អានតួអត្ថបទ
កម្ពុជា

ទោះ​បី​ប្រាក់​ខែ​ឡើង ក៏​ស្ថានភាព​កម្មករ​រោង​ចក្រ​កាត់ដេរ នៅ​តែ​លំបាក​ដដែល!

ចាប់ដើមឆ្នាំ២០១៦មក ប្រាក់ខែ​គោល​របស់​កម្មករ​កាត់ដេរ បាន​ឡើង​ដល់​១៤០​ដុល្លារ ហើយ​​រដ្ឋាភិបាល ក៏បាន​ជួយ​សម្រួល​ត​ភ្ជាប់​អគ្គិសនី​ដល់​បន្ទប់​ជួល​របស់​ពួកគេ​ថែម​ទៀត។ ក៏​ប៉ុន្តែ​​ទោះ​​បី​យ៉ាង​នេះ​ក្តី ក៏​កម្មករ​ជាង​៤០០​នាក់​ដែល​ជួប​ជុំ​គ្នា​នៅ​ភ្នំពេញ​ថ្ងៃនេះ បាន​អះអាង​ថា ​ស្ថាន​​ភាព​ការ​ងារ​និង​ស្ថាន​ភាព​រស់​នៅ​របស់​ពួក​​គេ នៅ​តែ​លំបាក​វេទនា​ដដែល​ ហើយ​​ចំណុច​​ខ្លះ កាន់​តែ​យ៉ាប់​ជាង​មុន​ទៅ​ទៀត​។

កម្មការិនី​ម្នាក់​កំពុង​បញ្ចេញមតិយោបល់​ក្នុង​វេទិកា
កម្មការិនី​ម្នាក់​កំពុង​បញ្ចេញមតិយោបល់​ក្នុង​វេទិកា @Worker s infomation center 2016
ផ្សាយពាណិជ្ជកម្ម

នៅសាលមហោស្រពចេនឡា កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ប្រមាណ​ជាង៤០០នាក់ ដែលភាគច្រើនជាស្ត្រី បានទៅជួបជុំគ្នាដើម្បីជជែក​ពិភាក្សា​ពី​ទុក្ខកង្វល់ ស្ថានភាពការងារនិងជីវភាពរស់នៅរបស់ពួកគេ។ កម្មការិនីខ្លះបានអះអាងថា នៅកន្លែងការងារ ខ្លួនត្រូវថៅកែដាក់សម្ពាធនិងជេរស្តី ព្រមទាំងបង្ខំឲ្យធ្វើការថែមម៉ោង ពី២ទៅ៤ម៉ោងក្នុងមួយថ្ងៃ។ ពេលចេញពីធ្វើការយប់ព្រលប់ តាមផ្លូវខ្លះគ្មានភ្លើងបំភ្លឺ ធ្វើឲ្យកម្មការិនីមួយចំនួនខ្លាច និងព្រួយបារម្ភសព្វគ្រប់ពីសុវត្ថិភាពផ្ទាល់ខ្លួន។

ឆ្នាំនេះ ប្រាក់ខែគោលឡើងបាន១៤០ដុល្លារ ក៏ពិតមែន! តែពួកគេទាំងនោះ បញ្ជាក់ថា បរិមាណ​ការងារ ចំនួនផលិតកម្ម ក៏ត្រូវក្រុមថៅកែដំឡើងឲ្យធ្វើការច្រើនជាងមុនដែរ។ ពោល​គឺ ការងារត្រូវកើតឡើងតាមប្រាក់ខែ។ ដោយឡែក កិច្ចសន្យាការងារ ដែលជាការចុះ​កុងត្រា​ជួលកម្មករក្នុងរយៈពេលខ្លីគឺនៅតែមានចំនួនច្រើន! គឺច្រើនជាង៨០ភាគរយនៃកម្មករសរុប ដែលធ្វើឲ្យពួកគេខ្វល់ខ្វាយពីសុវត្ថិភាពការងារ។ លើសពីនេះ រឿងអនាម័យ​និងបរិស្ថាន​នៅ​កន្លែង​រោងចក្រ ក៏នៅតែចោទជាបញ្ហាដដែល។

និយាយពីទំនិញ ចំណីអាហារ ព្រមទាំងថ្លៃឈ្នួលផ្ទះ ក៏រត់ឡើងតាមប្រាក់ខែដែរ។ អាហារដែល​ពួកគេទទួលទាន គឺអាហារតាមជញ្ចើមថ្នល់ គ្មានអនាម័យ​និងមិន​សូវ​មាន​វីតាមីន​។ ឯម្ចាស់ផ្ទះជួលខ្លះ នៅតែបន្តឡើងថ្លៃ។ កម្មករមួយចំនួន បានរៀប​រាប់ក្នុងវេទិកា​ជជែក​ពិភាក្សានេះថា ម្ចាស់ផ្ទះជួល នៅឆ្លៀតកេញចំណេញលើថ្លៃអគ្គិសនី និងថ្លៃសេវា​ត​ភ្ជាប់​អគ្គិសនីជាដើម។ មិនត្រឹមតែប៉ុណ្ណេះ បន្ទប់ជួលដែលពួកគេរស់នៅ គឺតូចចង្អៀត។ នៅពេលភ្លៀងម្តងៗ លូក៏ស្ទះ ហើយពួកគេត្រូវបង្ខំចិត្តរស់នៅជាមួយកណ្តុរកន្លាតទៀតផង។

ជាមួយគ្នានេះ លោកស្រី ម៉ាក់ ច័ន្ទស៊ីថា ប្រធានសមាគមមណ្ឌលព័ត៌មានកម្មករ ដែល​ផ្តួច​ផ្តើម​វេទិកាជជែកពិភាក្សានេះ បានប្រាប់វិទ្យុបារាំងថា រដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធបាន​ជួយ​ជ្រោមជ្រែងខ្លះហើយ តែនៅមិនទាន់គ្រប់គ្រាន់ទេ។ ចំពោះច្បាប់ស្តីការជួលផ្ទះ និង​ចំណាត់ការ​តភ្ជាប់ភ្លឺអគ្គិសនី ព្រមទាំងការសម្រួលផ្សេងៗ លោកស្រីប្រធានសមាគម​មណ្ឌល​ព័ត៌មានកម្មករថាជាការល្អហើយ តែនៅតែខ្វះការតាមដានការគ្រប់គ្រងឲ្យបានហ្មត់ចត់ ជាហេតុឲ្យជនឆ្លៀតឱកាស កេញចំណេញពីលើញើសឈាមកម្មករ។ លោកស្រី បន្ថែមថា កម្មកររោងចក្រ ស្រមៃចង់បានជីវភាពថ្លៃថ្នូរ។ ជីវភាពថ្លៃថ្នូរ មិនមែនហ៊ឺហា ដូច​ក្រុម​អភិជន​ទេ តែសុំត្រឹមតែអាចរស់នៅសមរម្យក្នុងភាពជាមនុស្សផង។

គួរបញ្ជាក់ថា ក្នុងវិស័យវាយនភ័ណ្ណនៅកម្ពុជា មានរោងចក្រជាង៦៥៥ ដែលបានចុះបញ្ជី ហើយមានកម្មករជាង៧០ម៉ឺននាក់។ នៅឆ្នាំ២០១៥កន្លងទៅ វិស័យកាត់ដេរ បានរក​ចំណូល​ពីការ​នាំចេញ បានប្រមាណ៦.២៧៩លានដុល្លារសហរដ្ឋអាមេរិក សម្រាប់​ទ្រទ្រង់​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ