អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​សុខភាព​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្លាស់ប្តូរ​ឥរិយាបថ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ននេះ បញ្ហា​សុខ​ភាពជា​ប្រធានបទ​ប្រចាំថ្ងៃ​ដ៏​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ។ ការ​ត្អូញត្អែ​រ​ពី​សុខភាព​បាន​ហូរ​ចេញពី​បបូរមាត់​របស់​មនុស្ស​ស្ទើរ​គ្រប់គ្នា។ មិន​ថា​មនុស្ស​ចាស់​ឬ​ក្មេង​ទេ​សុទ្ធ​តែមាន​បញ្ហា​សុខភាព​នៅ​ខណៈដែល​ប្រព​ន្ធ័​សុខាភិបាល​មាន​សភាព​ទន់ខ្សោយ​យ៉ាងខ្លាំង។ ចំណីអាហារ​មាន​សារធាតុ​គីមី​ជា​បញ្ហា​ធំធេង​មួយ រីឯ​អាកប្បកិរិយា​មិនសូវ​គិតពី​សុខ​ភាពជា​បញ្ហាសំខាន់​មួយទៀត។ ជាទូទៅ ពលរដ្ឋ​ខ្មែរ​មិនសូវមាន​ទម្លាប់​ពិនិត្យ​សុខភាព​ជាប្រចាំ​ឡើយ​ដោយ​រង់ចាំ​ដល់ពេល​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ទើប​ទៅ​មន្ទីរពេទ្យ។ ប៉ុន្តែ បញ្ហា​សុខភាព​ធំធេង​ដូច​បច្ចុប្បន្ន ទាមទារ​ឲ្យ​គ្រប់គ្នា​ផ្លាស់ប្តូរ​ឥរិយាបថ​ចំពោះ​សុខ​ភាពជា​ចាំបាច់។

ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ
ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ
ផ្សាយពាណិជ្ជកម្ម

បញ្ហា​សុខភាព​ប្រៀបបាន​ទៅនឹង​សង្គ្រាម​ដ៏​ស្ងៀមស្ងាត់​មួយ​ដែល​កំពុង​វាយលុក​ទៅលើ​គ្រួសារ​ខ្មែរ​ស្ទើរតែ​គ្រប់គ្នា។ ក្រៅពី​ជំងឺ​កាច​សាហាវ​នានា​ដែល​គេ​បាន​ស្គាល់​រួចហើយ នៅមាន​ជំងឺ ជាច្រើន​ប្រភេទ​ទៀត​កំពុង​សម្ងំ​លាក់ខ្លួន​ដោយ​ស្ងៀមស្ងាត់​ដើម្បី​បំផ្លាញ​សរី​រាងកាយ​មនុស្ស​ឲ្យ​ចុះ​ទន់ខ្សោយ​បន្តិចម្តងៗជា​រៀងរាល់ថ្ងៃ។ ចំណីអាហារ​ដែល​បង្កប់​ដោយសារ​ធាតុគីមី​ពុល​និង​អាកប្បកិរិយា​ខុសឆ្គង​មួយចំនួន​របស់​ពលរ​ដ្ឋ​ខ្មែរ​ខណៈដែល​ប្រព័ន្ធ​សុខាភិបាល​នៅ​ទន់ខ្សោយ​យ៉ាងខ្លាំង​នោះ​កំពុង​បង្កបញ្ហា​ធំធេង​ចំពោះ​សុខភាព។

បច្ចុប្បន្ន ម្នាក់ៗសុទ្ធ​តែមាន​ជំងឺ​នេះ​ឬ​នោះ​ស្ទើរ​គ្រប់គ្នា។ អ្នក​ខ្លះទៀត​ទោះបីជា​មិនទាន់​ធ្លាក់ខ្លួន​ឈឺ​ក៏ដោយ ក៏​មិន​ប្រាកដថា​គ្មាន​ជំងឺ​អ្វី​នោះដែរ​ពីព្រោះ​ពួកគេ​មិនដែល​ទៅពិនិត្យ​សុខភាព​ម្តងណា​ឡើយ។ ទម្លាប់​មិន​ពិនិត្យ​សុខភាព​ជាប្រចាំ​គឺជា​បញ្ហា​ធម្មតា​របស់​គ្រួសារ​ខ្មែរ​ទូទៅ​ទៅហើយ។ មនុស្ស​ភាគច្រើន​មិនដែល​បាន​ពិនិត្យ​សុខភាព​សូម្បី​តែម្តង​សោះ​ក្នុង​មួយជីវិត​លើកលែងតែ​ពេល​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ទើប​ទៅ​មន្ទីរពេទ្យ។ ទម្រាំ​ដឹងថា​ខ្លួន​មាន​ជំងឺ​អ្វី​ពិតប្រាកដ ជួនកាល​វា​ហួសពេល​ព្យាបាល​ទៅហើយ។

ជាការ​ពិតណាស់ ការតាមដាន​សុខភាព​គឺជា​កិច្ចការ​ចាំបាច់​មួយ​ដែល​ប្រជាជាតិ​ក្នុង​បណ្តា​ប្រទេស​ជឿនលឿន​លើ​លោក​នេះ​តែង​ធ្វើជា​ប្រចាំ​ទោះបីជា​ពួកគេ​នៅមាន​កម្លាំង​ពលំ​មាំមួន​មិន​ឈឺ​អ្វី​ក៏ដោយ។ ការពិនិត្យ​សុខភាព​ជាប្រចាំ​អាច​អនុញ្ញាត​ឲ្យ​យើង​បានដឹង​ជាមុន​នូវ​រោគសញ្ញា​នានា​ដើម្បី​កម្ចាត់​វាភ្លាមៗចេញពី​រាងកាយ​តាំងពី​ដំបូង​ទី។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ នេះ​មិនមែនជា​ទម្លាប់​របស់​ប្រជាជន​ខ្មែរ​ទេ។

ជាទូទៅ ពលរដ្ឋ​ខ្មែរ​ទៅ​មន្ទីរពេទ្យ ឬ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​តែ​នៅពេលណា​ដែល​ពួកគេ​ធ្លាក់ខ្លួន​ឈឺ​តែប៉ុណ្ណោះ។ អ្នក​ខ្លះទៀត ឈឺល្មមៗក៏​មិន​ចង់ទៅ​មន្ទីរពេទ្យ​ដែរ​ដោយ​សុខចិត្ត​ព្យាបាល​ខ្លួនឯង​តាម​មធ្យោបាយផ្សេងៗដូចជា​ឱសថ​បូរាណ​ឬ​ប្រើ​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា។ ទៅ​មន្ទីរពេទ្យ​ឬ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​គឺជា​ជម្រើស​ចុងក្រោយ​នៅពេលដែល​ពួកគេ​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ងើប​ពី​កន្ទេល​លែងរួច ដែល​ជួនកាល​ជា​ស្ថាន​ភាពយឺត​ពេល​ក្នុងការ​ជួយសង្គ្រោះ។

តើ​ហេតុអ្វី​បានជា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទម្លាប់​បែបនេះ?

ជាការ​ពិត លក្ខខណ្ឌ​មិន​អំណោយផល​នៃ​ប្រព​ន្ធ័​សុខាភិបាល​គឺជា​ឫសគល់​ដ៏​សំខាន់​មួយ។ នៅ​កម្ពុជា ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សុខាភិបាល​នៅ​ខ្វះខាត​យ៉ាងច្រើន​ជាពិសេស​នៅ​តំបន់​ជនបទ​តែម្តង។ មន្ទីរពេទ្យ​នៅ​ឆ្ងាយ​ពី​ផ្ទះ គុណភាព​មាន​កម្រិត គ្រូពេទ្យ​មួយចំនួន​មាន​សីលធម៌​មិនល្អ​ជាមួយ​អ្នកជំងឺ និង​ការចំណាយ​ខ្ពស់​លើ​ការព្យាបាល សុទ្ធសឹង​ជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្លាច​មន្ទីរពេទ្យ ឬ​គ្មាន​លទ្ធភាព​ទៅ​មន្ទីរពេទ្យ​តែម្តង។

បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​ពង្រាយ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ទៅ​កៀក​នឹង​ផ្ទះ​ប្រជាពលរដ្ឋ។ សេវាកម្ម​ឯកជន​ក៏បាន​រីកដុះដាល​យ៉ាងខ្លាំង​ណាស់ដែរ។ ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី ប្រព​ន្ធ័​សុខាភិបាល​កម្ពុជា​ស្ថិតនៅ​ឆ្ងាយ​ពី​សេចក្តីត្រូវការ​ជាក់ស្តែង​នៅឡើយ(ទាំង​បរិមាណ និង​គុណភាព)ដែល​ទាមទារ​ឲ្យ​រដ្ឋ​ត្រូវ​វិនិយោគ​បន្ថែមទៀត​ទៅលើ​វិស័យនេះ​ជា​ចាំបាច់។ ការធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​មាន​គុណភាព​ខ្ពស់​និង​តម្លៃ​ទាប​និង​គ្រូពេទ្យ​មាន​សីលធម៌​ល្អ​គឺជា​បេសកកម្ម​មិនអាច​ខ្វះ​បាន​របស់​រដ្ឋាភិបាល។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ​ខ្មែរ​ក៏ត្រូវ​ផ្តើម​កែប្រែ​ឥរិយាបថ​របស់ខ្លួន​ចំពោះ​សុខ​ភាពជា​ចាំបាច់​ដែរ។ អំណឹះតទៅ គេ​គួរតែ​នាំគ្នា​ចាប់យក​ទម្លាប់​តាមដាន​សុខភាព​ជាប្រចាំ​ដើម្បី​ដឹង​ពី​អាកា​រៈ​របស់ខ្លួន។ ជួនកាល​គេ​ហាក់ដូចជា​ស្តាយ​លុយ​បន្តិចបន្តួច​ក្នុងការ​ពិនិត្យ​សុខភាព ប៉ុន្តែ គ្រួសារ​ខ្មែរ​បែរជា​ហ៊ាន​ចំណាយ​ប្រាក់​មិន​ស្តាយ​ទៅលើ​គ្រឿង​បំផ្លាញ​សុខភាព​ទៅវិញ​ដូចជា​បារី ស្រា ឬ​ទូរស័ព្ទទំនើបៗជាដើម។ ទម្លាប់​ឲ្យ​តម្លៃ​សុខភាព​ទាប​ជាងគេ​គួរ​ត្រូវបាន​ផ្លាស់ប្តូរ។

ម្យ៉ាងទៀត ការហូបចុក​មិន​ប្រមាណ​ក៏​ជា​គ្រោះថ្នាក់​ធំ​បំផុត​មួយ​ដែរ​ចំពោះ​សុខភាព។ ពាក្យចាស់​បូរាណ​បាន​ពោលថា «ស្រឡាញ់​ខ្លួន​ឲ្យ​ស្ងួនចំណី» នេះ​ជា​បញ្ហា​ទី១ដែល​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត។ លំ​ហាត់ប្រាណ​ជាប្រចាំ​គឺជា​វិធី​ថែទាំ​សុខភាព​ដ៏​មាន​ប្រសិទ្ធភាព​ដែល​មិនអាច​មើលរំលង​បាន។ ចំណែកឯ​ការពិនិត្យ​សុខភាព​ជាប្រចាំ​និង​ការប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​គឺជា​បញ្ហាសំខាន់​មួយទៀត​ដែល​គួរ​ធ្វើ​ឲ្យ​ទៅជា​ទម្លាប់ គឺ​ទម្លាប់«ការពារ​ប្រសើរ​ជាង​ព្យាបាល»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ