អានតួអត្ថបទ
កម្ពុជា

សង្គមស៊ីវិល​និង​រដ្ឋាភិបាល រៀបចំ​ពិធី​ពិភាក្សា​និង​អប់រំ​បរិស្ថាន​ផ្សេង​គ្នា តែ​មាន​ចំណុច​វិជ្ជមាន​ច្រើន​ដូច​គ្នា!

នៅ​ថ្ងៃ​អាទិត្យ​ទី​៥​ខែ​មិថុនា​នេះ ជា​ទិវា​បរិស្ថាន​ពិភព​លោក​។​ នៅ​កម្ពុជា ​​ប្រជា​សហគមន៍​ព្រៃ​ឈើនិង​បណ្តាញ ​ទន្លេ​អង្គការ ​សង្គម​ស៊ីវិលបាន​រៀប​ចំ​កម្មវិធី​ជជែក​ពិភាក្សា ​ដើម្បី​ផ្តល់​​ឲ្យ​បណ្តាញ​​សហគមន៍ ​លើក​ឡើង​ពី​បញ្ហា​បរិស្ថាន​​ដែល​ពួក​គេ​ជួប​ប្រទះ​ប្រចាំ​ថ្ងៃ​​។ ចំណែក​ក្រសួងអប់រំ និង​ក្រសួងបរិស្ថានវិញ ក៏​រៀប​ចំទិវា​បរិស្ថានជាតិ​និង​បរិស្ថាន​ពិភព​លោក រួម​គ្នា​តែ​ម្តង នៅ​វិទ្យាល័យ​​​ឥន្ទ្រទេវី​ ក្នុង​ខណ្ឌ​ទួល​គោក​។ ជា​ការ​កត់​សម្គាល់ក្នុង​វេទិកា​ផ្សេង​គ្នា​ទាំង​ពីរនេះមាន​ការ​​បញ្ជ្រាប​ព័ត៌មាន​ ចំណេះ​ដឹង​បរិស្ថាន និង​ការ​សួរ​ដេញ​ដោល​​​គ្នាជា​​ច្រើនប្រកប​ដោយ​បរិយាកាសវិជ្ជមាន​ជាង​លើកមុនៗ​។

លោក អ៊ូច ឡេង កំពុង​ឆ្លើយ​សំណួរ​
លោក អ៊ូច ឡេង កំពុង​ឆ្លើយ​សំណួរ​ RFI@HENG Oudom
ផ្សាយពាណិជ្ជកម្ម

នៅសាលា​ឯក​ជន​មួយក្នុង​ក្រុង​ភ្នំពេញ​វេទិកា​របស់​សង្គម​ស៊ីវិល​ដែល​មានសមាភាព​ភាគ​ច្រើន​ជា​និស្សិត​និង​ពលរដ្ឋ​មក​ពី​បណ្តាញ​សហគមន៍ ប្រមាណ​ជាង​៣០០​រយនាក់​ បាន​​លើកឡើង​ពី​ស្ថានភាព​បរិ​ស្ថាន​ និង​ព្រៃ​ឈើ​​ក្នុង​សហគមន៍របស់​ពួក​គេ។ អ្នក​មក​ពី​បណ្តាញ​ព្រៃ​ឡង់ បាន​បញ្ចេញ​យោបល់​ថា ពួក​អ្នក​មាន​លុយ​មាន​អំណាច​ ឬ​ជា​ឈ្មួញ​ឈើ បាន​ប្តូរ​វិធីសាស្ត្រ​បំផ្លាញ​ព្រៃ​ឈើ ពី​ការ​លួច​កាប់​ឈើ​ឆៅៗ​នៅ​​ពេល​ថ្ងៃប្តូរ​មក​កាប់ឈើ​​នៅ​ពេល​យប់​វិញ​។ ម្យ៉ាង​ទៀត ក្រុម​ឈ្មួញ​ខ្លះ មិន​ឲ្យ​បុគ្គលិក ​ឬ​គូកន​ទៅ​កាប់​ឈើ​ដោយ​ផ្ទាល់ទេ តែ​ពួក​គេ​ទិញឈើ​​បន្ត​ពី​ប្រជា​ពលរដ្ឋ​ទៅវិញ។

  
ចំណែក​អ្នក​មក​ពី​បណ្តាញ​​ព្រៃ​ឡង់ដែល​ចូលរួម​ក្នុង​ពិធី​នេះវិញ​ ​សមាជិក​សហគមន៍​ខ្លះ​ បាន​សាទរ​ចំពោះ​វិធាន​ការ​​របស់​ក្រសួង​បរិស្ថាន​និង​រដ្ឋាភិបាល​ដែល​ទទួល​ស្គាល់​ថា​បណ្តាញ​សហគមន៍​ការ​ពារ​ព្រៃ​ថា​ជា​ដៃ​គូសហការ​​។ តែ​យ៉ាងណា​ក៏ដោយ ពួក​គេ​អះអាងថា ក្រុមរបស់​​ខ្លួន​នៅ​មិន​ទាន់​មាន​សិទ្ធិ​អំណាច​ច្រើន​នៅឡើយទេ ក្នុង​ការ​ចុះ​ធ្វើ​សកម្មភាព​​បង្ក្រាប​ការ​កាប់​បំផ្លាញ​​ព្រៃ​ឈើ។​

ជាការ​កត់​សម្គាល់​ នៅក្នុង​វេទិកា​របស់​សង្គម​ស៊ីវិល​លើក​​នេះ ក៏​មាន​អ្នក​តំណាង​ពីក្រសួង​បរិស្ថាន​ទៅ​​ចូលរួម​ស្តាប់និង​ធ្វើ​ជា​វាគ្មិន​ឆ្លើយ​ឆ្លង​ក្នុង​កម្មវិធីនេះ ដែល​ជា​ឱកាស​ដ៏​កម្រ​។ ក្នុង​ការ​ជជែក​ពិភាក្សា​ មាន​សំណួរ​ចម្រូង​ចម្រាស់ជា​ច្រើន​ និងក៏​មាន​​ការ​រិះ​គន់​លើ​ចំណុច​រស៊ើប​មួយ​ចំនួន​ ដែល​ជា​កង្វះ​ខាត​របស់​អាជ្ញាធរ​។​ ការ​សួរ​ឆ្លើយ​ ក៏​មាន​រាល​ដាលរហូត​ដល់​មាន​ការ​សួរ​ដល់​ការ​ចាយ​វាយ​លុយការ​ពាន​រង្វាន់​របស់​លោក​ អ៊ូច ឡេង។ លោក​ អ៊ូច​ ឡេង ​ដែល​ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​ Goldman និង​បាន​ទឹក​ប្រាក់​​១៧៥០០០ដុល្លារ​អាមេរិក​។ ជន​ឆ្នើម​ខាង​បរិស្ថាន​នេះ ក៏តប​ទៅវិញ ថា កុំ​ព្រួយ​បារម្ភ គាត់​នឹង​យក​លុយ​នោះ សម្រាប់​កិច្ច​ការ​បរិស្ថាន​ និងការ​ពារ​ធនធាន​ធម្មជាតិ​ឲ្យ​មាន​តម្លាភាព។​
 

រីឯ​ក្រសួង​បរិស្ថាន​ នៅ​ឆ្នាំ​នេះ បាន​រួមសហ​ការ​ជា​លើក​ដំបូង​ជាមួយ​នឹង​ក្រសួង​អប់រំ​យុវជន​និងកីឡារៀបចំ​​ទិវា​បរិស្ថានក្រោម​ប្រធានបទ​ ចូលរួម​ទាំងអស់គ្នាដើម្បី​ពិភព​លោក​ស្រស់​ស្អាត​​។ ពិធី​របស់​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ ​មាន​គោល​បំណងបញ្ជ្រាប​ការ​យល់​ដឹង​អំពី​បរិស្ថានសំដៅ​លើកកម្ពស់គុណភាព​បរិស្ថានក៏ដូចជាផ្នត់​គំនិត​ការ​អភិរក្ស​ជីវៈចម្រុះនិង​ការ​រស់​នៅ​ប្រកប​ដោយ​ចីរភាព​។ ក្នុង​ឱកាស​នេះ ក៏​​មាន​ការ​សួរ​​សំណួរ​ពាក់​ព័ន្ធ​នឹង​ចំណេះ​ពី​បរិស្ថាន​ពី​សំណាក់​សិស្ស​និស្សិត ​ដើម្បី​បាន​​រង្វាន់​ថែម​ទៀត​ផង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ