អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក​ហ៊ុន សែន ទៅ​ដល់​អាមេរិក ខណៈ​បាតុ​កម្ម​ប្រឆាំង​រូប​លោក​មិន​ទាន់​កើត​មាន​

នៅ​រសៀល​ថ្ងៃ​ទី ២៧​ខែ​កញ្ញា ម្សិល​មិញ​នេះ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​នៅ​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​គណៈ​ប្រតិភូ​កម្ពុជា បាន​ទៅ​ដល់​ទីក្រុង​ញូវ​យ៉ក សហ​រដ្ឋ​អាមេរិក​ហើយ ដើម្បី​ត្រៀម​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​នៃ​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជាជាតិ​លើក​ទី​៧៣​។ ពេល​ទៅ​ដល់ លោក​ប្រមុខ​ដឹក​នាំ​រដ្ឋា​ភិបាល ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ និង​តំណាង​សហ​គមន៍​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​ប្រចាំ​អាមេរិក​។ ជា​ការ​ស្វាគមន៍​ មុន​ពេល​ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀប​ចំ​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​ប្រឆាំង​វត្ត​មាន​លោក​ហ៊ុន សែន នៅ​ថ្ងៃ​ទី ២៩​កញ្ញា​ស្អែក​នេះ​។ 

រូបភាព៖ លោក ហ៊ុន សែន ជួបជុំពលរដ្ឋខ្មែរនៅអាមេរិក
រូបភាព៖ លោក ហ៊ុន សែន ជួបជុំពលរដ្ឋខ្មែរនៅអាមេរិក @សហការី
ផ្សាយពាណិជ្ជកម្ម

មុន​ពេល​ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រៀប​ចំ​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​មួយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់​ទាក់ ពី​សំណាក់​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក ពេល​លោក​បាន​ទៅ​ដល់​ទឹក​ដី​នៃ​ប្រទេស​មហា​អំណាច​នេះ​។ យ៉ាង​ណា​ក៏​ដោយ លោក​ប្រមុខ​ដឹក​នាំ​រដ្ឋា​ភិបាល​កម្ពុជា អាច​ត្រូវ​ប្រឈម​នឹង​បាតុ​កម្ម​របស់​ពល​រដ្ឋ​ខ្មែរ​នៅ​អាមេរិក​មួយ​ចំនួន​ទៀត ពេល​ដែល​លោក​ចេញ​ដំណើរ​ទៅ​កាន់​ស្នាក់​ការ​អង្គ​ការ​សហ​ប្រជាជាតិ នៅ​រសៀល​ថ្ងៃ​ទី ២៨​ខែ​កញ្ញា​នេះ​។

បើ​តាម​គម្រោង នៅ​ថ្ងៃ​សុក្រ​នេះ លោក​ហ៊ុន សែន ត្រូវ​ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សា​រណៈ​ស្តី​ពី​ការ​វះ​កាត់​ប្រកប​ដោយ​សុវត្ថិភាព​ឆ្នាំ ២០២០ រវាង​កម្ពុជា និង​មូល​និធិ GE​។ បន្ទាប់​មក​លោក​ហ៊ុន សែន នឹង​មាន​ជំនួប​ជាមួយ​លោក Alexander Feldman ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហ​រដ្ឋ​អាមេរិក -អាស៊ាន នៅ​ក្នុង​សណ្ឋាគារ​ដែល​លោក​បាន​ស្នាក់​នៅ​។

ដោយ​ឡែក នៅ​ពេល​ទៅដល់​ទី​ស្នាក់​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា នឹង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជា​មួយ លោក Khadga Prasad Sharma Oli នាយក​រដ្ឋ​មន្ត្រី​នេ​ប៉ាល់ មុន​ពេល​ជួប​ទ្វេ​ភាគី​ជា​មួយ លោក Boyko Borissov នាយក​រដ្ឋ​មន្ត្រី​ប៊ុល​ហ្គារី​។

បន្ទាប់​ពី​ជំនួប​ទាំង​នេះ​ហើយ លោក​ហ៊ុន សែន ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​លើក​ទី​៧៣ មុន​ពេល​ជួប​ទ្វេ​ភាគី​ជាមួយ​លោក Antonio Guterres អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជាជាតិ នៅ​ល្ងាច​ថ្ងៃ​ដ​ដែល​នេះ​។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ជាន់​ខ្ពស់​របស់​អតីត​គណបក្ស​ប្រឆាំង លោក ​អេង ឆៃអ៊ាង បាន​បង្ហើប​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​របស់​លោក ពេល​លោក ​ហ៊ុន សែន មាន​វត្តមាន​នៅ​សហ​រដ្ឋ​អាមេរិក​ថា លោក​នឹង​ដឹក​នាំ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​មួយ ជាមួយ​ពល​រដ្ឋ​ខ្មែរ​នៅ​អាមេរិក​មួយ​ចំនួន ក្នុង​ទីក្រុង​ញូវ​យ៉ក នៅ​អំឡុង​ថ្ងៃ​ទី ២៨ និង​ ២៩​ខែ​កញ្ញា​នេះ​។ ជា​បាតុកម្ម​ ដើម្បី​ប្រឆាំង​នឹង​វត្ត​មាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​អំពាវ​នាវ​ដល់​សហ​គមន៍​អន្តរ​ជាតិ និង​ប្រទេស​ហត្ថ​លេខី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស កុំ​ទទួល​ស្គាល់​រាជ​រដ្ឋា​ភិបាល​អណ្តត្តិ​ថ្មី និង​រដ្ឋ​សភា​ឯក​បក្ស​របស់​កម្ពុជា​។​

សូម​ជម្រាប​ជូន​ថា មុន​ពេល​ទៅ​ដល់​ទឹក​ដី​អាមេរិក លោក​ហ៊ុន សែន បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា លោក​នឹង​ប្រើ​នយោបាយ​ការ​ទូត នៅ​លើ​ឆាក​អន្តរ​ជាតិ ដោយ​មិន​អាច​ឲ្យ​មាន​អ្នក​ណាបង្ខូច​ជាន់​ឈ្លី​កម្ពុជា ទោះ​ក្នុង​រូប​ភាព​ណា​ក៏​ដោយ​។ ក្នុង​នោះ លោក​ក៏​បាន​អំពាវ​នាវ​ផង​ដែរ ដល់​ពល​រដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​ដែល​មិន​ចូល​ចិត្ត​លោក ត្រូវ​តែ​ចែក​ឲ្យ​ដាច់​រវាង​ការ​ស្អប់​រូប​លោក និង​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​។ លោក​ហ៊ុន សែន ស្នើ​ឲ្យ​ការ​ធ្វើ​បាតុ​កម្ម ត្រូវ​មាន​សម្បជញ្ញៈ និង​មន​សិការ​រៀងៗ​ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ