​បើក​សំណុំ​រឿង​ចំនួន​ពីរ គឺ​សំណុំ​រឿង លេខ ២៦៣ និង ២៦៤ ដែល​សុទ្ធ​តែ​ស្នើ​ឱ្យ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម​ចំនួន ៧៦​នាក់ នៅ​ខេត្ត​ព្រះសីហនុ។ ជា​លទ្ធផល ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​តម្កល់​ការ​សម្រេច​របស់​គ.ជ.ប និង​ថ្នាក់​ឃុំ​ គឺ​បន្ត​រក្សា​ឈ្មោះ​មនុស្ស​ទាំង​ ៧៦ រូប​នេះ​ ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ដដែល។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​ដោះ​ស្រាយ​បណ្តឹង​ចុង​ក្រោយ​ស្តី​ពី​ការ​បោះឆ្នោត បាន​សំអាង​ហេតុ​ផល​លើ​ការ​កាន់​អត្តសញ្ញាណ​បណ្ណ​ ដែល​បុគ្គល​ទាំង​នោះ​មាន។ ហើយ​បាន​សារភាព​ថា​ខ្លួន​គ្មាន​សមត្ថកិច្ច​ទៅ​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់ ឬ​ទុច្ចរិត​ភាព​ នៃ​អត្តសញ្ញាណ​បណ្ណ​នោះ​ឡើយ។

លោក​ស្រីម៉េង សុភារី ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​តិច​តួច​បំផុត​សម្រាប់​ការ​ប្តឹង​ក្នុង​សវនាការ​ ៣​ថ្ងៃ​នេះ។ យ៉ាង​ណា​ក៏​ដោយ លោក​ស្រី បាន​បន្ថែម​ថា អ្វី​ដែល​បក្ស​ប្រឆាំង​បាន​ប្តឹង​ពី​ក្រោម​ឡើង​មក​លើ​នេះ គឺ​ដើម្បី​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​មហាផ្ទៃ ក៏​ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ផ្តល់​អត្តសញ្ញាណបណ្ណ​ដល់​ជន​បរទេស​ដោយ​គ្មាន​តម្លាភាព និង​ប្រកប​ដោយ​អំពើ​ពុក​រលួយ។

សូម​បញ្ជាក់​ថា សម្រាប់​ថ្ងៃ​ទី​ ៣១ មករា និង​ថ្ងៃ​ទី​ ១ កុម្ភៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​​លើ​សំណុំ​រឿង ចំនួន ៩​ផ្សេង​ទៀត ដែល​មាន​ជន​បរទេស​ចំនួន ៥១១​នាក់ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ស្នើ​សុំ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ថ្មី។ បញ្ជី​បោះឆ្នោត​ថ្មី​ ដែល​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ