អានតួអត្ថបទ
កម្ពុជា

​ផ្លូវ​ជាតិ​លេខ​៣​និង​លេខ​៤៨​នឹង​កាន់​តែ​មាន«​សុវត្ថិ​ភាព»​សម្រាប់​អ្នក​បើក​បរ

គម្រោង​បំពាក់​បរិក្ខារ​សុវត្ថិ​ភាព​ចរាចរណ៍​សម្រាប់​កំណាត់​ផ្លូវ​ជាតិ​លេខ៣​ពី​កំពត​ដល់​វាលរេញ និង​ផ្លូ​វ​ជាតិ​លេខ​៤៨​ពី​ច​ម្ការ​ហ្លួង​ដល់​ទី​រួម​ខេត្ត​កោះ​កុង​ បាន​ចាប់​ផ្តើម​ហើយ​។ ​នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​កម្ពុជា​ (AKP)​ ដែល​រាយ​ការណ៍​ថា ​ទីភ្នាក់ងារ​​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​កូរ៉េ ​(KOICA)​ បាន​ប្រគល់​សម្ភារៈ​បរិក្ខារ​ទាំង​នោះ​ឱ្យ​ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន​កម្ពុជា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ខេត្ត​​កំពត​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ជំនួយ​តម្លៃ​៣,២​លាន​ដុល្លារ​។ ​

map
ផ្សាយពាណិជ្ជកម្ម

កំណាត់​ផ្លូវ ជាតិ​លេខ ៣​ពី ​កំពត​ដល់​វាល​រេញ​ចម្ងាយ​៥៣​គីឡូ​ម៉ែត្រ ​និង​ផ្លូវ​ជាតិ​លេខ​៤៨ពី​ចម្ការ​ហ្លួង​ដល់​ទី​រួម​ខេត្ត​កោះ​កុង​ ចម្ងាយ​១៥៨​គីឡូ​ម៉ែត្រ ​ត្រូវ​បំពាក់​ដោយ​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍ ​ដែល​ជា​ជំនួយ​តម្លៃ៣,២​លាន​ដុល្លារ​របស់​ទី​ភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​កូរ៉េ ​(KOICA)។ ​ទីភ្នាក់​ងារ​សារព័ត៌​មាន​កម្ពុជា ​(AKP)​ បាន​ឱ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ​គម្រោង​នេះ​បាន​ចាប់​ផ្តើម​ហើយ​ បន្ទាប់​ពី​ពិ​ធី​ប្រគល់​និង​ទទួល​សម្ភារៈ​បរិក្ខារ​ទាំង​នោះ ​បាន​រៀបចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ខេត្ត​កំពត​។

 
បើ​តាម​ AKP​ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​កម្ពុជា​បាន​អះ​អាង​ថា ​សមិទ្ធិផល​ជា​សម្ភារៈ​បរិក្ខារ​ដែល​ត្រូវ​ប្រើ​សម្រាប់​បំពាក់​និង​កែ​សម្រួល​ផ្នែក​ខ្លះ​នៃ​កំណាត់​ផ្លូវ​ទាំង​ពីរ​នោះ«​មិន​ត្រឹម​តែ​ជួយ​ការ​ពារ​អាយុ​ជីវិត​ប្រជា​ពល​រដ្ឋ​កម្ពុជា​ឱ្យ​រួច​ផុតពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​សមិទ្ធផល​ទាំង​នេះ​ក៏​ជួយ​ដល់​ការជំរុញ​កំណើន​សេដ្ឋ​កិច្ច ​និង​សង្គម​កម្ពុជា ​និង​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល»​។

លោក​ ត្រាំ​ អ៊ីវតឹក​ បាន​ឱ្យ​ដឹង​តាម​រយៈ​ AKP ថា ​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ ​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​អាស៊ាន​លេខ​១២៣​ ដែល​​ភ្ជាប់​ពី​ព្រំដែន​កម្ពុជា​ថៃ​នៅ​កោះកុង ​មក​កំណាត់​ផ្លូវ​ជាតិ​លេខ៣ ​កាត់​តាម​ផ្លូវជាតិ​លេខ៣៣​ ហើយ​ភ្ជាប់​ព្រំ​ដែន​កម្ពុជា​វៀត​ណាម​នៅ​ម្ដុំ​លក​ខេត្ត​កំពត។ ​លោក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា ​ការ​ដឹក​ជញ្ជូន​តាម​បណ្តាញ​ផ្លូវ​ជាតិ​លេខ​៣​និង​លេខ​៤៨​នេះ ​ក៏​អាច​ជួយ​សម្រួល​ដល់​សក​ម្ម​ភាព​ដឹក​ជញ្ជូន​ទៅ​កាន់​កំពង់​ផែ​អន្តរ​ជាតិ​នានា​ក្នុង​តំបន់​ តាម​រយៈ​កំពង់​ផែ​ព្រះ​សីហនុ​ផង​ដែរ។

គម្រោង​បំពាក់​សម្ភារៈ​បរិក្ខារ​និង​កែ​លម្អ​ស្ថាន​ភាព​ផ្លូវ ​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​នេះ​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​ដល់​ការ​ខិត​ខំ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍ ​ក្នុង​ការ​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់​ និង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​ជា​គោល​នយោបាយ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​អង្គការ​សហ​ ប្រជា​ជាតិ​ផង​ដែរ​។ ​នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារសារ​ព័ត៌មាន​កម្ពុជា ​តាម​សម្ដី​របស់​លោក​រដ្ឋ​មន្ត្រី ​ត្រាំ ​អ៊ីវតឹក។

ទន្ទឹម​នឹង​នេះ​ដែរ​ បើ​តាម​ AKP​ អ្នក​ស្រី ​ប៊ែ​ក ស៊ុ​ក​ហី​ ប្រធាន​ការិយា​ល័យ​ទីភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​សាធារ​ណរដ្ឋ​កូរ៉េ​ (KOICA)​ ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែង​ដែរ​ថា​ ដើម្បីឱ្យ​គម្រោង​នេះ​សម្រេច​បាន​ជោគ​ជ័យ​ ហើយ​ការ​សហការ​រវាង​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ជោគ​ជ័យ ​អ្នកស្រី​សង្ឃឹម​ថា ​អ្នក​ទាំង​អស់គ្នា​ដែល​ពាក់​ព័ន្ធ​ក្នុង​គម្រោង​បំពាក់​បរិក្ខារ​សុវត្ថិ​ភាព​ចរាចរណ៍​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៣និង​លេខ​ជាតិ​៤៨នេះ ​«នឹង​ស្គាល់​ពី​តួ​នាទី​រៀងៗ​ខ្លួន​ជា​មិន​ខាន​»៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ