អានតួអត្ថបទ
កម្ពុជា

កម្មករ​រោងចក្រ​កាត់​ដេរ​RCI ទាម​ទារ​អោយ​ដោះ​ស្រាយ​ប្រាក់​បំណាច់​អោយ​បាន​ឆាប់​រហ័ស

ជា​ថ្មី​ម្តង​ទៀត​កម្មករ​រោងចក្រ​របស់​ក្រុម​ហ៊ុន RCIនៅ​ខេត្ត​ព្រះសីហនុ​បាន​ប្រមូល​គ្នា​ប្រមាណ​ជាង ១០០​នាក់​ ធ្វើ​ការ​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​ព្រះសីហនុ ដើម្បី​អោយ​តុលាការ​ពន្លឿន​ដំណើរ​ការ​នីតិវិធី​នៃ​ការ​ដោះស្រាយ​បញ្ហា​ប្រាក់​ខែ និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ទៀត​ ជូន​ដល់​កម្មករ​បន្ទាប់​ពី​ក្រុមហ៊ុន​បា​ន​ធ្វើ​ការ​បិទ​ទ្វារ​មិន​ដំណើរការ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​កន្លង​ទៅ​នេះ។អត្តបទដោយព្រឿន បញ្ញារី

រូបថត​តំណាង៖ កម្មករ​ជា​ច្រើន​នាក់​បាន​ឈរ​កាន់​បដា​ ទាមទារតម្លើងប្រាក់ខែ​ នា​ពេល​កន្លង​មក។​
រូបថត​តំណាង៖ កម្មករ​ជា​ច្រើន​នាក់​បាន​ឈរ​កាន់​បដា​ ទាមទារតម្លើងប្រាក់ខែ​ នា​ពេល​កន្លង​មក។​ ​RFI/Ly Menghour
ផ្សាយពាណិជ្ជកម្ម

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​បាន​ជួយ​ធ្វើ​ការងារ​ផ្នែក​ផ្លូវ​ច្បាប់ ដោយ​ក្នុង​នោះ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​កាត់​អោយ​ក្រុម​ហ៊ុន​ទូទាត់​លក្ខខ័ណ្ឌ​៥​ចំនុច ដល់​កម្មករ​នយោជិត ព្រម​ទាំង​ជួយ​រៀប​ចំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ដើម្បី​សុំការ​រក្សា​ការពារ និង​ចាត់​វិធានការ​ផ្សេង​ៗ​នៅ​ថ្ងៃទី ២៥ ខែ កក្កដា នៅ​ក្នុង​ករណី​ ដែល​ក្រុមហ៊ុន RCIមិន​ចេញ​មុខ​ដោះស្រាយ​បញ្ហា​កម្មករ​នយោជិត​ទាំង​អស់នេះ។

លោក​ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា មូលហេតុ​នៃ​ការ​បិទ​ទ្វារ​ឈប់​ដំណើរ​ការ​នៃ​ក្រុមហ៊ុន​នេះ​គឺ​ដោយសារ​តែ​២​ចំនុច​សំខាន់​ៗ ទី​១​គឺ​ការ​ចាត់​ចែង​របស់​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​នេះ​ គឺ​មិន​មាន​ភាព​ច្បាស់​លាស់​និង​ត្រឹមត្រូវ ហើយ​ទី​២​គឺ​ដោយសារ​តែ​បណ្តាញ​ក្រុមហ៊ុន​ផ្សេង​ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមហ៊ុន​RCI ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បិទ​ទ្វារ​ឈប់​ដំណើរ​ការ ក្រុមហ៊ុន​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ពេញ​លេញ និង​សម​ស្រប​ជូន​កម្មករ​នោះ​ទេ។ ដោយឡែក​មាន​តែ​តំណាង​មិន​ច្បាស់​លាស់​ខ្លះ​ៗ​របស់​ក្រុមហ៊ុន​ ដែល​បាន​ចេញ​មុខ​សុំ​អោយ​កម្មករ​ទទួល​យក​ប្រាក់​ខែ​តែ ៥០% នៃ​ចំណូល​ប្រចាំ​ខែ​នៃ​ប្រាក់​ចំនូល​របស់​ពួក​គាត់​ដើម្បី​បញ្ចប់​ដំណើរ​ការ​បិទ​ទ្វារ​រោងចក្រ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ កម្មករ​ទាំង​អស់​មិន​យល់​ស្រប​តាម​ការ​ផ្តល់​ជូន​របស់​ក្រុម​ហ៊ុន​នោះ​ទេ ដោយ​​អះអាង​ថា​វា​គ្មាន​ភាព​សមាមាត្រ​នោះ​ទេ ដោយ​ពួកគេ​បាន​ធ្វើ​ការ​ពេញ​ម៉ោង ហើយ​មាន​ខ្លះ​បាន​ខិតខំ​ធ្វើ​ការ​ហើយ​ថែម​ម៉ោង​ទាំង​យប់​ទាំង​ថ្ងៃ តែ​បែរ​ជា​ដល់​ថ្ងៃ​បើក​ប្រាក់​ខែ ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ ទៅ​ជា​ថា​អត់​មាន​លុយ​បើក​អោយ​ទៅ​វិញ។ ក្រុម​កម្មករ​លើក​ឡើង​ថា​ក្រុមហ៊ុន​គួរ​តែ​លក់​សម្ភារៈ ដូចជា​ម៉ាស៊ីន​មាន​តម្លៃ​ខ្ពស់​ទូទាត់​អោយ​កម្មករ ប្រសិន​បើ​ក្រុមហ៊ុន​ក្ស័យ​ធុន​ពិត​មែន។

គួរ​រំលឹក​ដែល​ថា នេះ​គឺ​ជា​លើក​ទី​៤​ ដែល​កម្មករ​ប្រមាណ​ជាង​៩០% នៅ​ក្នុង​ចំណោម​កម្មករ​៧០០​នាក់​បាន​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​ការ​តវ៉ា។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កម្មករ​នាយោជិត​ទាំង​អស់​ពុំ​ទាន់​បើក​ការ​តវ៉ា ឬ​ហែរ​ក្បួន​ជា​ទ្រង់​ទ្រាយ​ធំ​នៅ​ឡើយ​ទេ ដោយ​ពួក​គេ​រង់​ចាំ​អោយ​អាជ្ញាធរ​ខេត្ត តុលាការ និង​ក្រុមហ៊ុន​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​នេះ​អោយ​បាន​សម​ស្រប​ជា​មុន​សិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ