អានតួអត្ថបទ
កម្ពុជា

ក្រសួង​ម​ហា​ផ្ទៃ​៖​ពិតជា​មាន​មន្ត្រី​ធ្វើ​លិខិត​ឆ្លងដែន​លួច​លេង​ទូរស័ព្ទ​មែន​ពេល​កំពុង​ធ្វើការ​

បន្ទាប់​ពី​មាន​សន្ទុះ​រិះគន់​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទៅលើ​មន្ត្រី​ធ្វើ​លិខិត​ឆ្លងដែន​មួយចំនួន​ដែល​បាន​លួច​លេង​ទូរស័ព្ទ​នៅក្នុង​អំឡុង​ពេល​ធ្វើការ​នោះ ​នៅព្រឹក​នេះ​ក្រសួង​មហាផ្ទៃ​តាម​រយៈ​អ្នកនាំពាក្យ​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ដោយ​ទទួល​ស្គាល់​ថា ​ពិត​ជា​មាន​ករណី​បែប​នោះ​មែន ​គឺ​​ជា​ភាព​អសកម្ម​របស់​មន្ត្រី​ខ្លះ​ប៉ុណ្ណោះ ​មិនមែន​មន្ត្រី​ទាំង​អស់​នោះ​ទេ​។​

មន្ត្រ្តី​ធ្វើលិខិ​ត​ឆ្លងដែន​កំពុង​អង្គុយលេង​ទូរស័ព្ទ​ ពេល​ពលរដ្ឋ​ជាច្រើន​នាក់​កំពុង​ឈរ​តម្រង់​ជួរគ្នា​ធ្វើ​លិខិត​ឆ្លងដែន​
មន្ត្រ្តី​ធ្វើលិខិ​ត​ឆ្លងដែន​កំពុង​អង្គុយលេង​ទូរស័ព្ទ​ ពេល​ពលរដ្ឋ​ជាច្រើន​នាក់​កំពុង​ឈរ​តម្រង់​ជួរគ្នា​ធ្វើ​លិខិត​ឆ្លងដែន​ @Driver Khmer Facebook
ផ្សាយពាណិជ្ជកម្ម

លោកខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​ចាត់ទុក​ថា ​ភាព​អសកម្ម​របស់​មន្ត្រី​ធ្វើ​លិខិត​ឆ្លងដែន​ទាំងនោះ ​គឺ​ជា​ការ​ឆក​ល្វែង​​បន្តិច​បន្តួច​នៅក្នុង​ម៉ោង​រដ្ឋបាល​តែ​ប៉ុណ្ណោះ។​ អ្នកនាំពាក្យ​រូបនេះ ​បាន​លើកឡើង​ថា ​ការ​ឆកល្វែង​បែប​នេះ​ គឺជា​រឿង​ធម្មតា​ដែល​តែងតែ​កើត​មាន​នៅ​កន្លែង​ធ្វើការ​ដែល​គ្មាន​បុគ្គលិក​ណាម្នាក់​អាច​បំពេញ​ការងារ​បាន​គ្រប់​៨ម៉ោង​លើ​៨ម៉ោង​ទាំងអស់​នោះ​ទេ​។ ​ទោះជា​បែបនេះក្តី ​លោកខៀវ សុភ័គ ​បាន​គូសបញ្ជាក់​ថា ​នាយកដ្ឋាន​ស្ថិតិ ​និង​លិខិត​ឆ្លងដែន ​បាន​ណែនាំ​ពួកគេ​ទាំងនោះ​រួចរាល់​ហើយ​។
 

ការ​ចេញ​មុខ​ទទួល​ស្គាល់​ការពិត​និង​ណែនាំ​ដល់​មន្ត្រី​ធ្វើ​លិខិត​ឆ្លងដែន​ពី​សំណាក់​ក្រសួងម​ហា​ផ្ទៃ​នៅពេលនេះ​ បាន​កើតឡើង​បន្ទាប់ពី​មាន​ការ​លេចធ្លាយ​រូបភាព​ និង​វីឌីអូ​អំពី​សកម្មភាព​របស់​មន្ត្រី​ធ្វើ​លិខិត​ឆ្លងដែន​មួយចំនួន​កំពុង​អង្គុយ​លេង​ទូរស័ព្ទ​ធ្វើ​ព្រងើយ ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​កំពុង​ឈ​រតម្រង់​ជួរ​គ្នា​យ៉ាង​កកកុញ​ ដើម្បី​​បំពេញ​បែបបទ​ធ្វើ​លិខិត​ឆ្លងដែន​។ ​រូបភាព ​និង​វីឌីអូ​ទាំង​នេះ ​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​គ្នា​យ៉ាង​ព្រោង​ព្រាត​នៅលើ​បណ្តាញ​សង្គមហ្វេសប៊ុក​។

គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា​ Driver​ khmer​ ដែល​បាន​បង្ហោះ​រូបភាព និង​វីឌីអូ​ទាំងនេះ​កាលពី​ថ្ងៃសុក្រ​ បាន​លើក​យក​មតិ​រិះគន់​របស់​អ្នកលេង​ហ្វេសប៊ុក​មួយចំនួន​មក​ចុះ​ផ្សាយ​បន្ត​។ ​អ្នក​លេងហ្វេសប៊ុក​ខ្លះ​រិះគន់​ថា ​មន្ត្រី​ធ្វើ​លិខិត​ឆ្លងដែន​មួយចំនួន​អត់​សកម្ម​នឹង​ការងារ​ទេ ​ម្នាក់ៗ​ធ្វើការ​តាម​អារម្មណ៍​ផ្ទាល់ខ្លួន​។ រីឯ​អ្ន​ក​ខ្លះទៀត​ រិះគន់​ថា​ពួកគេ​ទាំង​នោះ ​ភាគច្រើន​និយាយ​ចេញ​មក​ដូចគ្មាន​ការ​រៀនសូត្រ​ពោល ​គឺ​គ្មាន​អ្នកណា​សម្តីល្អ​ទេ ​គឺ​ប្រើប្រាស់​តែ​សម្តី​អាក្រក់​ៗ។​
 

ចំពោះ​ការរិះគន់​ទាំងនេះ ​លោក​សន ជ័យ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​ បាន​កត់​សម្គាល់​ឃើញ​ថា ​ទង្វើ​មន្ត្រី​ធ្វើ​លិខិត​ឆ្លងដែន​មួយចំនួន​នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​។​ កន្លងមក​មន្ត្រី​ទាំងអស់​នេះ​ហាក់​ដូចជា​មិន​សូវ​រវីរវល់​នឹង​ប្រជាពលរដ្ឋ​ដែល​មក​តម្រង់​ជួរ​គ្នា​ធ្វើលិខិត​ឆ្លងដែន​ឡើយ។​ លោកសន ជ័យ ​បាន​លើកឡើង​ថា ​នាយកដ្ឋាន​ស្ថិតិ ​និង​លិខិត​ឆ្លងដែន​គួរតែ​ត្រួតពិនិត្យ​មើល​ឥរិយាបថមន្ត្រី​របស់ខ្លួន​ឲ្យ​ញឹកញាប់ ​ដើម្បី​ជៀសវាង​ការ​កើតមាន​ភាព​​អសកម្ម​ដាក់​ប្រជាពលរដ្ឋ​តទៅ​ទៀត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ