អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ត្រៀម​ខ្លួន​​ទទួល​ទេវតា​ឆ្នាំ​ថ្មី

ប្រទេស​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ទទួល​​​ឆ្នាំ​ថ្មី ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ស្អែក​។ ថ្ងៃនេះ នៅ​រាជធានី​ភ្នំពេញ គេ​សង្កេត​ឃើញ​ថា ចាប់​ផ្ដើម​មាន​សភាព​ស្ងប់ស្ងាត់ ខណៈ​ប្រជាពលរដ្ឋ​​សម្រុក​ចេញ​ទៅ​កាន់​ស្រុក​កំណើត​និង​ទិសដៅ​ទេសចរ​នានា ក្នុង​ឱកាស​ឆ្នាំ​ថ្មី​។ អាជីវករ​មួយ​ចំនួន​គ្រោង​បិទ​តូប​ផ្អាក​អាជីវកម្ម​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​បណ្ដា​ក្រុមហ៊ុន​នានា​នឹង​ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ​ស្អែក រហូត​ដល់​ថ្ងៃ​អង្គារ​ទើបបើក​ដំណើរការ​វិញ​។

គោម​ផ្កាយ សម្រាប់​តែង​លម្អ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​រកា នព្វសក្តិ ពុទ្ធ​សករាជ​២៥៦១ ដាក់​លក់​នា​តាម​ផ្សារ​នានា
គោម​ផ្កាយ សម្រាប់​តែង​លម្អ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​រកា នព្វសក្តិ ពុទ្ធ​សករាជ​២៥៦១ ដាក់​លក់​នា​តាម​ផ្សារ​នានា
ផ្សាយពាណិជ្ជកម្ម

ត្បិត​តែ​មិន​ទាន់​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ហាក់​ត្រៀម​ខ្លួន​សឹង​តែ​រួចរាល់​អស់​ហើយ​សម្រាប់​ពិធី​បុណ្យ​ដ៏សំខាន់​​នេះ​។ រណ្ដាប់​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពលរដ្ឋ​ខ្លះ​បាន​រៀបចំ​ទិញ​ទុក​ដាក់​រួច​ស្រេច​តាំង​ពី​ពីរ​បី​ថ្ងៃ​មុន ខណៈ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​មេសា​នេះ អាជីវករ​មួយ​ចំនួន ​ ពិសេស​នៅ​ផ្សារ​ធំ​ៗ​ក្នុង​ទីក្រុង​ភ្នំពេញ​តែ​ម្ដង គ្រោង​បិទ​តូប​សម្រាក​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​។

ដោយ​ឡែក សម្រាប់​បណ្ដា​ក្រុមហ៊ុន ការ​ឈប់​សម្រាក​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៤​មេសា​។ ទោះ​យ៉ាង​នេះ​ក៏​ដោយ រហូត​មក​ទល់​ថ្ងៃ​ទី​១៣​មេសា​​នេះ គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​អាជីវកម្ម​មួយ​ចំនួន​បាន​បិទ​ទ្វារ​សម្រាក​រួច​ស្រេច​ហើយ ដោយ​គ្រោង​បើក​ដំណើរការ​វិញ​នៅ​ថ្ងៃ​អង្គារ​ទី​១៨​មេសា​។​

បរិយាកាស​ទូទៅ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ហាក់​ស្ងប់ស្ងាត់​ជាង​រាល់​ថ្ងៃ ប៉ុន្តែ​បើ​គេ​ធ្វើ​ដំណើរ​កាត់​តាម​ចំណត​ឡាន​ក្រុង​និង​ឡាន​តាក់ស៊ី​នានា​វិញ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​កំពុង​តែ​​​សម្រុក​ចេញ​ទៅ​កាន់​ស្រុក​កំណើត​និង​ទិសដៅ​ទេសចរណ៍​នានា​។ ជួប​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ លោក វិសាល ដែល​កំពុង​រង់ចាំ​ឡាន​តាក់ស៊ី​ទៅ​កាន់​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ បាន​អះអាង​ពី​អារម្មណ៍​រំភើប​រីករាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី បើ​ទោះ​បី​ជា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ដំណើរ​ទៅកាន់​ស្រុក​កំណើត​របស់​លោក​ត្រូវ​រំខាន​ដោយ​ភ្លៀង​មួយ​មេ​ធំ និង​ការតម្លើង​ថ្លៃ​នៃ​ឡាន​តាក់ស៊ី​ក៏​ដោយ​។

សូម​ជម្រាប​ជូន​ថា មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​រកា​នេះ ត្រូវ​ចូល​មក​ដល់​នៅ​ថ្ងៃសុក្រ ទី​១៤​មេសា តវេលា​ម៉ោង​៣​និង​១២​នាទី​ទាប​ភ្លឺ។ ឆ្នាំ​នេះ ជា​វេន​របស់​បុត្រី​ទី​៦​នៃ​​កបិលមហាព្រហ្ម​ គឺ​​ព្រះនាង​កិមិរា​ទេវី​ ដែល​ត្រូវ​ចូល​មក​ថែ​រក្សា​ប្រជារាស្ត្រ​។ សៀវភៅ​មហាសង្ក្រាន្ត បាន​កត់ត្រា​​ថា ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាង​កិមិរាទេវី ទ្រង់​សៀតផ្កា​ចង្កុលណី គង់​ផ្ទំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង​មហឹង្សា ក្របី ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ពិណ ព្រះ​ហស្ត​ស្ដាំ​ទ្រង់​ព្រះ​ខ័ន និង​មាន​​ចេកណាំវ៉ាជា​ភក្សាហារ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ