តំណាងសហជីព៖ នៅកម្ពុជាមិនទាន់មានសុវត្ថិភាពការងារល្អនៅឡើយទេ
នៅកម្ពុជាមិនទាន់មានសុវត្ថិភាពការងារល្អ សម្រាប់កម្មករកម្មការិនីរោងចក្រ ដោយសារតែប្រព័ន្ធច្បាប់មួយចំនួនមិនទាន់គ្រប់គ្រាន់ បូករួមនឹងការប្រើប្រាស់កិច្ចសន្យាការងារ ដែលមានរយៈពេលខ្លី។ នេះបើតាមលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ)។
ចុះផ្សាយនៅថ្ងៃ៖
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ ក្នុងឱកាសសិក្ខាសាលាស្តីពី “សុវត្ថិភាពការងារ និងការកសាងទំនាក់ទំនងវិជ្ជាជីវៈ” លោក អាត់ ធន់ បានបញ្ជាក់ថា សុវត្ថិភាពការងារ មានន័យថាកម្មករត្រូវទទួលបានការការពារ និងមានការងារធ្វើល្អ ធ្វើរហូតអស់មួយជីវិត តែកម្ពុជាមិនទាន់មាននោះទេ។ លោកបន្តថា ការងាររបស់កម្មករកម្ពុជាមានរយៈពេលខ្លី ហើយថៅកែមានការរើសអើងមកលើកម្មករ និងប្រើប្រាស់កិច្ចសន្យាការងារ ដែលមានរយៈពេលខ្លី។
លោកបន្ថែមថា ប្រទេសណាក៏ថៅកែមិនចូលចិត្តការទទួលខុសត្រូវលើកម្មករ ឬធានាបង់សេវាសន្តិសុខសង្គមដល់កម្មករក្នុងរយៈពេលវែងដែរ។ លោកបន្តថា មានតែច្បាប់រដ្ឋទេ ដែលតម្រូវឲ្យនិយោជកមានការទទួលខុសត្រូវ និងប្រើប្រាស់កិច្ចសន្យាការងារ ដែលមានរយៈពេលវែង ប៉ុន្តែបើច្បាប់មានហើយ អាជ្ញាធរមិនបានយកចិត្តទុកដាក់អនុវត្ត និងអនុញ្ញាតឲ្យនិយោជកប្រើប្រាស់កិច្ចសន្យាការងារដែលមានរយៈពេលខ្លី នោះកម្មករនឹងគ្មានការងារធ្វើ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនាថ្ងៃទី៣០ ខែសីហា នេះថា នៅក្នុងច្បាប់ការងាររបស់កម្ពុជាមិនមានពាក្យថាកិច្ចសន្យាការងាររយៈពេលខ្លី ឬរយៈពេលវែងនោះទេ មានតែពាក្យកិច្ចសន្យា ដែលមានថេរៈវេលាកំណត់ និងមិនកំណត់ប៉ុណ្ណោះ។ លោកបន្ថែមថា ការប្រើប្រាស់កិច្ចសន្យាមានថេរៈវេលាកំណត់ ឬមិនកំណត់ ត្រូវបានកំណត់ដោយច្បាប់ ហើយភាគីនិយោជក និងនិយោជិតអាចប្រើប្រាស់កិច្ចសន្យាទាំងពីរនេះ ទៅតាមការស្ម័គ្រចិត្តរបស់ភាគីទាំងពីរ។
ជាការកត់សម្គាល់ការលើកឡើងរបស់ សហជីព ពីស្ថានភាពការងាររបស់កម្មករ គឺស្របពេល ដែលការនាំចេញទំនិញកាត់ដេរកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ។ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា ទៅកាន់ទីផ្សារបរទេស មានតម្លៃជិត៤ ពាន់ លានដុល្លារ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ កើនឡើង៩.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមក្រសួងពាណិជ្ជកម្ម កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប មានការកើនឡើងដល់ ១០.៦៦% ដែលមានតម្លៃសរុបជាង១.៦ ពាន់លានដុល្លារ។ ចំណែកទីផ្សារអាមេរិក មានកំណើន ១០.៧៣% និងមានតម្លៃ៨៥៨ លានដុល្លារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ