អានតួអត្ថបទ
កម្ពជា

លោក ហ៊ុន សែន​ប្រកាស​លេង​ល្បែង​នយោបាយ​បន្ត​គ្រប់​រស់​ជាតិ​ជា​មួយ​បក្ស​ប្រឆាំង​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​សារ​នយោបាយ​ថ្មី​នៅ​ថ្ងៃ​នេះ​ថា​ កំដៅ​នយោ បាយរវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះជាតិ​នៅ​មិន​ទាន់​បិទ​ បញ្ចប់​ទេ ។​ កំដៅ​នយោបាយមិន​ទាន់​បញ្ចប់​ផង​លោកនាយករដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​លេងល្បែង​ នយោបាយ​គ្រប់​រស់​ជាតិ​បន្តទៀត​ជាមួយ​ប្រមុខ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី​។ សម្រាប់ លោក កឹម សុខា អនុ​ប្រធាន​បក្សប្រឆាំង​ចាត់ទុក​ការ​ឡើង​របស់​លោក ហ៊ុន សែន មិនមែន​ជា​រឿង​ថ្មី​និង​ថា​បក្ស​ប្រជាជន​កំពុងខ្លាច​ចាញ់​ឆ្នោត។ 

លោក ហ៊ុន សែន កំពុង​​ចុះ​ឈ្មោះ​មុន​ការ​ប្រជុំ​រដ្ឋ​សភា​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អង្គារ​ទី​២០​ខែ​តុលា​ឆ្នាំ​២០១៥​
លោក ហ៊ុន សែន កំពុង​​ចុះ​ឈ្មោះ​មុន​ការ​ប្រជុំ​រដ្ឋ​សភា​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អង្គារ​ទី​២០​ខែ​តុលា​ឆ្នាំ​២០១៥​ @siv channa
ផ្សាយពាណិជ្ជកម្ម

សារ​នយោបាយ​ថ្មី​នេះ​គឺលោក ហ៊ុន សែន លើក​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​នៅព្រឹក​ថ្ងៃ​អង្គារទី២០​តុលា​បន្ទាប់​លោកនាយករដ្ឋមន្ត្រី​បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅ​កាន់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​លើក​សំណួរ​ទៅកាន់​តំណាង​រដ្ឋាភិបាល​បែប​ចាក់​ប្រធាន​បទ​ទាក់​ទង​សារៈ​ប្រយោជន៍​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​បេឡារុស។

ការ​លើកឡើង​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង លោក លីម គីមយ៉ា​ ជាអ្វី​ដែល​លោក ហ៊ុន សែន ចាត់​ទុក​ថា​ជា​ការ«ផ្ដើម​សេដ្ឋកិច្ច​បិទ​បញ្ចប់​ដោយ​នយោបាយ»​ការណ៍នេះ​បាន​ជម្រុញ​ឲ្យ​លោកនាយករដ្ឋមន្ត្រី​សុំ​សិទ្ធ​ពី​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ងើប​ឡើង​ចង្អុល​មុខ​ក្រុម​តំណាង​រាស្ត្រ​សង្គ្រោះជាតិ​ដោយ​ប្រកាស​លេង​ល្បែង​នយោបាយ​គ្រប់​រសជាតិ​ជាមួយ​ប្រមុខ​បក្ស​ប្រឆាំង លោក សម រង្ស៊ីដែល​មាន​ទាំង ក្ដៅ ត្រជាក់​ ផ្អែម ល្វីង ជូចត់ ។ បើតាម​លោក​នាយករដ្ឋមន្ត្រីល្បែង​នយោបាយ​គ្រប់​រស់ជាតិនេះ​លោក​បាន​ប្រាប់​ទៅ​លោក សម រង្ស៊ី​ រួចហើយ។

នៅ​ក្នុង​បទ​អន្តរាគន៍​ជិត​២០នាទី​លោកនាយករដ្ឋមន្ត្រី​ក៏​ថ្លែង​ការពារ​ខ្លួន​ថា​ការ​ឡើង​បក​ស្រាយ​​របស់​លោក​មិនមែន​ក្នុង​បំណង​គំរាម​បុគ្គល​ណា​ម្នាក់​នោះទេ ។ ក្រៅ​ពី​លោក លីម គីមយ៉ា តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ​២រូប​ទៀត​គឺ លោក សុន ឆ័យ និង លោក យ៉ែម ប៉ុញ្ញាឬទ្ធក៏​ទទួល​រង​ការ​បំបាក់​មុខ​ពី​លោក​នាយករដ្ឋមន្ត្រី ផងដែរ។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នកកាសែត​ក្រោយ​កិច្ច​ប្រជុំ​សភា​បញ្ចប់ លោក កឹម សុខា ចាត់​ទុក​ពាក្យ​ពេជន៍​លោក ហ៊ុន សែន ថា​ជា​រឿង​ដដែល។ ជារឿង​ដដែល​ដែល​លោក​អនុប្រធាន​គណ​បក្សសង្គ្រោះជាតិ​រូប​នេះ​ចំអក​ទៅលោក ហ៊ុន សែន ថា​កំពុង​ភ័យ​ខ្លាច​ចាញ់​ឆ្នោត​នៅ​អាណត្តិ​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ